CAMBO REPORT

Popup Advertising5 seconds

Apple សុខ​ចិត្ត​បន្ថែម​កម្រាស់​តួ​ខ្លួន iPhone 11 Series ដើម្បី​ឲ្យ​​ថ្ម​កាន់​បាន​យូរ​ម៉ោង​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ Apple Special Event ដែលប្រព្រឹត្តឡើង នៅវេលាម៉ោង 12 រំលងអាធ្រាត (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ឈានចូលថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2019 ម្សិលមិញនេះ ក្រុមហ៊ុនផ្លែប៉ោមឆែប បានប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល ស៊េរីថ្មីៗរបស់ខ្លួន ដែលរួមមានដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ផងដែរ។ ក្រៅពីមានសមត្ថភាពខ្លាំងជាង ម៉ូឌែលចេញកាលពីឆ្នាំមុន iPhone 11 Series ស៊េរីថ្មីៗទាំងអស់នេះ ក៏ព្រមទាំងមាន ទំហំតួខ្លួនធំជាងមុន, ទម្ងន់ធ្ងន់ជាងមុន និងកម្រាស់ក្រាស់ជាងមុន ថែមទៀតផង។ ហេតុដូច្នេះហើយ ការសម្រេចចិត្តធ្វើឲ្យ iPhone ជំនាន់ក្រោយៗទាំងនេះ មានតួខ្លួនក្រាស់ជាងមុន គឺដើម្បីឲ្យផ្ទុកថាមពលថ្ម បានច្រើនជាងស៊េរីមុនៗតែម្ដង។

 

 

ខណៈពេលកំពុងធ្វើបទបង្ហាញ Apple បានអះអាងមកថា iPhone 11 អាចកាន់ថ្មបានយូរជាង iPhone XR រយៈពេលមួយម៉ោង ហើយសម្រាប់ម៉ូឌែល iPhone 11 Pro នឹងអាចកាន់ថ្មបានយូរជាង iPhone XS ដល់ទៅ 4 ម៉ោង ដោយឡែកម៉ូឌែល iPhone 11 Pro Max អាចកាន់ថ្មបានយូរជាង iPhone XS Max រហូតដល់ទៅ 5 ម៉ោងឯណោះ។ បើគិតទៅគឺអស់រយៈពេល ជាយូរឆ្នាំណាស់មកហើយ ដែលអ្នកប្រើប្រាស់ភាគច្រើន ទូទាំងពិភពលោក ឆ្ងល់ថាហេតុអ្វីបានថា ក្រុមហ៊ុនផលិតស្មាតហ្វូន មិនព្រមបន្ថែមកម្រាស់តួខ្លួន ដើម្បីឲ្យសល់កន្លែងសម្រាប់ បំពាក់ទំហំថ្មឲ្យកាន់តែច្រើន ប៉ុន្ដែបែរជាព្យាយាមធ្វើឲ្យ ស្មាតហ្វូនស៊េរីថ្មីៗមានកម្រាស់ កាន់តែស្ដើងទៅវិញ។

 

ជាទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្ដើមស្ដាប់មតិរបស់ អ្នកគាំទ្ររបស់ខ្លួនហើយ ជាមួយនឹងម៉ូឌែល iPhone 11 Series ចេញនៅឆ្នាំនេះ។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ដឹងថា iPhone 11 Series មានទំហំថ្មប៉ុន្មាន នៅឡើយនោះទេ ពីព្រោះ Apple មិនបានបញ្ជាក់ប្រាប់ ដូចជារៀងរាល់ឆ្នាំអញ្ចឹង លុះត្រាតែមាននរណាម្នាក់ ដោះម៉ាស៊ីនចេញក្រៅ ដើម្បីត្រួតពិនិត្យមើល បានអាចដឹងច្បាស់ផងដែរ។ ក្រៅពីត្រូវបានគេរំពឹងទុកថា ថាមពលថ្មធំជាងជំនាន់មុន គឺជាមូលហេតុធ្វើឲ្យ iPhone 11 Series កាន់ថ្មបានយូរជាងមុន ដោយឡែកផ្នែកតម្លើង Software ទៅកាន់ជំនាន់ថ្មី និងប្រើប្រាស់បន្ទះឈីប A13 ជំនាន់ចុងក្រោយ ក៏រួមចំណែកជួយថាមពលថ្ម ថែមទៀតផង។

 

 

បើយោងទៅតាម ក្រុមសារព័ត៌មាន The Verge បានចុះផ្សាយឲ្យដឹងថា iPhone 11 Pro គឺមានកម្រាស់ក្រាស់ជាង iPhone XS ចំនួន 6.67% ខណៈពេលដែល មានទម្ងន់ធ្ងន់ជាងជិត 14 ក្រាមផងដែរ ដោយសន្មតបានថា Apple បន្ថែមថាមពល់ថ្មកាន់តែច្រើន នៅលើម៉ូឌែលថ្មីៗទាំងអស់នេះ។ ពិតប្រាកដណាស់ នេះគឺជាការសម្រេចចិត្ត ដ៏ល្អបំផុតសម្រាប់ Apple ពីព្រោះតែទម្ងន់ធ្ងន់ជាងមុន និងមានកម្រាស់ក្រាស់ជាងមុន គឺមានភាពងាយស្រួលឲ្យ អ្នកប្រើប្រាស់ភាគច្រើន ទទួលយកបានប៉ុណ្ណោះ ហើយផលប្រយោជន៍មកវិញគឺ ថាមពលថ្មកាន់បានយូរ ជាច្រើនម៉ោងផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ