CAMBO REPORT

Popup Advertising5 seconds

Amazon ចង់​ធ្វើ​តេស្ដ​បង់​ប្រាក់​ដោយ​ស្កេន​បាត​ដៃ នៅ​ហាង​លក់​ទំនិញ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីមួយ បានដាក់បង្ហាញឲ្យឃើញថា Amazon ដែលជាវេបសាយ លក់ទំនិញអនឡាញ ដ៏ល្បីល្បាញ ទូទាំងពិភពលោក បានកំពុងតែចង់ធ្វើតេស្ដ លើវិធីបង់ប្រាក់លឿនជាងមុន នៅឯហាងលក់ទំនិញ នៅខាងក្រៅរបស់ខ្លួន ដោយតាមរយៈ ការស្កេនបាតដៃជាទម្រង់ ដើម្បីធ្វើការកំណត់ អត្តសញ្ញាណកម្ម ផងដែរ។ បើយោងទៅតាម ប្រភពសារព័ត៌មាន The New York Post បាននិយាយប្រាប់ថា ក្រុមហ៊ុនយក្សមួយនេះ បានធ្វើតេស្ដដោយស្ងាត់ៗ ទៅលើឧបករណ៍ស្កេនបាតដៃ សម្រាប់ការទូទាត់ទឹកប្រាក់ និងព្រមទាំងមានគម្រោង នាំយកមកបច្ចេកវិទ្យាថ្មីនេះ ទៅកាន់ហាងនានារបស់ខ្លួន ដូចជា Whole Foods និង Amazon Go ចាប់ពីឆ្នាំក្រោយតទៅ។

 

 

ប្រភពព័ត៌មានដដែល បានបង្ហើបឲ្យដឹងថា ការបង់ប្រាក់តាមរយៈ កាតឥណទានធម្មតា គឺចំណាយពេលពី 3 ទៅ 4 វិនាទី ខណៈពេលដែល បច្ចេកវិទ្យាចុងក្រោយរបស់ Amazon អាចសម្រេចដំណើរការ បង់ប្រាក់បានតិចជាង 300 មីលីវិនាទីតែប៉ុណ្ណោះ។ ពោលគឺគ្រាន់តែដាក់បាតដៃ ទៅលើម៉ាស៊ីននោះភ្លាមៗ រួចជាការស្រេច និងមិនចាំបាច់ព្រួយបារម្ភខ្លាចថា បាត់កាតឬអ្វីទៀតនោះឡើយ។ ម៉ាស៊ីនស្កេនបាតដៃនេះ គឺមានឈ្មោះកូដថា “Orville” និងបានបម្រុងទុក សម្រាប់ឲ្យតែអតិថិជន Prime Subscribers ប៉ុណ្ណោះ ហើយនាពេលបច្ចុប្បន្ននេះ កំពុងធ្វើការសាកល្បង ដោយបុគ្គលិករបស់ Amazon នៅឯការិយាល័យ ក្នុងទីក្រុងញូវយ៉ក និងប្រើវាដើម្បីទិញសូដា, នំ និងផ្សេងៗជាច្រើនទៀត តាមទូម៉ាស៊ីនលក់ប្រភេទ Vending Machines ផងដែរ។

 

ចំណែកឯភាពខុសគ្នាគឺថា សេនស័រស្កេនបាតដៃរបស់ Amazon មិនដូចជាអ្វីដែល អ្នកបានឃើញនៅលើ iPhone នោះទេ ដោយចង់មានន័យថា លោកអ្នកមិនតម្រូវឲ្យ ប៉ះផ្ទាល់នឹងម៉ាស៊ីនឡើយ។ ផ្ទុយទៅវិញ វាប្រើចក្ខុវិស័យរបស់កុំព្យូទ័រ និងប្រើប្រាស់ខួរក្បាលរបស់វា ដើម្បីគណនាធរណីមាត្រជម្រៅ សម្រាប់បើកដំណើរការ និងកំណត់អត្តសញ្ញាណ រូបរាង និង ទំហំ របស់បាតដៃនីមួយៗ នៅពេលដែលយើង ដាក់បាតដៃសំកាំងនៅលើ សេនស័ររបស់វាផងដែរ។

 

 

បន្ទាប់ពីបច្ចេកវិទ្យាថ្មីនេះ ត្រូវបានដាក់ឲ្យ បើកដំណើរការ ជាសារធាណៈ ដូច្នេះមនុស្សទាំងអស់គ្នា មិនត្រូវការប្រដាសប្រាក់ ឬកាតឥណទាន ឬក៏ស្មាតហ្វូនតទៅទៀតឡើយ ពេលដែលចូលទិញទំនិញ នៅឯហាង Whole Foods សហរដ្ឋអាមេរិក ដែលថែមទាំងអាច ងាយស្រួលច្រើនជាងហាង Amazon Go នាពេលឥឡូវនេះទៀត។ បច្ចេកវិទ្យាស្កេនបាតដៃនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចចាប់ផ្ដើម ដាក់ឲ្យប្រើប្រាស់ ពីឆ្នាំក្រោយនេះតទៅ និងមានគម្រោងបំពាក់នៅ ហាងលក់ទំនាញ Amazon ក្នុងសហរដ្ឋអាមេរិក គ្រប់ទីកន្លែងទាំងអស់ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: TNW Tag: Lifestyle