CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​របស់ OPPO ​ដែល​បំពាក់​​ឈីប​ 5G​ ​របស់​ Qualcomm​ នឹង​បង្ហាញ​ខ្លួន​​ឆាប់ៗ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ Qualcomm បានប្រកាសបង្ហាញជាផ្លូវការ នូវបន្ទះឈីបថ្មី ដែលមានម៉ូដឹម 5G ភ្ជាប់មកជាមួយស្រាប់ ហើយវាក៏ជាឈីប សម្រាប់ស្មាតហ្វូន លំដាប់បង្គួរផងដែរ។ ពិតណាស់ បន្ទាប់ពីទទួលបានដំណឹង បែបនេះ OPPO ក៏បានបង្ហាញដល់ សាធារណៈជនទាំងអស់ថា ខ្លួននឹងនាំយកស្មាតហ្វូន 5G ដែលដំណើការជាមួយ បន្ទះឈីបថ្មីរបស់ Qualcomm ចូលប្រឡូកក្នុងទីផ្សារ នៅក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់នោះទេ។

 

 

ប្រាកដណាស់ បើតាមលោក Shen Yiren ដែលជាអនុប្រធានរបស់ OPPO បានឲ្យដឹងថា OPPO នឹងក្លាយជាក្រុមហ៊ុនដំបូង ដែលប្រើប្រាស់ឈីប 5G ដូចបានរៀបរាប់ខាងលើ ប៉ុន្តែយើងមិនដឹងច្បាស់ថាជា ឈីបត្រកូលមួយណានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនដែលនឹងបំពាក់ឈីបនោះ ត្រូវបានគេរំពឹងទុកថា អាចជា OPPO Reno series ឬមួយក៏អាចជាត្រកូល K ផងដែរ។ ម្យ៉ាងវិញទៀត ដូចបានដឹងស្រាប់ហើយថា ឈីបកំពូលដែលអាចទ្រទ្រង់ 5G របស់ Qualcomm ក្នុងពេលសព្វថ្ងៃនេះគឺ Snapdragon 885 / 885+ ប៉ុន្តែវាទាំងពីរនេះ ត្រូវការម៉ូដឹម 5G ដាច់ដោយឡែកផ្សេងទៀត មិនដូចជាឈីបថ្មី ដែល Qualcomm បានប្រកាសនោះឡើយ ដោយវាត្រូវបានបំពាក់ជាមួយម៉ូដឹម 5G នៅក្នុងនោះស្រាប់តែម្ដង ពោលគឺវាមានដូចជា Snapdragon 600 series និង 700 series ទៀតផង។ 

 

 

 

 

ដូច្នេះហើយ ស្មាតហ្វូនលំដាប់បង្គួរ ដែលមាន 5G របស់ OPPO កាន់តែខិតជិតក្នុងការបង្ហាញខ្លួនហើយ ប៉ុន្តែវាប្រហែលជាមិនឆាប់បេកនោះទេ ព្រោះថាឈីបថ្មី ខាងលើនេះ ត្រូវបាន Qualcomm បញ្ជាក់ថា វានឹងត្រូវចូលចរាចរណ៍នៅលើទីផ្សារ ក្នុងឆ្នាំ 2020 ខាងមុខ ហេតុនេះ អាចនិយាយបានថា ស្មាតហ្វូនរបស់ OPPO ក៏នឹងត្រូវបង្ហាញខ្លួន នៅឆ្នាំក្រោយផងដែរ។ អញ្ចឹងហើយ ខាងលើនេះ គ្រាន់តែជាការបង្ហើបប្រាប់បន្តិចប៉ុណ្ណោះ ពីសំណាក់អនុប្រធានរបស់ OPPO ហើយនៅសល់ចំណុចជាច្រើនទៀត ដែលយើងមិនទាន់បានដឹង ប៉ុន្តែនៅពេលខាងមុខទៀត យើងអាចនឹងដឹងច្បាស់ជាងនេះ ក៏ថាបាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ