CAMBO REPORT

Popup Advertising5 seconds

ZMI បញ្ចេញ​ឆ្នាំង​សាក​ល្បឿន​លឿន​ដល់ 65W មាន​រាង​តូច​ច្រឡឹង និង​តម្លៃ​ត្រឹម 29 ដុល្លារ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ Adapter ឬគ្រប់គ្នាតែងតែហៅថា ដុំសាក ដែលបំពាក់បច្ចេកវិទ្យា សាកថ្មលឿននោះ ក៏ឃើញមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យស្មាតហ្វូនដែរ។ ជាក់ស្តែង ZMI ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយ ជាដៃគូសហការ ដ៏ល្អបំផុតនឹង Xiaomi ក្នុងការផលិតឧបករណ៍ជំនួយ ដល់ការសាកថ្ម ក្នុងនោះមានដូចជា ខ្សែសាក ឆ្នាំងសាក ឬ Power Bank ជាដើម។ ជាក់ស្តែង ថ្មីៗនេះ ZMI បានប្រកាសបញ្ចេញ ឆ្នាំងសាកល្បឿនលឿនប្រភេទ USB-C ថ្មីមួយ ដែលមានកម្លាំងលោតដល់ 65W ឯណោះ ហើយឆ្នាំងសាកនេះ អាចប្រើជាមួយ MacBook, iPhone, កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិច ផ្សេងៗទៀត ដែលអាចទ្រទ្រង់បច្ចេកវិទ្យា សាកថ្មល្បឿនលឿន។

 

ចំពោះលក្ខណៈពិសេស របស់ឆ្នាំងសាកនេះ គឺវាមានទំហំតូចជាង 2 ដង បើប្រៀបធៀបទៅនឹង ឆ្នាំងសាក ល្បឿនលឿនរបស់ Apple ដែលមានកម្លាំងដូចគ្នា ហើយលើសពីនេះទៀត វាមានតម្លៃថោក ជាងរហូតដល់ទៅ 3 ដង បើប្រៀបជាមួយឆ្នាំង សាកល្បឿនលឿនរបស់ Apple ដោយវាមានតម្លៃត្រឹមតែ $29 ប៉ុណ្ណោះ។ រីឯលក្ខណៈសម្បតិ្ត រូបរាងខាងក្រៅវិញ យើងឃើញថា វាត្រូវរចនាឡើងជាពណ៌ខ្មៅសុទ្ធ ដែលមានទម្រង់ខាងលើ ជាពណ៌ខ្មៅរលោង និងខាងក្រោមជាពណ៌ខ្មៅគ្រើម។ អ្វីដែលកាន់តែពិសេសថែមទៀត គឺវាត្រូវផលិតឡើង ក្រោមការការពារ 7 ស្រទាប់ ដែលធ្វើឲ្យ ការបញ្ចេញថាមពល ចេញនិងចូល មានសុវតិ្ថភាពខ្ពស់ និងការពារកម្តៅបានល្អ ព្រមទាំងមិនធ្វើឲ្យឌុយ របស់ឆ្នាំងសាក ឡើងកម្តៅ ខុសប្រក្រតីឡើយ។

 

 

ឆ្នាំងសាក ZMI USB-C 65W នេះ ក៏បានភ្ជាប់មកជាមួយ រន្ធសាក USB-C មួយ នៅផ្នែកខាងលើ នៃឆ្នាំងសាក ហើយគេក៏បានបន្ថែម ខ្សែសាកប្រភេទ USB-C ទៅកាន់ USB-C ដែលគាំទ្រកម្លាំងសាក 5A។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ដំណើរការជាមួយ iPhone XS និង iPad Air ផងដែរ ប៉ុន្តែវាតម្រូវឲ្យយើង ប្រើប្រាស់ខ្សែបំបែក ប្រភេទ USB-C ទៅកាន់ Lighting ដែលអាចសាកថ្ម ពី 0-100% ដោយចំណាយពេលត្រឹមតែ 1 ម៉ោង 50 នាទី សម្រាប់ iPhone XS និង 2 ម៉ោង 10 នាទី សម្រាប់ iPad Air ហើយចំពោះ MacBook Air ទំហំ 13.3 អ៊ីញ និង MacBook Pro 13 អ៊ីញ អាចសាកមួយពេញ ត្រឹម 1 ម៉ោង 50 នាទី។ ម្យ៉ាងវិញទៀត ស្មាតហ្វូន Redmi K20 Pro អាចធ្វើការសាកមួយពេញបាន ដោយប្រើពេលត្រឹម 1 ម៉ោង 40 នាទី និងសម្រាប់ Nintendo Switch ចំណាយពេល 2 ម៉ោង 55 នាទី។

 

 

សរុបមក ឆ្នាំងសាក ZMI USB-C 65W នេះ ត្រូវបានក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃត្រឹម $29 ដុល្លារ តែប៉ុណ្ណោះ ដែលជាតម្លៃដ៏ធូរថ្លៃមែន បើធៀបជាមួយ ឆ្នាំងសាក ដែលមានកម្លាំងខ្លាំង ដូចវាដែរ។ គួរបញ្ជាក់ផងថា ពេលនេះដែរ វាពុំទាន់មានវត្តមាន នៅទីផ្សារ ប្រទេសកម្ពុជាយើងទេ យ៉ាងណាយើងសង្ឃឹមថា វានឹងមកដល់ ស្រុកយយើងដែរ ក្នុងពេលខាងមុខនេះ តែតម្លៃអាចនឹង ប្រែប្រួលបន្តិចហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ