CAMBO REPORT

Popup Advertising5 seconds

Asus បញ្ចេញ​នាឡិកា​ឆ្លាត​វៃ VivoWatch SP ជំនាន់​ថ្មី មាន​មុខងារ ECG ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងព្រឹត្តិការណ៍ IFA 2019 នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានផលិតផល ត្រូវបានដាក់បង្ហាញ យ៉ាងច្រើនមែនទែន ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនផ្សេងៗគ្នា។ យ៉ាងណាមិញ ក្នុងនោះ ក្រុមហ៊ុន Asus ក៏មានវត្តមានផងដែរ ព្រមទាំងបានពាំនាំយកផលិតផល មួយចំនួន មកបង្ហាញជូន ទស្សនិកជនទៀត ដែលមានដូចជា ស្មាតហ្វូនហ្គេមមីង Asus ROG Phone ll ជម្រើសថ្មី Ultimate Edition អមជាមួយទំហំ អង្គផ្ទុកទិន្នន័យ 1TB និងម៉ូនីទ័រ ជំនាន់ថ្មី ProArt Display ជាដើម។ ក្រៅពីនេះទៀត ក្រុមហ៊ុនមួយនេះ ក៏បានប្រកាសនូវ នាឡិកាឆ្លាតវៃ Asus VivoWatch SP ជំនាន់ថ្មី អាចគាំទ្រ មុខងារ ECG បានដូចទៅនឹង Apple Watch Series 4 របស់ក្រុមហ៊ុន ផ្លែប៉ោមដែរ ហើយវាសាកសមបំផុត ចំពោះអ្នកស្រលាញ់សុខភាព និងចូលចិត្តហាត់ប្រាណ ជាប្រចាំថ្ងៃ។

 

 

ជាមួយនឹង Asus VivoWatch SP នេះ វាក៏មិនខុសគ្នាអីច្រើន ពីនាឡិកាវៃឆ្លាត ផ្សេងៗទៀតដែរ ដោយវាអាច នឹងធ្វើការប្រមូលទិន្នន័យ ទាក់ទងនឹងសុខភាព ដូចជាការតាមដាន ចង្វាក់បេះដូង រយៈចម្ងាយ គិតជាជំហ៊ាន ដែលបានធ្វើដំណើរទៅមុខ វាស់សម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងឈាម ពិនិត្យមើលទៅលើការ ទទួលទានដំណេក ថែមទាំងមាន មុខងារ GPS ដែលអាចធ្វើការ តាមដានទៅតាមទីតាំង ដែលអ្នកបានហាត់ប្រាណ ឬទៅកន្លែងណាមួយ រួចរក្សាទុកក្នុងកម្មវិធី តភ្ជាប់តាមរយៈស្មាតហ្វូន ដំណើរការដោយ iOS និង Android ជាដើម។ មិនតែប៉ុណ្ណោះ បើតាមរយៈ ការអះអាងរបស់ ក្រុមហ៊ុន Asus បានឲ្យដឹង នាឡិកានេះ នឹងធ្វើការសិក្សា ពីទម្លាប់ប្រើប្រាស់ប្រចាំរបស់អ្នក រួចវានឹងផ្តល់ការណែនាំ ដល់អ្នកប្រើប្រាស់ ដើម្បីទទួលបានសុខភាពល្អ ហើយវាអាចដំណើរការទៅបាន ដោយអាស្រ័យលើ កម្មវិធី Asus Al Health ផ្ទាល់។ 

 

 

សម្រាប់រូបរាងនៃ VivoWatch SP នេះវិញ គឺត្រូវបានរចនាឡើងបែបមុខមូល និងត្រូវការពារដោយកញ្ចក់ Gorilla Glass អមជាមួយគែម Ceramic Bezel ហើយអ្វី ដែលកាន់តែពិសេសនោះ វាបានស្រោបដោយ ទឹកថ្នាំពិសេសម៉្យាង ដើម្បីការពារស្នាមប្រលាក់ម្រាមដៃ របស់យើង។ នាឡិកាជំនាន់ថ្មីនេះ នឹងអាចរស់បាន 14 ថ្ងៃ ព្រមទាំងបំពាក់មកជាមួយ អាវក្រោះ ការពារទឹក ដែលធន់នឹងជម្រៅសម្ពាធទឹកបាន 5ATM ថែមទៀត។

 

 

សរុបមក លក្ខណៈសម្បតិ្ត នៃនាឡិកាវៃឆ្លាត ខាងលើនេះ សុទ្ធតែជាមុខងារល្អៗ ដែល Asus យកមកបំពាក់លើវា ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍នោះ Asus មិនបានបង្ហើបព័ត៌មានលម្អិត និងតម្លៃ ក៏ដូចជាថ្ងៃចេញលក់ ជាផ្លូវការ នោះទេ ដូច្នេះ យើងមានតែរង់ចាំ តាមដានបន្តទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: នាឡិកាវៃឆ្លាត