CAMBO REPORT

Popup Advertising5 seconds

Lenovo​ បាន​បង្ហាញ​ Laptop​ ត្រកូល​ Yoga​ ជំនាន់ថ្មី​ ចំនួន​ 4​ ម៉ូឌែល​ព្រម​គ្នា​តែ​ម្ដង​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ IFA 2019 បានដំណើរការ យ៉ាងរលូន ហើយមកទល់ពេលនេះ ផលិតផលរបស់ក្រុមហ៊ុនជាច្រើន បានដាក់បង្ហាញជាផ្លូវការរួចរាល់ហើយ ដែលមានជាច្រើនប្រភេទ មិនថាជាស្មាតហ្វូន ឫមួយកុំព្យូទ័រនោះទេ។ ពិតណាស់ នៅក្នុងព្រឹត្តិការណ៍នេះ Lenovo បានបង្ហាញ កុំព្យូទ័រយួរដៃត្រកូល Yoga របស់ខ្លួន ចំនួន 4 ម៉ូឌែលព្រមគ្នាតែម្ដង ដែលម៉ូឌែលនីមួយៗ មានលក្ខណៈសម្បត្តិខុសៗគ្នា ព្រមទាំងដាក់លក់ក្នុងតម្លៃ ផ្សេងៗពីគ្នាទៀតផង។ 

 

 

ពិតណាស់ Laptop ទាំងបួនម៉ូឌែល ដែលក្រុមហ៊ុនខាងលើ បានបង្ហាញថ្មីៗនេះ រួមមាន Lenovo Yoga C940, Yoga S740, Yoga C740, និង Lenovo Yoga C640 ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កុំព្យូទ័រជំនាន់ថ្មីទាំងនេះ សុទ្ធតែបំពាក់ជាមួយ CPU ជំនាន់ចុងក្រោយ របស់ Intel ទៀតផង ប៉ុន្តែវា នៅមានលក្ខណៈសម្បត្តិជាច្រើនទៀត ដែលខុសគ្នាផងដែរ។ ដំបូងយើងចាប់ផ្ដើមពី Lenovo Yoga C940 មុន ដោយវាបានត្រូវបានផលិតឡើងជាមួយ ជម្រើសអេក្រង់ពីរប្រភេទគឺ 14 អ៊ីញ និង 15 អ៊ីញ ខណៈពេលដែលថ្ម របស់វាវិញ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា វាអាចរស់បានដល់ 17.5 ម៉ោងឯណោះ កាន់តែពិសេស វាអាចគាំទ្រជាមួយ Wi-Fi 6 ព្រមទាំងបានធ្វើឲ្យ មានភាពប្រសើរជាងមុន ទៅលើផ្នែកប្រព័ន្ធសម្លេងទៀតផង។ លើសពីនេះ វាបានបំពាក់ជាមួយ CPU Core i7 ជំនាន់ទី 10 សម្រាប់ម៉ូឌែលអេក្រង់ 14 អ៊ីញ ដែលមានតម្លៃខ្ទង់ 1,655 ដុល្លារ រីឯម៉ូឌែល 15 អ៊ីញ វាមានភ្ជាប់ត្រឹម ជំនាន់ទី 9 ប៉ុណ្ណោះ ជាមួយតម្លៃ 2,096 ដុល្លារ ដែលនឹងមានលក់ នៅក្នុងខែតុលា ខាងមុខនេះ។

 

 

មកដល់ Yoga S740 វិញ មានអេក្រង់ពីរប្រភេទ ជាមួយនឹង CPU ដូចម៉ូដែលខាងលើដែរ តែវាពិសេសជាង ត្រង់បំពាក់ GPU ប្រភេទ NVIDIA GeForce ទៀតផង។ ពិតប្រាកដណាស់ ម៉ូឌែលមួយនេះ មានភ្ជាប់មកជាមួយ កាមេរ៉ាដែលមានមុខងារ ស្រដៀងស្មាតហ្វូនដែរ ពោលគឹមាន IR កាមេរ៉ា និងមានសេនស័រ TOF (Time of Flight) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Laptop នេះត្រូវបាន Upgrade បន្ថែមទៀត ទៅលើមុខងារការពារភ្នែក ក៏ដូចជាថាមពលថ្ម ឲ្យកាន់តែប្រសើរជាងមុន ដែលលើកនេះ ថ្មរបស់វាអាច រស់បានដល់ទៅ 14 ម៉ោងឯណោះ។ ចំពោះប្រភេទ អេក្រង់ 15 អ៊ីញវិញ វាមានកម្រិតបង្ហាញដល់ 4K VESA400 HDR ជាមួយ CPU Core i9 ជំនាន់ទី 9 ព្រមទាំងមាន GPU ប្រភេទ NVIDIA GeForce GTX1650 ដែលវាមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការប្រើប្រាស់ទៅលើ កម្មវិធីដែលមាន ក្រាហ្វិកធំៗទៀតផង។ មួយវិញទៀត វាទាំងពីរនេះ នឹងចាប់ផ្ដើមចូលទីផ្សារ នៅក្នុងខែនេះ ដោយម៉ូឌែលអេក្រង់ 14 អ៊ីញ មានតម្លៃខ្ទង់ 992 ដុល្លារ រីឯអេក្រង់ 15 អ៊ីញមានតម្លៃខ្ទង់ 1,544 ដុល្លារផងដែរ។

 

 

ចំណែកឯ Lenovo Yoga C740 វិញ វាអាចដើរតួជា កុំព្យូទ័រយួដៃផង និងថេប្លេតក៏បាន ដោយវាមានជម្រើស ទំហំអេក្រង់ដូចម៉ូឌែលខាងលើដែរ តែវាមានមានបន្ថែម នូវមុខងារមានប្រយោជន៍មួយចំនួនទៀតដូចជា សេនស័ស្កេនស្នាមម្រាមដៃ និង Amazon Alexa ដែលជាជំនួយការ ដោយប្រើប្រាស់សំលេងផងដែរ។ វាក៏មាន នូវកម្រិតបង្ហាញ Full HD ព្រមទាំងគាំទ្រជាមួយ មុខងារសាកថ្មលឿន ដូចទៅនឹងស្មាតហ្វូនសព្វថ្ងៃដែរ កាន់តែពិសេស ក្រុមហ៊ុនបានបញ្ជាក់ថា វាបានប្រើប្រាស់ CPU Core i7 ជំនាន់ទី 10 ទៀតផង។ 

ចំពោះម៉ូឌែល ចុងក្រោយគេនេះ គឺ Lenovo Yoga C640 ដែលមានសមត្ថភាពមិនចាញ់ ម៉ូឌែលខាងលើឡើយ ប៉ុន្តែវាបានប្រើប្រាស់ អេក្រង់ត្រឹម 13 អ៊ីញប៉ុណ្ណោះ ហើយអេក្រង់របស់វា អាចបង្វិលបាន 360 ដឺក្រេដែលមាន CPU រួមទាំងមុខងារមួយចំនួន ដូចទៅនឹងម៉ូឌែល C740 អញ្ចឹងដែរ។ មិនខុសទេ ប៉ុន្មានម៉ូឌែលខាងលើនេះ នឹងត្រូវដាក់លក់ផ្លូវការ នៅក្នុងខែកញ្ញាខាងមុខនេះ ជាមួយតម្លៃចាប់ពី 992 ដុល្លារឡើងទៅ។ 

 

 

សរុមមកវិញ ទាំងនេះជា Laptop ត្រកូល Yoga ដែល Lenovo ប្រកាសនៅក្នុងព្រឹត្តិការណ៍ IFA 2019 កាលពីពេលថ្មីនេះ ហើយក៏សូមបញ្ជាក់ថា តម្លៃរបស់វាទាំងប៉ុន្មាន ដែលបានបង្ហាញខាងលើនោះ វាគ្រាន់តែជា តម្លៃដែលដាក់លក់នៅក្នុងទីផ្សារ ប្រទេសឥណ្ឌាតែប៉ុណ្ណោះ។ អញ្ចឹងហើយ ម៉ូឌែលមួយចំនួន ដែលមានក្នុងការ រៀបរាប់ខាងលើនេះ នឹងត្រូវដាក់លក់ជាបណ្តើរៗ ចាប់ពីខែនេះទៅ ដែលយើងឃើញថា វាមានសមត្ថភាព ក៏ដូចជាតម្លៃដាច់ដោយឡែកពីគ្នា ទៅតាមលក្ខណៈសម្បត្តិ របស់វានីមួយៗ  ដែលក្រុមហ៊ុនខាងលើនេះ បានកំណត់មក ហើយបើប្រៀបកុំព្យូទ័រយួដៃប្រភេទនេះ ជាមួយក្រុមហ៊ុនផ្សេងទៀត អាចនិយាយបានថា វាមានតម្លៃមិនខុសគ្នាប៉ុន្មាននោះទេ។ ដូច្នេះ សង្ឃឹមថា វានឹងមានវត្តមាន នៅក្នុងស្រុកយើង ក្នុងពេលឆាប់ៗនេះទៅចុះ ហើយចំពោះប្រិយមិត្តទាំងអស់គ្នាវិញ តើយល់យ៉ាងណា ចំពោះ 4 ម៉ូឌែលខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 91Mobile Tag: កុំព្យូទ័រ