CAMBO REPORT

Popup Advertising5 seconds

Apple​ watch​ ជំនាន់ទី​ 5​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​ ជា​មួយ​មុខ​ងារ​ Always-on​ Display​ ដែល​មាន​តម្លៃ​ចាប់​ពី​ 399​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ មានដំណឹងបែកធ្លាយជាច្រើន ដែលបាននិយាយពី នាឡិកាឆ្លាតវៃជំនាន់ថ្មី របស់ Apple និយាយឲ្យចំគឺ Apple Watch series 5 តែម្ដង។ មិនខុសទេ មុនពេលដែលបង្ហាញ វត្តមានរបស់ iPhone 11 ប៉ុន្មាននាទីមុននេះ Apple បានបង្ហាញនូវនាឡិកាជំនាន់ថ្មី ជាមុនសិន ដែលយើងឃើញថា រចនាបថរូបរាងរបស់វា មិនខុសពីជំនាន់មុនប៉ុន្មាននោះទេ ប៉ុន្តែលក្ខណៈសម្បត្តិវិញ វាត្រូវបានធ្វើឡើង ដោយកាន់តែមានភាព ប្រសើរជាងមុន ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ ខកបំណងនោះទេ។ កុំឲ្យខាតពេលយូរ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិលម្អិតរបស់វា ដែលបានបង្ហាញដោយ Apple មុននេះ។ 

 

 

មិនខុសទេ ចំពោះរចនាបថរូបរាង របស់ Apple watch series 5 នេះ ដូចបានប្រាប់ហើយថា វាមិនខុសពីជំនាន់មុនប៉ុន្មាននោះទេ តែអ្វីដែលខុសគ្នានោះ គឺលើកនេះ វាបានបំពាក់ជាមួយ ឈីបខ្លាំងជាងមុន S5 ដែលមានល្បឿនលឿនជាង S3 ដល់ទៅ 2 ដង ព្រមទាំងមានទំហំផ្ទុកដល់ 32GB ទៀតផង ខណៈពេលដែល ជំនាន់មុនមានត្រឹម 16GB ប៉ុណ្ណោះ។ នាឡិកានេះ បានបំពាក់ជាមួយអក្រង់ប្រភេទ Retina Display ដែលមានមុខងារ Always-on display ទៀតផង។ ពិតណាស់ មុខងារ Always-on display នៅលើ series 5 បានអនុញ្ញាតឲ្យនាឡិកានេះ បង្ហាញនូវម៉ោង ក៏ដូចជាពត៌មានផ្សេងទៀត ជាដំណឹងដល់អ្នកប្រើផងដែរ។ លើសពីនេះទៅទៀត នាឡិកានេះ ក៏បានភ្ជាប់មកជាមួយសេនស័រ ECG Scanner ដូចជំនាន់មុនដែរ ដែលវាត្រូវបាន ប្រើសម្រាប់ វាស់ស្ទង់សុខភាពរបស់យើង ដូចជាស្វែងយល់ពីអាការៈ និងតាមដានសុខភាព តាមរយៈនាឡិកា ហើយយើងក៏អាចយកវា ទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតបានទៀតផង។

 

 

មិនត្រឹមតែប៉ុណ្ណោះ វាក៏បានភ្ជាប់មកជាមួយមុខងារថ្មីជាច្រើន ដែលមានប្រយោជន៍សម្រាប់សុខភាព ក៏ដូចជាបំពាក់មកជាមួយ សេនស័រជាច្រើន ក្នុងនោះមានដូចជា សេនស័រវាស់ចង្វាក់បេះដូង, សម្ពាធឈាម, ជំហ៊ានដើរ និងសេនស័រផ្សេងៗមួយចំនួនទៀត ផងដែរ។ កាន់តែពិសេសទៀត លើកនេះសម្រាប់ម៉ូឌែល ដែលប្រើប្រាស់ស៊ីម វាអាចអនុញ្ញាតឲ្យអ្នកប្រើទាំងអស់ ធ្វើការហៅចេញបាន ដោយមិនបាច់ចាំមាន iPhone ទៀតនោះទេ។ ម្យ៉ាងវិញទៀត Apple ក៏បានធ្វើការ Upgrade បន្ថែមទៅលើកម្មវិធីមួយចំនួន ដូចជា Compass ព្រមទាំងមានចម្រៀងជាង 50 លានបទនៅក្នុង Apple Music និងចំណុចសំខាន់មួយទៀតនោះ Apple Watch ជំនាន់ទី 5 ក៏អាចធ្វើការទាញយក កម្មវិធីមួយចំនួនពី App Store បានផងដែរ។ 

 

 

ប្រាកដណាស់ បន្ទាប់ពីរៀបរាប់ នូវលក្ខណៈសម្បត្តិសំខាន់ៗរួចមក ឥឡូវគឺដល់ពេល ដែលយើងត្រូវដឹងពីតម្លៃ របស់វាវិញម្ដង ដោយយើងឃើញថា បានចែកចេញជា ច្រើនជម្រើសទៀតផង ដែលមានតម្លៃទាបបំផុតត្រឹម 399 ដុល្លារ ជាមួយតម្លៃជាច្រើនជម្រើសទៀត ប៉ុន្តែយើងសូមលើកយកតែ ម៉ូឌែលគោលមកនិយាយប៉ុណ្ណោះ។

• ចំពោះម៉ូឌែល ដែលមានតួខ្លួនជាអាលុយមីញ៉ូម មានតម្លៃ 399 ដុល្លារ សម្រាប់ម៉ូឌែល GPS ទំហំ 40mm និង 429 ដុល្លារ សម្រាប់ទំហំ 44mm។ ចំណែកម៉ូឌែល LTE ទំហំ 40mm មានតម្លៃ 499 ដុល្លារ និង 529 ដុល្លារ សម្រាប់ទំហំ 44mmផងដែរ។

• រីឯប្រភេទដែលមានតួខ្លួនជាដែកអ៊ីណុក (Stainless Steel) ដែលភ្ជាប់មកជាមួយ LTE ស្រាប់ មានតម្លៃ 699 ដុល្លារ សម្រាប់ទំហំ 40mm និង 749 ដុល្លារ សម្រាប់ទំហំ 44mm។ 

សូមបញ្ជាក់ថា Apple Watch ជំនាន់ទី 5 នេះ នឹងត្រូវដាក់ឲ្យធ្វើការដាក់ឲ្យកុម្ម៉ង់ទិញ ចាប់ពីថ្ងៃនេះតទៅ ព្រមទាំងមានលក់ជាផ្លូវការ នៅថ្ងៃ 20 ចុងខែនេះផងដែរ។

 

 

 

សរុបមកវិញ Apple series 5 បានភ្ជាប់មកជាមួយមុខងារថ្មីជាច្រើន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើផ្នែកសុខភាពរបស់ អ្នកប្រើប្រាស់ ជាពិសេសវាមានច្រើនជម្រើសមែនទែន ខណៈពេលដែលតម្លៃ ដែលយើងបានរៀបរាប់ សម្រាប់ម៉ូឌែលខាងលើនេះ វាគ្រាន់តែ ជាម៉ូឌែលគោលៗប៉ុណ្ណោះ ហេតុនេះ នៅមានច្រើនជម្រើស ទៀតសម្រាប់អ្នកប្រើប្រាស់ ដែលក្នុងនោះក៏មាន ជាប្រភេទដែល តួខ្លួនស្រោបដោយ ទីតាញ៉ូម និងសេរ៉ាមិចផងដែរ។ ហេតុនេះហើយ ជាមួយកញ្ចប់តម្លៃខាងលើ ខ្ញុំគិតថាវាមិនប្លែកនោះទេ ព្រោះរាល់ឆ្នាំ Apple ក៏បានដាក់លក់ ក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះដែរ ហើយសម្រាប់អ្នក ដែលចង់ប្រើប្រាស់នាឡិកាយីហោមួយនេះ ក៏គួរតែទិញទៅ ដោយសារលើកនេះ វាពិតជាមានប្រយោជន៍ច្រើន ជាងអ្វីដែលយើងបានរៀបរាប់ទៅទៀត ប៉ុន្តែបើសិនជាអ្នក មានថវិកាមិនគ្រប់នោះ អ្នកមិនគួរទិញវានោះទេ ផ្ទុយទៅវិញអ្នកអាចពិចារណាមើលបាននូវ Apple watch ជំនាន់ទី 3 ព្រោះថា Apple បានទម្លាក់តម្លៃវា នៅត្រឹម 100 ដុល្លារជាងប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Apple Tag: នាឡិកាវៃឆ្លាត