CAMBO REPORT

Popup Advertising5 seconds

កៅអី​ Gaming​ តម្លៃ 13,999 ដុល្លារ​ និង​កុំព្យូទ័រ​ហ្គេម​ Predator​ អេក្រង់​ 300Hz​ របស់​ Acer​ បាន​ប្រកាស​ចេញ​ផ្លូវការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីឆ្នាំមុន ក្រុមហ៊ុន Acer បានដាក់បង្ហាញ នូវកៅអី Gaming របស់ខ្លួន ដែលមើលទៅ មានលក្ខណៈប្លែក ថែមទាំងមានតម្លៃ ថ្លៃកប់ពពកទៀតផង។ ដោយឡែក ថ្ងៃនេះនៅក្នុងព្រឹត្តិការណ៍ IFA 2019 ក្រុមហ៊ុនដដែលនេះ បានបញ្ចេញផលិតផលម៉ូឌែលថ្មី មួយចំនួនទៀត ដែលវាសុទ្ធតែជា អ្នកបន្តវេន ពីឆ្នាំមុនទាំងអស់ ជាក់ស្ដែង ដូចជា កៅអី Gaming រួមទាំងកុំព្យូទ័រហ្គេមយីហោ Predator សេរ៊ីថ្មីចំនួន 2 ម៉ូដែលទៀតផង ប៉ុន្តែវាមិនទាន់ ដាក់លក់ជាផ្លូវការ នៅឡើយនោះទេ។

 

 

មិនខុសទេ កៅអីហ្គេមជំនាន់ថ្មី មានឈ្មោះថា Predator Thronos Air ស្ដាប់មើលទៅ ស្រដៀងនឹង MacBook Air របស់ Apple ដែរ ប៉ុន្តែវាជាផលិតផល ដែលមានលក្ខណៈ ខុសគ្នាស្រឡះតែម្ដង។ ពិតណាស់ កៅអីហ្គេមនេះ ត្រូវបានបង្កើតឡើង ដោយអាចបំពាក់ ម៉ូនីទ័រចំនួន 3 ដែលវាមានលក្ខណៈ ក៏ដូចជារូបរាង មិនសូវខុសពីជំនាន់មុន ប៉ុន្មាននោះទេ។ បើយើងមើលទៅ វាមានដូចជាតុមួយ ដែលមានរួមបញ្ចូល ទាំងកៅអី ក៏ដូចជាទម្រក្ដាចុច ដែលអាចផ្លាស់ប្តូរទីតាំងបាន  ដូចមុនដែរ លើសពីនេះ វាមានដែកមួយនៅខាងលើ ដែលទ្រទ្រង់ ម៉ូនីទ័រទាំងបី ហើយអ្នកប្រើប្រាស់ អាចកែតម្រូវកម្ពស់របស់វា បានតាមចំណង់ចំណូលចិត្ត ទៀតផង។

 

 

ម្យ៉ាងវិញទៀត បើប្រៀបធៀបតម្លៃរបស់វា ជាមួយម៉ូឌែលមុន អាចនិយាយបានថា វារាងខុសគ្នាច្រើនដែរ ដោយឆ្នាំមុនវាមានតម្លៃ 20,000 ដុល្លារ រីឯឆ្នាំនេះវិញ វាមានតម្លៃត្រឹម 13,999 ដុល្លារប៉ុណ្ណោះ ប៉ុន្តែសូមបញ្ជាក់ថា តម្លៃទាំងនេះ គឺគិតតែកៅអីប៉ុណ្ណោះ ដូច្នេះអ្នកទិញ ត្រូវចំណាយលុយបន្ថែមទៀត ទៅលើ ម៉ូនីទ័រទាំង 3, PC gaming ក៏ដូចជា webcam ជាដើម ហើយបើគិត តម្លៃសរុបមួយឈុតពេញតែម្ដង វាអាចនឹងចូលខ្ទង់ 20,000 ដុល្លារផងដែរ។ 

 

 

ចូលមកដល់ កុំព្យូទ័រហ្គេមយួរដៃ Predator វិញម្ដង ឃើញថា Acer បានបញ្ចេញចំនួន 2 ម៉ូដែលតែម្តង ដែលមានដូចជា Predator Triton 500 និង Predator Triton 300 ដោយម៉ូឌែលនីមួយៗ បង្កើនសមត្ថភាព បានកាន់តែប្រសើរ ជាងមុនទៅទៀត។ ដំបូងយើងនិយាយពី Predator Triton 500 មុន ដែលវាបាន បំពាក់ជាមួយអេក្រង់ ដែលមានកម្រិត refresh rate ដល់ទៅ 300Hz ឯណោះ លើសពីនេះ វាបានបំពាក់ជាមួយ GPU RTX 2080 Max-Q ជាមួយ CPU Core i7 ជំនាន់ទី 9 ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាទទួលបានការ Upgrade បន្ថែម ដែលមានរ៉េមដល់ 32GB ជាមួយអង្គផ្ទុកប្រភេទ SSD ទំហំ 512GB ផងដែរ ហើយសូមបញ្ជាក់ថា វានឹងត្រូវចរាចរណ៍ លើទីផ្សារ នៅក្នុងខែវិច្ឆិកាខាងមុខ ដោយមានតម្លៃ 2,799 ដុល្លារ។ 

 

 

បន្ទាប់មកទៀតគឺ Predator Triton 300 ដោយវាមានអេក្រង់ 15.6 អ៊ីញ ជាមួយកម្រិត Refresh rate ត្រឹម 144Hz ដែលមានទម្ងន់ 2.26 គីឡូក្រាម និងបំពាក់ដោយ CPU Core i7 ជំនាន់ទី 9 ដូចម៉ូឌែលខាងលើដែរ តែវាបានប្តូរ មកប្រើប្រាស់ GPU ប្រភេទ GTX 1650 វិញ។ ចំពោះម៉ូឌែលនេះ វាមានភ្ជាប់មកជាមួយរ៉េម 32GB រួមទាំងអង្គផ្ទុក 1TB ជាប្រភេទ SSD ហើយក៏អាច គាំទ្រជាមួយ Wi-Fi 6 បានដូចស្មាតហ្វូន ជំនាន់ថ្មីដែរ កាន់តែពិសេសទៀតនោះ វានឹងចាប់ផ្ដើមដាក់លក់ នៅក្នុងខែតុលា ខាងមុខនេះ ជាមួយកញ្ចប់តម្លៃខ្ទង់ 1,432 ដុល្លារផងដែរ។

 

 

សរុបមកវិញ Acer បានបញ្ចេញនូវ កៅអី gaming ដែលមានតម្លៃ ធូរថ្លៃជាងមុន រួមទាំង laptop ហ្គេមចំនួន 2 ម៉ូឌែល ដែលមានសមត្ថភាពខ្លាំង ជាពិសេសគឺ Predator Triton 500 ដោយមានកម្រិត refresh rate ដល់ 300Hz ព្រមទាំងមានតម្លៃជិត 3 ពាន់ដុល្លារទៀតផង។ ដូច្នេះហើយ យើងឃើញថា Acer គ្រាន់តែបង្ហាញ ឲ្យបានឃើញសិនប៉ុណ្ណោះ ចំណែកឯ ពេលដាក់លក់ ដូចបានខាងលើប្រាប់ហើយ គឺអាចចាប់ពីខែក្រោយ នេះទៅផងដែរ Predator Triton 300 ហើយម៉ូដែលផ្សេងពីនេះ គឺអាចនៅខែក្រោយបន្ទាប់ទៀតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ