CAMBO REPORT

Popup Advertising5 seconds

Galaxy Tab Active Pro ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ ជា​ថេប្លេត​ដ៏​រឹង​មាំ ផលិត​តាម​ស្តង់ដា​អាមេរិច

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានសប្ដាហ៍មុន យើងទទួលបានដំណឹងខ្លះៗ នៃភស្តុតាងមួយចំនួន ដែលបង្ហាញថា Samsung កំពុងធ្វើការលើ ថេប្លេតជំនាន់ថ្មីរបស់ខ្លួន។ មិនខុសនោះទេ ពេលកន្លងមក វាត្រូវបានគេប្រទះឃើញនៅលើ FCC ដែលដើម្បី ធានាការអនុម័តបទបញ្ញត្តិចាំបាច់ មុនពេលវាចូលវាយលុកក្នុងទីផ្សារ។ ជាក់ស្ដែង Samsung បានប្រកាសចេញ ថេប្លេតមួយនេះ ជាផ្លូវការហើយ នៅប្រទេសអាល្លឺម៉ង់ ដូចដែលបានព្យាករណ៍ទុកមុនអញ្ចឹង ថាវាគឺជា Galaxy Tab Active Pro។

 

 

ពិតណាស់ សម្រាប់ស្មាតហ្វូន និងថេប្លេតរបស់ Samsung ទាំងអស់ ដែលស្ថិតក្នុងត្រកូល Active ពួកវាសុទ្ធតែបានផ្តល់នូវភាពធន់ និងរឹងមាំជាងម៉ូឌែលធម្មតា។ មួយវិញទៀត ពួកវាត្រូវបានបង្កើតឡើង គឺផ្តោតសំខាន់លើកម្មករឧស្សាហកម្ម រឺយោធា ដែលប្រតិបត្តិការ ក្នុងស្ថានភាពការងារលំបាក ហើយត្រូវការឧបករណ៍ដែលអាចទប់ទល់ នឹងស្ថានភាពលំបាកបែបនេះបាន។ Galaxy Tab Active Pro ក៏មិនខុសពីឧបករណ៍ទាំងអស់នោះដែរ ដោយវាជាថេប្លេតមានភាពរឹងមាំខ្លាំង ជាមួយអាវក្រោះការពារទឹកនិងធូលីកម្រិត IP68 ហើយត្រូវបានផលិតឡើងតាមស្តង់ដារយោធាអាមេរិក MIL-STD 810G ដើម្បីអាចស៊ូទ្រាំការទម្លាក់ បានពីកម្ពស់ដល់ទៅ 1.2 ម៉ែត្រ។

 

 

ចម្លែកណាស់ Samsung មិនបានប្រាប់ពីលក្ខណៈសម្បត្តិរបស់ Galaxy Tab Active Pro នេះឡើយ ប៉ុន្ដែបើយោងតាមប្រភពផ្សេង បានបង្ហាញថា វានឹងមកជាមួយអេក្រង់ទំហំ 10 អ៊ីញ, អាចគាំទ្រ Samsung DeX និងមានប៊ិច S Pen ថែមទៀតផង។ ខណៈពេលដែល ការបែកធ្លាយលើ Benchmark កន្លងទៅ បង្ហាញថា Galaxy Tab Active Pro បានប្រើប្រាសបន្ទះឈីប Snapdragon 710 រឺ 712 មានរ៉េមទំហំ 4GB និងបានដំណើរការដោយ Android Pie ចេញពីប្រអប់ស្រាប់តែម្ដង។

 

 

Galaxy Tab Active Pro នឹងត្រូវបានដាក់លក់ សម្រាប់អាជីវកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី 01 ខែតុលា ខាងមុខ ដែលវាមានតម្លៃប្រហែលជា 660 ដុល្លារ សម្រាប់ម៉ូឌែលប្រើ Wi-Fi និងតម្លៃ 749 ដុល្លារ ចំពោះម៉ូឌែលអាចប្រើប្រាស់ស៊ីមបាន។ កាន់តែពិសេស Samsung បានសន្យាថានឹងផ្ដល់កំណែអាប់ដេតលើ Software រហូតដល់ទៅរយៈពេល 4 ឆ្នាំគិតចាប់ពីថ្ងៃប្រកាសទៅ រួមទាំងកំណែអាប់ដេតលើ ប្រព័ន្ធសុវត្ថិភាព ផងដែរ។ យ៉ាងណា សាមសុង មិនទាន់បានផ្តល់ព័ត៌មានទាក់ទង នឹងការដាក់លក់នៅក្នុងទីផ្សារផ្សេងទៀត នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ថេប្លេត