CAMBO REPORT

Popup Advertising5 seconds

Razer បាន​ចុះ​ប៉ាតង់​ថ្មីមួយ ជា​ថេប្លេត​ប្រភេទ Gaming ជំនាន់​ក្រោយ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Razer ដែលផ្ដោតទៅលើគ្រឿង Hardware នៃពិភពវីដេអូហ្គេម ហើយទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញទូទាំងសកលលោក ទៅលើទាំងផ្នែកកុំព្យូទ័រ, ថេប្លេត, ស្មាតហ្វូន និងឧបករណ៍ផ្សេងៗជាច្រើនទៀត។ រហូតមកដល់ពេលថ្មីៗ កន្លងផុតទៅនេះ យើងក៏បានប្រទះឃើញថា Razer បានធ្វើការចុះបញ្ជីប៉ាតង់ថ្មីមួយ ដែលដាក់បង្ហាញអំពី រូបរាងខាងក្រៅ និងការឌីហ្សាញផ្ទៃខាងមុខ ព្រមទាំងចំហៀងខាងលើ នៃផលិតផលថ្មីរបស់ខ្លួន ដោយមានគេរំពឹងទុកថា ជាលក្ខណៈថេប្លេតប្រភេទ Gaming ដើម្បីមកប្រកួតប្រជែងជាមួយ Nintendo Switch ជាក់ជាមិនខានឡើយ។

 

 

ក្រុមហ៊ុនមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរីនេះ បានដាក់ពាក្យស្នើសុំប៉ាតង់មួយ ក្រោមឈ្មោះបញ្ជាក់ថា "ដៃបញ្ជាហ្គេម សម្រាប់ឧបករណ៍ចល័ត និងវិធីសាស្រ្តនៃការដំណើរការ ឧបករណ៍បញ្ជាហ្គេម" ដែលធ្វើឡើងនៅថ្ងៃទី 5 ខែមីនាឆ្នាំ 2019 មុននេះ។ ចំណែកឯប៉ាតង់ដដែលនេះ ត្រូវបានចុះសាជាថ្មីម្ដងទៀត សម្រាប់រដ្ឋាភិបាល សហរដ្ឋអាមេរិក នៅឯការិយាល័យ កម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Office)  កាលពីថ្ងៃទី 1 ខែសីហាឆ្នាំ 2019 ដោយបញ្ជាក់ប្រាប់ថា ជាលក្ខណៈម៉ាស៊ីនហ្គេម បែបតួខ្លួនដូចជាថេប្លេត ផងដែរ។ 

 

 

បើយោងទៅតាម រូបភាពរបស់ប៉ាតង់ ដែលបង្កើតឡើយដោយ “Let’s Go Digital” បានដាក់បង្ហាញឲ្យឃើញថា ក្រៅពីមានអេក្រង់ទំហំធំ លាតពេញនៅចំកណ្ដាល ហើយយើងក៏ប្រទះឃើញមាន ដៃបញ្ជាហ្គេម ដែលអាចដោះចេញបាន ទាំងចំហៀងសងខាង ស្រដៀងគ្នាទៅនឹង Nintendo Switch អញ្ចឹង។ ខណៈពេលដែល ក៏មានភាពខុសគ្នា បន្ដិចបន្ដួចដែរ ក្នុងការរៀបចំទីតាំងរបស់ ប៊ូតុងបញ្ជាទាំងអស់នោះ ដោយមានរួមបញ្ចូលទាំង ប៊ូតុងគ្រាប់ចុចបួន នៅលើដៃបញ្ជានីមួយៗ ជាមួយនឹងប៊ូតុងបង្វាល់ Analogue Stick និងប៉ូតុងនៅខាងលើស្មា ទាំងសងខាងថែមទៀត។

 

 

លើសពីនេះទៅទៀត ប៉ាតង់ចុះថ្មីមួយនេះ ក៏បានសរសេរបញ្ជាក់ថាជា “Razer Edge Gamepad Controllers” ដោយចង់សម្គាល់ឲ្យដឹងថា ជាជំនាន់ក្រោយបន្ទាប់ពី ថេប្លេតម៉ូឌែល Razer Edge Pro ចេញលក់កាលពីឆ្នាំ 2013 ដែលដំណើរការដោយ Windows នឹងជាប្រភេទលក្ខណៈ Gaming ដូចគ្នាផងដែរ។ ចំពោះប្រភពមួយចំនួន បានរំពឹងទុកថា Razer នឹងអាចប្រកាសចេញ ថេប្លេតនៅលើប៉ាតង់ថ្មីនេះ ជាផ្លូវការនៅឯព្រឹត្តិការណ៍ CES 2020 ក្នុងខែមករាឆ្នាំក្រោយនេះ ប៉ុន្ដែមិនទាន់ប្រាកដច្បាស់ថា 100% នៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Nintendo Life Tag: ថេប្លេត