CAMBO REPORT

Popup Advertising5 seconds

Apple​ បាន​ប្រកាស​ចេញ​ iPad​ 10.2​ អ៊ីញ​ ស្ងាត់ៗ​ក្នុង​​ពេល​ប៉ុន្មាន​នាទី​មុន​នេះ​ ជា​មួយ​តម្លៃ​ 329​ ដុល្លារ​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ដាក់បង្ហាញ iPhone 11 របស់ Apple នៅក្នុងឆ្នាំនេះ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងពេលប៉ុន្មាននាទីមុននេះ ដែលយើងឃើញថា ក្រុមហ៊ុនផ្លែប៉ោម ពិតជាធ្វើឲ្យអ្នកទស្សនាជុំវិញ ពិភពលោក មានការភ្ញាក់ផ្អើលខ្លាំងមែនទែន នោះគឺដោយសារ វត្តមានរបស់ iPad ជំនាន់ថ្មី ដែលមានអេក្រង់ 10.2 អ៊ីញ បានបង្ហាញខ្លួន ទាំងដែលគ្មាននណារម្នាក់ នឹកស្មានដល់។ អញ្ចឹងហើយ ពេលនេះ ខ្ញុំនឹងធ្វើការរៀបរាប់ ពីចំណុចសំខាន់ៗរបស់វា ឲ្យប្រិយមិត្តទាំងអស់គ្នា បានជ្រាប តាមរយៈអត្ថបទខាងក្រោមនេះ។

 

 

ប្រាកដណាស់ iPad ដែល Apple បានប្រកាសនោះ វាមិនជាថេប្លេតកំពូល ប្រចាំក្រុមហ៊ុននេះឡើយ ផ្ទុយទៅវិញ វាជាត្រកូលធម្មតា ដែលត្រូវបានធ្វើឡើង ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ជាមួយក្រុមហ៊ុនដទៃតែប៉ុណ្ណោះ អញ្ចឹងហើយ វាមិនមានលក្ខណៈអ្វីប្លែកនោះទេ។ ពិតណាស់ Apple បានប្រើប្រាស់បន្ទះឈីបប្រភេទ A10 Fusion នៅលើ iPad ជំនាន់ទី 7 ថ្មីនេះ ដែលវាមិនខ្លាំងដូចឈីប A10X បំពាក់នៅលើ iPad Pro ជំនាន់ទី 2 នោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះ បានប្តូរមកវិញ ដោយការបន្ថែមជាមួយ មុខងារសំខាន់ៗដូចជា គាំទ្រជាមួយ Apple Pencil, Touch ID ជាពិសេសគឺមានភ្ជាប់មកជាមួយ Smart Keyboard ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចកាន់ថាមពលថ្ម បានដល់ 10 ម៉ោង ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ ដាក់តាមខ្លួនបានពេញមួយថ្ងៃ ហើយក៏មាន កាមេរ៉ាខាងក្រោយមួយគ្រាប់ទំហំ 8MP ដែលអាចថតរូប បានកាន់តែប្រសើរ ក្នុងឋានៈជា ថេប្លេតលំដាប់បង្គួរដូច្នេះដែរ។

 

 

លើសពីនេះ វាក៏បានបំពាក់ជាមួយ អេក្រង់ប្រភេទ Retina Display ដែលមានចំនួនគ្រាប់ភិចសែលកើនដល់ 3.5 លានភិចសែលទៀតផង ជាមួយគ្នានេះដែរ តួខ្លួនរបស់វាត្រូវបានធ្វើឡើងពី អាលុយមីញ៉ូមសុទ្ធ មួយរយភាគរយតែម្ដង។ កាន់តែពិសេស វានឹងត្រូវដំណើរការដោយ iPad OS ដែលមានលក្ខណៈស្រដៀងនឹង iOS ដែរ ប៉ុន្តែវាទទួលបានមុខងារច្រើន បន្ថែមទៀត ពីលើ iOS ផងដែរ។ បើតាមការបង្ហាញរបស់ Apple នៅមុននេះ iPad ដែលមានអេក្រង់ 10.2 អ៊ីញនេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ 329 ដុល្លារ មួយវិញទៀត ក្រុមហ៊ុនមួយនេះ ក៏បានផ្ដល់ជូននូវកាដូ ដល់អ្នកបានទិញវាផងដែរ ពោលគឺ លោកអ្នកនឹងទទួលបាន ការប្រើប្រាស់សេវា Apple TV+ ពេញមួយឆ្នាំផងដែរ។

 

 

សរុបមកវិញ iPad ជំនាន់ទី 7 ថ្មីរបស់ Apple បានភ្ជាប់មកជាមួយអេក្រង់ទំហំ 10.2 អ៊ីញ ជាមួយមុខឈីបលំដាប់មធ្យម ព្រមទាំងមានបំពាក់ជាមួយ មុខងារថ្មីៗជាច្រើន ក៏ដូចជាដំណើរការដោយ iPad OS ទៀតផង។ អញ្ចឹងហើយ ក្នុងតម្លៃ 329 ដុល្លារ ខ្ញុំគិតថា វាមិនថ្លៃនោះទេ សម្រាប់ថេប្លេតជំនាន់ថ្មី ដែលបានបង្ហាញនេះ ហេតុនេះ វាពិតជាសាកសមបំផុតសម្រាប់ អ្នកដែលមានថវិកាល្មមៗ ចង់បានថេប្លេត ដែលមានយីហោផ្លែប៉ោមមកប្រើប្រាស់ ហើយក៏សូមបញ្ជាក់ដែរថា វានឹងចាប់ផ្ដើមដាក់លក់ចាប់ពិថ្ងៃទី 30 ចុងខែនេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ថេប្លេត