CAMBO REPORT

Popup Advertising5 seconds

របាយការណ៍​ថ្មី​បង្ហាញ​ថា Huawei បាន​ប្ដូរ​មក​ប្រើ Linux លើ​កុំព្យូទ័រ​របស់​ខ្លួន​វិញ ជា​មួយ​នឹង​តម្លៃ​ទាប​ជាង​មុន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលដំបូងមក កុំព្យូទ័រយួរដៃ MateBook របស់ក្រុមហ៊ុនយក្សចិន Huawei (សូមកុំច្រឡំជាមួយ MacBook របស់ Apple) បានចេញជាផ្លូវការនៅឆ្នាំ 2018 ហើយបន្ទាប់មកដល់ឆ្នាំនេះ ក៏បានដំឡើងគ្រឿងផ្នែករឹង ឲ្យកាន់តែខ្លាំងខ្លាជាងមុន និងមានប្រជាប្រិយភាពខ្ពស់ ជុំវិញទីផ្សារពិភពលោក ផងដែរ។ ទោះបីជាយ៉ាងណាក្ដី ពេលនោះកុំព្យូទ័រយួរដៃ MateBook គឺកំពុងតែដំណើរការដោយ Windows 10 នៅឡើយនោះទេ ពីព្រោះមានប្រភពមួយ បានរាយការណ៍មកថា Huawei បានចាប់ផ្ដើមតម្លើង Linux លើកុំព្យូទ័ររបស់ខ្លួនវិញ និងដាក់លក់នៅទីផ្សារចិន ក្នុងតម្លៃទាបជាងមុន ថែមទៀតផង។

 

 

បើយោងទៅតាម ប្រភពផ្សព្វផ្សាយចេញមកពី កម្មវិធីបណ្ដាញសង្គម Reddit តាមរយៈគណនីមួយមានឈ្មោះ “u/xi_save_earth” បានប្រទះឃើញថា សម្រាប់កុំព្យូទ័រយួរដៃ ជម្រើសម៉ូឌែលធម្មតា ដែលរួមមានដូចជា MateBook 14 (2019), MateBook X Pro (2019) និង MagicBook Pro Ryzen Edition គឺសុទ្ធតែត្រូវបានប្ដូរមកប្រើ Linux វិញទាំងអស់តែម្ដង ប៉ុន្ដែសម្រាប់ជម្រើសម៉ូឌែល លំដាប់កំពូលៗដទៃទៀត ជាមួយនឹងកម្លាំងម៉ាស៊ីន ច្រើនជាងម៉ូឌែលធម្មតា គឺនៅបន្ដប្រើប្រាស់ Windows បានដដែល។ ប្រភពដដែលបញ្ជាក់ប្រាប់ថា ចំពោះជម្រើសម៉ូឌែល ដែលប្រើប្រាស់ប្រព័ន្ធ Linux គឺត្រូវបានទម្លាក់តម្លៃចំនួន 42 ដុល្លារទាបជាង កាលពីប្រើប្រាស់ប្រព័ន្ធ Windows ផងដែរ។ 

 

សម្រាប់ម៉ូឌែលទាំងពីរនេះ គឺគ្មានអ្វីខុសគ្នានោះឡើយ បើប្រៀបធៀបទៅលើផ្នែក Hardware ប៉ុន្ដែរូបសញ្ញាតំណាងឲ្យប៊ូតុង Windows Key ត្រូវបានជំនួសឲ្យរូបប៊ូតុង “Start” ដូចជាឧបករណ៍ប្រើប្រាស់ Linux ដទៃទៀតអញ្ចឹង។ ចំណែកឯអ្វីដែលគួរឲ្យ ចាប់អារម្មណ៍វិញនោះគឺថា Huawei មិនបានធ្វើការជ្រើសរើស ប្រព័ន្ធចែកចាយ Linux Distro ដែលមានភាពល្បីល្បាញដូចជា Ubuntu ឬ Mint នោះទេ ប៉ុន្ដែបែរជាទៅជ្រើសរើសយក ប្រព័ន្ធចែកចាយមួយ មានឈ្មោះហៅថា “Deepin” ហើយវាត្រូវបានអភិវឌ្ឍន៍ដោយ Wuhan Deepin Technologies ជាក្រុមហ៊ុនចិនតែម្ដង។

 

 

នាពេលបច្ចុប្បន្ននេះ មិនទាន់មានប្រភពណាមួយ បានដឹងនៅឡើយទេថា Huawei នឹងមានគម្រោងដាក់លក់ កុំព្យូទ័រយួរដៃម៉ាក MateBook របស់ខ្លួនជាមួយប្រព័ន្ធ Linux ទៅកាន់ទីផ្សារអន្ដរជាតិ ក្រៅពីទីផ្សារប្រទេសចិន ក៏ប៉ុន្ដែប្រសិនបើអាច ដាក់លក់ពិតមែន ដូច្នេះហើយត្រូវស្វែងរកមើល Distro ពីក្រុមអ្នកអភិវឌ្ឍន៍ប្រព័ន្ធ Linux មានភាពល្បីល្បាញផ្សេងវិញ ដែលប្រសើរជាងរបស់ ក្រុមអ្នកអភិវឌ្ឍន៍មកពី ប្រទេសចិន ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កុំព្យូទ័រ