CAMBO REPORT

Popup Advertising5 seconds

Lamborghini Sián ជា​រថយន្ដ​ទំនើប​ប្រភេទ Hybrid ដំបូង​របស់​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សូម្បីតែ ក្រុមហ៊ុនផលិតរថយន្ដទំនើប មានភាពល្បីល្បាញ ទូទាំងពិភពលោក Lamborghini ក៏បានទទួលរងសម្ពាធពី រថយន្ដប្រភេទអគ្គិសនីដែរ ប៉ុន្ដែមិនបានដើរលើផ្លូវ ដូចក្រុមហ៊ុនដទៃនោះទេ ដោយមានគំនិតថ្មីផ្ទាល់ខ្លួនតែម្ដង។ ពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនអ៊ីតាលីមួយនេះ បានប្រកាសចេញ Sián ដែលមានន័យថា ពន្លឺ និង រន្ទះ ក្នុងភាសាដើម Bolognese ហើយក៏ជារថយន្ដប្រភេទ Hybrid លើកដំបូងរបស់ខ្លួន ដោយវាសង្កត់ធ្ងន់លើ កម្លាំងម៉ាស៊ីនខ្លាំងខ្លា ច្រើនជាងជួយថែរក្សាបរិស្ថាន ផងដែរ។

 

 

រថយន្ដទំនើបម៉ាក Lamborghini Sián ម៉ូឌែលថ្មីមួយនេះ គឺបានដំឡើងនូវកម្លាំងសេះ 785HP ជាមួយនឹងម៉ាស៊ីនប្រភេទ V12 ហើយបូករួមទាំង កម្លាំងសេះចំនួន 34HP ជាមួយម៉ូទ័រអគ្គិសនី ដែលអាចធានាបានថា នឹងមានសមត្ថភាព ផ្លាស់ប្ដូរដំណើរការគ្នា បានភ្លាមៗតែម្ដង និងព្រមទាំងជារថយន្ដ មានកម្លាំងខ្លាំងបំផុត នៅលើផលិតកម្មរថយន្ដ របស់ក្រុមហ៊ុនអ៊ីតាលី មួយនេះថែមទៀតផង។ វាមានសមត្ថភាពខ្ពស់ អាចជាន់ដល់ល្បឿន 99.78 km/h ក្នុងរយៈពេលត្រឹមតែ 2.8 វិនាទីប៉ុណ្ណោះ ខណៈពេលដែលល្បឿន 349.23 km/h គឺជាល្បឿនកំពូល របស់រថយន្ដនេះផងដែរ។ បើយោងទៅតាម កម្លាំងម៉ាស៊ីនទាំងនេះ យើងនឹងអាចឃើញថា វាមានភាពល្អប្រសើរជាងមុន និងមានកម្លាំងអូសទាញ ដែលជួយឲ្យល្បឿនលឿនខ្លាំងជាងមុន បើប្រៀបធៀបទៅនឹង រថយន្ដទំនើបស៊េរីមុនៗដូច Aventador SVJ ជាដើម។

 

 

អ្វីដែលកាន់តែពិសេសទៀត នោះគឺជារបៀបនៃការផ្ទុកថ្ម និងបញ្ចូលថ្មរបស់រថយន្ដនេះ ដោយវាមិនបានពឹងផ្អែក ទៅលើថាមពលថ្មប្រភេទ Lithium-Ion ដូចជារថយន្ដប្រភេទ Hybrids និងប្រភេទ EVs ផ្សេងៗទៀតនោះទេ ប៉ុន្ដែវាប្រើប្រាស់ថ្មប្រភេទ Supercapacitors ដែលមានផ្ទុកថាមពល ខ្លាំងជាងថ្មធម្មតាទាំងនោះ រហូតដល់ទៅចំនួន  3 ដងឯណោះ និងមានទម្ងន់ស្រាល 3 ដងជាងថ្មធម្មតា ជាមួយនឹងថាមពល ប្រហាក់ប្រហែលគ្នា។ ការសម្រេចចិត្តបំពាក់ថ្មនេះ គឺមិនមែនត្រឹមតែ ដើម្បីកាត់បន្ថយទម្ងន់ របស់រថយន្ដនោះទេ ប៉ុន្ដែព្រមទាំងចង់ឲ្យ វាអាចទ្រទ្រង់ល្បឿនបាន កុំឲ្យធ្លាក់នោះឡើយ ទោះបីជា ផ្លាស់ប្ដូរទៅប្រើអគ្គិសនី។

 

 

ចំណែកឯការឌីហ្សាញ របស់រថយន្ដទំនើប Lamborghini Sián គឺមានរូបរាងទាំងមូល ស្រដៀងគ្នាទៅនឹង រថយន្ដគម្រូ Terzo Millennio ចេញកាលពីឆ្នាំ 2017 រៀងបន្ដិចបន្ដួចដែរ ដោយរួមបញ្ចូលទាំង គំនិតរចនាបែបអក្សរ Y នៅលើក្បាលឡាន ប៉ុន្ដែវាមិនមែនជារថយន្ដ EV ពេញលេញនោះទេ និងគ្មានសមាសធាតុពិសេស ដូចជាជាតិសរសៃកាបូន ដែលព្យាបាលដោយខ្លួនឯង (Self-Healing Carbon Fiber) នោះឡើយ។

 

 

រថយន្ដទំនើបម៉ាក Lamborghini Sián ដែលជាប្រភេទ Hybrid ដំបូងរបស់ក្រុមហ៊ុននេះ គឺមានបញ្ហាដ៏ចម្បងមួយ គឺថាវាប្រាកដជាមាន តម្លៃលក់ថ្លៃកប់ពពក ហើយប្រិយមិត្តទាំងអស់គ្នា មិនអាចមានឱកាស រកជាវបាននោះទេ ពីព្រោះក្រុមហ៊ុនអ៊ីតាលីមួយនេះ បានប្រកាសប្រាប់ថា ខ្លួនបានផលិតត្រឹមតែ 63 គ្រឿងប៉ុណ្ណោះ ហើយរថយន្ដទាំងអស់នោះ រកឃើញម្ចាស់កម្ម៉ង់ទុក រួចហើយទៅហើយ។ ចំពោះតម្លៃរបស់រថយន្ដនីមួយៗ គឺមានរហូតដល់ទៅ 3.6 លានដុល្លារ និងចាប់ផ្ដើមអនុញ្ញាតឲ្យ អ្នកជាវបើកបរលើដងផ្លូវ ពីថ្ងៃទី 12 ខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត