CAMBO REPORT

Popup Advertising5 seconds

តើ​មាន​មតិ​យ៉ាង​ណា​ខ្លះ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ android និង ios នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការ Android និង iOS បានប្រកួតប្រជែងគ្នា ចាប់តាំងពីស្មាតហ្វូន និងថេប្លេត ស្ថិតក្នុងដំណាក់កាល អភវិឌ្ឍន៍ដំបូងមកម្ល៉េះ ដោយធ្វើឲ្យមានការបែងចែក ចេញជាជម្រើសពីរជាចម្បង សម្រាប់អ្នកប្រើប្រាស់ ទូទាំងសកលលោក។ ហេតុដូច្នេះហើយ អ្នកគាំទ្រទាំងសងខាង តែងតែប្រកែកតវ៉ាគ្នា លើប្រធានបទរវាង OS កំពូលទាំងពីរនេះ ថាតើមួយណា អាចដំណើរការបាន ល្អប្រសើរជាង។ សម្រាប់ពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ស្មាតហ្វូន ក្នុងប្រទេសកម្ពុជាយើង បានសង្កេតឃើញថា ក៏មានគំនិតផ្ទុយគ្នា ទៅលើការជ្រើសរើស ប្រព័ន្ធប្រតិបត្តិការ ដែលខ្លួនពេញចិត្ត យកមកប្រើប្រាស់ ទាក់ទងទៅនឹង ចំណុចខុសៗគ្នាមួយចំនូន ផងដែរ។ អញ្ចឹង ថ្ងៃនេះយើងនឹងធ្វើការ ដកស្រង់គំនិតរបស់ ប្រជាជនយើងទៅលើ OS ទាំងពីរនេះ ដើម្បីឲ្យប្រិយមិត្តអ្នកអាន បានយល់កាន់តែច្បាស់ ថែមមួយកម្រិតទៀត។

 

 

ពិតប្រាកដណាស់ ប្រព័ន្ធប្រតិបត្តិការទាំងពីរនេះ សុទ្ធតែដំណើរការបានល្អដូចគ្នា ប៉ុន្តែពួកវាក៏មានចំណុចពិសេសរៀងៗខ្លួន ទើបធ្វើឲ្យអ្នកប្រើស្មាតហ្វូន ត្រូវសម្រេចចិត្តជ្រើសរើស OS ទៅតាមចំណង់ចំណូលចិត្ត របស់បុគ្គលម្នាក់ៗ។ ជាក់ស្ដែង អត្ថបទខាងក្រោមនេះ គឺមិនមែនជាការប្រៀបធៀប រវាងប្រព័ន្ធប្រតិបត្តិការ កំពូលៗទាំងពីរនេះឡើយ ប៉ុន្ដែវាជាមតិយោយល់ ទាក់ទងទៅនឹង ការដកស្រង់គំនិត ពីសំណាក់អ្នកប្រើប្រាស់ ស្មានហ្វូនទូទៅ នៅក្នុងប្រទេសយើង និងមូលហេតុមួយចំនួន ដែលបណ្ដាលឲ្យពួកគាត់ ពេញចិត្តនឹងជ្រើសរើសយក OS មួយក្នុងចំណោមនោះ។

 

សម្រង់មតិរបស់អ្នកប្រើប្រាស់ iOS 

 

ចំពោះប្រព័ន្ធប្រតិបត្តិការ iOS យើងបានធ្វើការសម្រង់មតិរបស់ អ្នកប្រើប្រាស់ជាច្រើន ដោយពួកគេបានប្រាប់ឲ្យដឹងថា វាមានភាពសាមញ្ញ ងាយស្រួលប្រើ ដំណើរការលឿន និងមានចលនារដើរលូនល្អ ទៀតផង។ ក្រៅពីនេះ មានប្រិយមិត្តអ្នកប្រើប្រាស់ ជាច្រើននាក់ទៀត បានយល់ឃើញថា ប្រព័ន្ធប្រតិបត្តិការ iOS មានភាពទាក់ទាញ ទាន់សម័យ មានគេនិយមចូលចិត្តច្រើន ងាយស្រួលប្រើប្រាស់ មិនងាយធុញទ្រាន់ ប្រព័ន្ធដំណើរការល្អ និងប្រើប្រាស់បានយូរឆ្នាំ ហើយមានសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនយក្យរបស់អាមេរិចមួយនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើប្រព័ន្ធសុវត្ថិភាពជាចម្បង និងតែងតែផ្ដល់ជូននូវអ្វីថ្មីៗ ដល់អ្នកប្រើប្រាស់ ផងដែរ។ 

 

មតិដ៏ល្អមួយចំណុចទៀតគឺថា ចំពោះរៀងរាល់ការប្រើប្រាស់ នៅលើឧបករណ៍ប្រភេទ iOS លើគ្រប់ស្ថានភាពទាំងអស់ តែងតែមិនមាន ការព្រួយបារម្ភច្រើន អំពីរឿងមេរោគនោះទេ ដោយសារតែ គេដឹងថាវាគ្មានប្រវត្តិ ប្រទះជួបបញ្ហានេះច្រើនឡើយ ហើយមនុស្សភាគច្រើនទៀត ទុកចិត្តនឹងផលិតផលរបស់ Apple ពីព្រោះពួកគេមិនធ្លាប់ជួប បញ្ហាទាំងអស់នេះ ក្រោយពីពេលប្រើជាយូរឆ្នាំមក។ លើសពីនេះទៅទៀត ពួកគេបានបន្ថែមថា ក៏មានការពេញចិត្តខ្លាំងណាស់ដែរ ទៅលើផ្នែក Software អាប់ដេត ដែលក្រុមហ៊ុន Apple បានអនុញ្ញាតអោយអតិថិជនរបស់ខ្លួន អាចធ្វើការអាប់ដេតឡើងទៅកាន់ជំនាន់ចុងក្រោយ បានជាច្រើនឆ្នាំ ថែមទៀតផង។

 

 

 ឥឡូវមកដឹងពីមតិអ្នកប្រើប្រាស់ Android

 

ដូចដែលយើងបានដឹង រួចស្រាប់មកហើយថា នៅស្រុកយើង អ្នកប្រើប្រាស់ Android មានចំនួនច្រើនជាង iOS ដូចជាបណ្តាប្រទេស ផ្សេងៗទៀតអញ្ចឹងដែរ ពីព្រោះស្ទើរតែគ្រប់ ក្រុមហ៊ុនផលិតស្មាតហ្វូន ទាំងអស់ទៅហើយ នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ ដែលដំណើរការដោយ Android ដូច្នេះវាមានម៉ាកយីហោជាច្រើន សម្រាប់ឲ្យយើងជ្រើសរើស ហើយព្រមទាំងស្ថិតលើ តារាងតម្លៃលក់ ចាប់ពីលំដាប់ថវិកា រហូតដល់កម្រិតខ្ពស់ ថែមទៀតផង។ មូលហេតុចម្បង ដែលមនុស្សមួយចំនួន ចូលចិត្តប្រើប្រាស់ Android គឺដោយសារតែ វាបានផ្ដល់សិទ្ធិឲ្យកែប្រែ លើចំណុចជាច្រើនយ៉ាង និងមានមុខងារសម្បូរបែប ជាដើម។ ចំណែកឯ មុខងារពិសេសមួយ ក្នុងចំណាមនោះ គឺវាអាចអនុញ្ញាតឲ្យ ផ្លាស់ប្ដូររូបតំណាង icon បានតាមចំណងចំណូលចិត្ត ព្រមទាំងអាចប្ដូរទីតាំងរបស់ icon នីមួយៗ បានគ្រប់ទីកន្លែងថែមទៀត ដើម្បីកុំឲ្យពួកគាត់សាំភ្នែក ទៅនឹងរចនាបថ ដដែលៗពេក។

 

ការទាញយកកម្មវិធីមកដំឡើង ពីវេបសាយខាងក្រៅ និងមិនចាំបាច់ពឹងផ្អែកលើ Google Play Store ទាំងស្រុង ក៏មិនមែនបញ្ហាធំដុំ សម្រាប់ពួកគាត់ដែលប្រើ Android នោះដែរ។ ចំណុចល្អមួយទៀត ដែលអ្នកប្រើប្រាស់ Android តែងតែសរសើរអំពីវាគឺថា ការផ្ទេរទិន្នន័យ ឬ ឯកសារនានា អាចធ្វើបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើខ្សែ USB ភ្ជាប់ទៅកាន់ស្មាតហ្វូន ឬ ថេប្លេតរបស់ពួកគេ ទៅឧបករណ៍ដទៃទៀត ដូចជាកុំព្យូទ័រ នឹងអាចផ្ទេរបានភ្លាមៗ ហើយមិនតម្រូវឲ្យទាញយក កម្មវិធីជំនួយនោះទេ។ ប្រសិនបើ ប្រិយមិត្តអ្នកអាន តែងតែតាមដាន ព័ត៌មានបច្ចេកវិទ្យា ដូច្នេះប្រាកដជាដឹងហើយថា Android មានការអភវិឌ្ឍន៍លឿនជាង ប្រព័ន្ធប្រតិបត្តិការដទៃទៀត ដោយមុខងារថ្មីៗជាច្រើន មាននៅលើវាមុនគេបង្អស់ ដូចជាការតភ្ជាប់ប្រព័ន្ធ NFC, មុខងារស្កេនម្រាមដៃ, មុខងារស្កេនភ្នែក, ការបង់ប្រាក់ តាមរយៈស្មានតហ្វូន និងផ្សេងៗជាច្រើនទៀត។ ហេតុដូច្នេះហើយ មនុស្សដែលចូលចិត្ត Android គឺតែងតែបង្ហាញអំពីអាររម្មណ៍ ទៅលើការនិយមនូវអ្វីមួយ ដែលទាន់សម័យបំផុត និងអាចទទួលបាន សិទ្ធិសេរីភាពច្រើន លើការប្រើប្រាស់ គ្រប់បែបយ៉ាងទាំងអស់។

 

 

សរុបមកវិញ អ្នកប្រើប្រាស់ ស្មាតហ្វូនគ្រប់រូប ទាំងនៅក្នុងប្រទេសកម្ពុជា និងសកលលោក គឺមិនមានភាពរើសអើងអ្វីឡើយ ទៅលើការជ្រើសរើសយក ប្រព័ន្ធប្រតិបត្តិការណាមួយ ដែលខ្លួនចូលចិត្តច្រើនជាង ពីព្រោះតែមនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្ត ខុសប្លែកពីគ្នា។ ខណៈពេលដែល បុគ្គលមួយចំនួនចូលចិត្ត ភាពសាមញ្ញធម្មតាៗ ហើយមិនត្រូវការ មុខងារច្រើនឡើយ ដូច្នេះពួកគេក៏ជ្រើសយក iOS មកប្រើជាប្រចាំថ្ងៃតែម្ដង។ ដោយឡែកអ្នកប្រើប្រាស់ខ្លះទៀត ចូលចិត្តស្វែងរកអ្វីថ្មីៗ និងចង់ទទួលបាន សិទ្ធិសេរីភាពច្រើនយ៉ាង ដែលអាចអនុញ្ញាតឲ្យពួកគេ ផ្លាស់ប្ដូរម៉ូតកម្មវិធីផ្សេងៗ តាមគំនិតច្នៃប្រឌិត ហើយមិនពេញចិត្តនឹង អ្វីដដែលៗសោះឡើយ ដូច្នេះហើយបានជា Android សាកសមសម្រាប់ពួកគាត់ ជាងគេបំផុត។ ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ អំពីការលើកឡើងទាំងអស់នេះ? តើនាពេលសព្វថ្ងៃនេះ លោកអ្នកចូលចិត្តប្រើ Android ឬ iOS ច្រើនជាង? សូមបញ្ចេញមតិរបស់ប្រិយមិត្ត និងចែករំលែកឲ្យអ្នកដទៃទៀតបានដឹង តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ