CAMBO REPORT

Popup Advertising5 seconds

រថយន្ត​ Ford​ Ecosport​ 2020​ បាន​មក​ដល់​កម្ពុជា​ជា​ផ្លូវ​ការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃរថយន្ត Ford Ecosport ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី - អ៊ីអន 2) កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 ។ រថយន្ត Ford EcoSport 2020 ផ្តល់ជូនបទពិសោធន៍បើកបរថ្មី ដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុត នៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មី របស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសំលេងរំខាន ពីខាងក្រៅ ភាពរំញ័រ និងការរលាក់ នៅពេលបើកបរ។ 

 

 

កាន់តែពិសេស Ford Ecosport 2020 ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀត  និងបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើន សំរាប់ជួយសំរួល ដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់ នៅលើរថយន្ត Ford Ecosport 2020 នោះរួមមានដូចជា បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ិញ, កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន, ផ្នែកខាងក្រៅ នឹងខាងក្នុងរចនាថ្មីស្រឡាងយ៉ាងស្រស់ស្អាត, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង និងរអិល,បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ, ប្រអប់ត្រជាក់ និងកន្លែងដាក់ឥវ៉ាន់ 25 កន្លែង និងមានពោងសុវត្ថិភាពចំនួន 6។ 

 

 

ក្រុមវិស្វកររថយន្តFord ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសំលេងរំខាន ដូចជាសំលេងពេលបើកលើផ្លូវ សំលេងខ្យល់ និងសំលេងម៉ាស៊ីនជាដើម ដែលជាកត្ដាធ្វើឲ្យមានសំលេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់ 110 km/h ក៏មិនមានសំលេងរំខានខ្លាំងដែរ។ 

 

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឱ្យអតិថិជនរីករាយនឹងបទពិសោធន៍បើកបររបស់ពួកគេ ដូច្នេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការផលិតរថយន្តនេះឡើង”។

 

 

សម្រាប់ការបើកបរ លើផ្លូវរលាក់ក៏បង្កឲ្យមានសំលេងរំខានចូល ទៅក្នុងរថយន្តដែរ ព្រោះតួរថយន្តបានរចនាថ្មី កាត់បន្ថយសម្លេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មី កាត់បន្ថយភាពរលាក់ រួមជាមួយនឹងសំបកកង់ថ្មីមិនបង្កើតឲ្យមានសំលេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំង ការពារខ្យល់កាត់បន្ថយសម្លេងខ្យល់ ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្ត កែតម្រូវថ្មី កាត់បន្ថយសម្លេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អ និងកាត់បន្ថយកំដៅក្នុងរថយន្ត។ 

 

 

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួរថយន្ត ផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈ Aerodynamics (មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿន កាន់តែមានភាពងាយស្រួល។ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរថយន្តដទៃ ដែលមានទំហំម៉ាស៊ីនប៉ុនគ្នា និងកាត់បន្ថយការប៉ះពាល់ ដល់បរិស្ថានទៀតផង។

 

 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំចូល នូវប្រភេទរថយន្ត SUV ខ្នាតតូចមួយនេះ មកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជា ឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ យើងឃើញថា អ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹក ដោយសារពួកគេយល់ថារថយន្តមួយទឹក មានតម្លៃធូរថ្លៃជាងរថយន្តថ្មី ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្ត ទិញរថយន្តមួយទឹក យកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់ សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មី វាអាចមានការខូចខាត នៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន អ អិម អេ បាននាំចូលនូវរថយន្ត Ford Ecosport មកកាន់កម្ពុជាហើយ ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ 2 ម៉ឺនជាង ក៏អាចជិះរថយន្តថ្មីបានដែរ”។

 

 

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះ ផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួល រួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើន រួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ Ford Ecosport ក៏មានផ្ដល់ជម្រើស នៃព៌ណជាច្រើន ឲ្យជ្រើសរើស រួមមានដូចជា ព៌ណស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅ ផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Ford Cambodia Tag: យានយន្ត