CAMBO REPORT

Popup Advertising5 seconds

Blizzard ប្រកាស​ជា​ផ្លូវ​ការ​ថា Overwatch នឹង​មក​ដល់ Nintendo Switch នៅ​ខែ​ក្រោយ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្ដាហ៍មុននេះ ក្រុមការងារយើងទទួលបាន របាយការណ៍ថ្មីមួយ ដាក់បង្ហាញឲ្យឃើញអំពី ស្រោមការពារ ឬអាចហៅថា Case ដែលត្រូវបានលេចធ្លាយ សម្រាប់បំពាក់លើ Nintendo Switch ហើយចំណុចពិសេសនោះគឺ វាមានរូបតំណាងឲ្យហ្គេម Overwatch នៅចំពីលើយ៉ាងស្រស់ស្អាត់ និងជាសញ្ញាបង្ហើបឲ្យដឹងថា ហ្គេមដ៏ល្បីល្បាញមួយនេះ អាចនឹងដាក់ឲ្យលេងលើ Switch ឆាប់ៗនេះផងដែរ។ ការរំពឹងទុកលើកនេះ គឺពិតជាត្រឹមត្រូវមែន ដោយកាលពីព្រឹកព្រលឹម កន្លងផុតមុននេះបន្ដិច គណនីផ្លូវការរបស់ហ្គេម Overwatch បានបង្ហោះវីដេអូថ្មីមួយ និងប្រកាសប្រាប់ថា ហ្គេមរបស់ខ្លួន នឹងមកដល់លើ Nintendo Switch នៅថ្ងៃទី 15 ខែតុលាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

 

 

បន្ទាប់ពីក្រុមហ៊ុន CD Projekt Red ប្រកាសប្រាប់ថាហ្គេម The Witcher 3 ដែលមានក្រាហិ្វកធំ នៅលើកុំព្យូទ័រ PC នឹងត្រូវបានដាក់បញ្ចូល ឲ្យធ្វើការលេងនៅលើ Nintendo Switch ហើយមកដល់ឥឡូវនេះ ហ្គេមក្រាហ្វិកធំមួយទៀត គឺជាហ្គេមបាញ់ប្រហារប្រភេទ First Person Shooter ជាលក្ខណៈតួអង្គតុក្កតា ដ៏មានប្រជាប្រិយភាព Overwatch ក៏នឹងមកដល់ Switch ដូចគ្នាផងដែរ។ បើទោះបីជា ហ្គេមក្រាហ្វិកធំទាំងពីរនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនខុសគ្នាពិតមែន ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ គឺកំពុងតែដាក់ឲ្យធ្វើការ កម្ម៉ង់ទុកជាមុនដូចគ្នា និងត្រៀមចេញជាផ្លូវការ នៅខែក្រោយក្នុងថ្ងៃតែមួយ ថែមទៀតផង។ 

 

បើយោងទៅតាម វីដេអូនៅខាងក្រោម គឺបានបង្ហាញឲ្យឃើញថា ក្រាហ្វិកទទួលបាននៅលើ Switch គឺហាក់បីដូចជា ស្រដៀងគ្នាទៅនឹង ក្រាហ្វិកកុំព្យូទ័រអញ្ចឹងដែរ ហើយព្រមទាំងអាច បញ្ជាលេងតាមរយៈមុខងារ Motion Controls និងផ្សេងៗជាច្រើនទៀត។ ការនាំយកហ្គេមរបស់ កុំព្យូទ័រមកដាក់លេង ជាបន្ដបន្ទាប់នេះ គឺពិតជាបញ្ជាក់ថា ម៉ាស៊ីនរបស់ Nintendo Switch មានកម្លាំងខ្លាំង សម្រាប់តួខ្លួនតូចបែបនេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពីហ្គេម Overwatch លេងនៅលើ Switch ៖

 

 

ចំណែកឯហ្គេម Overwatch នៅលើម៉ាស៊ីនហ្គេមចល័ត Nintendo Switch គឺមិនមានមុខងារ ឲ្យយើងលេងបន្ដនោះទេ ដូច្នេះហើយប្រសិនបើ ប្រិយមិត្តអ្នកអាន កំពុងតែលេង នៅលើកុំព្យូទ័រ និងតម្រូវឲ្យធ្វើការលេង សាជាថ្មីម្ដងទៀតនៅលើ Switch ផងដែរ។ ក្រុមហ៊ុន Blizzard នឹងដាក់បញ្ចេញហ្គេម Overwatch ឲ្យលេងនៅលើ Switch ជាផ្លូវការចាប់ពីថ្ងៃទី 15 ខែតុលាឆ្នាំ 2019 ឆាប់ៗនេះតទៅហើយ ដោយមិនយូរនោះទេ យើងនឹងឃើញមាន ដេប៉ូនៅស្រុកយើង យកមកលក់បន្ដ ជាក់ជាមិនខានឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម