CAMBO REPORT

Popup Advertising5 seconds

Samsung ​បញ្ជាក់​បន្ថែម​ពី​កម្មវិធី ដែល​នឹង​ដំណើរការ​បាន​រលូន​ល្អ​នៅ​លើ Galaxy Fold

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានមួយចំនួន ប្រហែលជាមិនទាន់ដឹងទេថា ស្មាតហ្វូនអេក្រង់បត់ មិនត្រឹមតែមានរូបរាង ខាងក្រៅខុសគ្នាពី ស្មាតហ្វូនធម្មតានោះទេ ប៉ុន្ដែចំពោះផ្នែកកម្មវិធី Software នៅខាងក្នុងវិញនោះ ក៏ខុសគ្នាផងដែរ ដោយអេក្រង់របស់វា មានផ្នែកច្រើនកន្លែង។ ហាក់បីដូចជា Samsung Galaxy Fold អញ្ចឹងដែរ ដោយវាមានអេក្រង់បត់ នៅផ្នែកខាងក្នុង ហើយមានបន្ទះអេក្រង់ មួយទៀតនៅខាងក្រៅ។ ដើម្បីអាចឲ្យកម្មវិធីនានា ដំណើរការបានរលូន ទាំងពេលប្រើនៅ អេក្រង់ផ្នែកខាងក្នុង និងអេក្រង់នៅខាងក្រៅ ដូច្នេះក្រុមការងារ Samsung ក៏បានសហការគ្នាជាមួយ ក្រុមហ៊ុនបង្កើតកម្មវិធី Android ទាំងអស់នោះ ថែមទៀតផង។

 

 

ការចាប់ដៃគូគ្នារវាង Samsung និងក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី គឺដើម្បីចង់ធ្វើឲ្យមុខងារ App Continuity ដែលអាចអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ Galaxy Fold ទទួលបានបទពិសោធន៍ កាន់តែល្អប្រសើរជាមូយ ស្មាតហ្វូនអេក្រង់បត់នេះ។ បើលោកអ្នកមិនយល់ច្បាស់ គឺថាមុខងារពិសេសនេះ (App Continuity ឬ Multi-Active Windows) គឺអាចឲ្យយើងទាំងអស់គ្នា បើកកម្មវិធីចំនួនបី ក្នុងពេលតែមួយបាន ហើយព្រមទាំងអាចផ្លាស់ប្ដូរ ពីអេក្រង់បត់នៅខាងក្នុង ទៅអេក្រង់តូចនៅខាងមុខ ដោយមិនបាច់ឲ្យកម្មវិធី បើកសាឡើងវិញនោះឡើយ។ កាលពីប្រកាសចេញ Galaxy Fold ពេលដំបូងមក Samsung បាននិយាយប្រាប់ថា ក្រុមការងាររបស់ខ្លួន បានបង្កើតផ្ទៃកម្មវិធី UX ថ្មីជាពិសេសសម្រាប់ ស្មាតហ្វូនអេក្រង់បត់នេះ និងការសិក្សាជាមួយនឹង Google ដើម្បីធ្វើឲ្យ Android ជំនាន់ក្រោយៗ ដំណើរការបានដូចគ្នា។

 

ខណៈពេលដែល នាពេលបច្ចុប្បន្ននេះ កម្មវិធីធំៗភាគច្រើន បានអាប់ដេតដើម្បីឲ្យ ដំណើរការបានស្រួល នៅលើ Galaxy Fold រួចជាស្រេចមកហើយ។ រហូតមកដល់ពេលថ្មីៗនេះ Samsung បាននិយាយប្រាប់ទៀតថា ចំនួនរាប់ពាន់កម្មវិធីទៀត ដែលរួមមានដូចជា Facebook, VSCO, Microsoft, Twitter, Spotify, Amazon Prime Video, App in the Air, iHeartMedia និងផ្សេងជាច្រើនទៀត ក៏ត្រូវបានអាប់ដេតឲ្យ ដំណើរការបានរហូនល្អ នៅលើ ស្មាតហ្វូនអេក្រង់បត់ របស់ខ្លួនថែមទៀតផង។ កម្មវិធីសម្រាប់ Galaxy Fold ទាំងអស់នោះ គឺអាចទាញយកបានចេញពី Google Play Store និង Apple App Store នៅពេលឥឡូវនេះបានហើយ។

 

 

កាលពីថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2019 កន្លងផុតទៅនេះ Samsung បានចាប់ផ្ដើមដាក់លក់ Galaxy Fold នៅឯប្រទេសកូរ៉េខាងត្បូង ដោយមិនទាន់បាន មួយថ្ងៃស្រួលប្រួលផង ក៏លក់អស់ស្ដុកបាត់ទៅហើយ ជាមួយចំនួនសរុបចន្លោះពី 1000 គ្រឿងដល់ទៅ 2000 គ្រឿងផងដែរ ហើយមានតម្លៃដាក់លក់ខ្ទង់ 2000 ដុល្លារក្នុងមួយគ្រឿងៗ។ លើសពីនេះ Samsung កំពុងមានគម្រោងដាក់លក់ Galaxy Fold នៅលើទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2019 តទៅ ដោយលើទីផ្សារសហរដ្ឋអាមេរិក នៅចុងខែកញ្ញាខាងមុខនេះ ប៉ុន្ដែសម្រាប់ទីផ្សារស្រុកយើង គឺមិនទាន់មានដំណឹង នៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: SamMobile Tag: ទូរស័ព្ទ