CAMBO REPORT

Popup Advertising5 seconds

Huawei Watch GT ជំនាន់ទី 2 អាច​បង្ហាញ​ខ្លួន​ជាមួយ Mate 30 Series ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ន នាឡិកាឆ្លាត ពិតជាទទួលបានការរីកចម្រើនខ្លាំង ដែលជម្រុញឲ្យអ្នក ប្រើប្រាស់ទូទាំង ពិភពលោកស្គាល់ អំពីគុណប្រយោជន៍ របស់វាច្រើន និងមានការប្រកួតប្រជែងខ្ពស់ ថែមទៀតផង។ ក្នុងនោះមានក្រុមហ៊ុន ផលិតស្មាតហ្វូនធំៗ ជាច្រើន  ក៏បានចាប់ផ្តើម ប្រឡូកខ្លួន ចូលវិស័យនេះ ដូចជាក្រុមហ៊ុនចិន Huawei ជាដើម។ ពិតមែនណាស់ កាលពីចុងឆ្នាំ 2018 កន្លងផុត Huawei បានបញ្ចេញនាឡិកាវៃឆ្លាត Huawei Watch GT ដែលជានាឡិកាឆ្លាតរបស់ខ្លួន ដោយមានរចនាបថ ទាន់សម័យ សាកសមសម្រាប់ បរុសជាជាងស្រ្តី។ 

 

បើគិតមកដល់ពេលនេះ Watch GT មានវត្តមាន នៅលើទីផ្សារ អស់រយៈពេលជិត 1 ឆ្នាំហើយ ដូច្នេះ Huawei គួរតែប្រហែលកំពុងសម្ងំខ្លួន ដុតដៃដុតជើង ផលិតជំនាន់ថ្មី ទៀតហើយមើលទៅ។ ស្រាប់តែមលដល់ពេលថ្មីៗនេះ ព័ត៌មានពីប្រភពបរទេស WinFuture បានចុះផ្សាយពី Watch GT ជំនាន់ទី 2 របស់ Huawei ដែលគេរំពឹងទុកថា វានឹងមានវត្តមាន ដំណាលគ្នានឹង ស្មាតហ្វូន Mate 30 ក្នុងពេលឆាប់ៗ ខាងមុខ។ បើយោងតាមរបាយការណ៍ ព្រមទាំងរូបភាពជាច្រើនសន្លឹក ដែលគេបានបង្ហោះឡើង គឺថារចនាបថ និងលក្ខណៈសម្បត្តិ របស់នាឡិកាឆ្លាត ជំនាន់ថ្មីនេះ មើលទៅកាន់តែស្អាត និងប្រណិតជាងមុន យ៉ាងណា ក៏នៅតែមិនសូវខុសប្លែកអីច្រើន ពីជំនាន់ដើមដែរ គ្រាន់តែចំពោះការឌីហ្សាញ តួខ្លួនវាលើកនេះ នឹងមានកម្រាស់ស្តើងជាងមុន ព្រមទាំងមាន ការអាប់ដេតខ្លះៗ ទៅលើតួម៉ាស៊ីន។ 

 

 

សម្រាប់ Watch GT 2 មើលទៅ ហាក់បីដូចជា នៅតែមានប៊ូតុង 2 សម្រាប់ចុចកំណត់ និងបញ្ជា តែអ្វីដែលប្លែកនោះ គឺវានឹងមានបន្ទះបង្ហាញ ទំហំធំ និងក្បាលវាបង្រួមស្តើង ជាងម៉ូឌែលមុន ដើម្បីងាយស្រួលពាក់លើដៃ ហើយវាក៏នឹងមានជម្រើសម៉ូត 2 ផ្សេងៗគ្នា ដែលមួយរាងជាលក្ខណៈ Sporty និងមួយទៀត ជាប្រភេទ Classic style អមជាមួយខ្សែស្បែក ផងដែរ។ ជាងនេះទៅទៀតនោះ ប្រភពបានបន្តប្រាប់ថា នាឡិកាថ្មីនេះ នឹងមានកំណែអាប់ដេត ចំណុចមួយចំនួន នៅលើ Hardware (ផ្នែករឹង) ហើយរួមបញ្ចូលនូវ មុខងារថ្មីៗ ដូចជា មុខងារវាស់ចង្វាក់បេះដូង, ប្រព័ន្ធ GPS និងបង្ថែម រន្ធស្រូបសម្លេង និងរន្ធបំពងសម្លេង ទៀតផង ដូច្នេះ មានន័យថា វានឹងអាចធ្វើការហៅចេញ ហៅចូល ដូចទូរសព្ទ អញ្ចឹងដែរ។ អ្វីដែលកាន់តែពិសេសពី Watch GT របស់ Huawei គឺវាមានកម្លាំងថ្មខ្លាំង ដែលសាកមួយពេញ អាចរស់ដល់ 2 សប្តាហ៍ នៅពេលបើកមុខងារ សន្សំសំចៃថ្ម ដែលមករួចជាស្រេច ក្នុងប្រព័ន្ធប្រតិបត្តិការ ហើយនៅលើជំនាន់ថ្មី វានឹងមានថាមពល ដល់ទៅ 445mAh បើធៀបជាមួយសិស្សច្បងវា ត្រឹម 420mAh ប៉ុណ្ណោះ។ 

 

 

សរុបមក ទាំងនេះគឺជាដំណឹងដែលយើងបានដឹងខ្លះៗ អំពីនាឡិកាវៃឆ្លាតទាំង 2 ម៉ូឌែល  ថ្មីៗ របស់ Huawei ហើយគេរំពឹងទុកថា វានឹងបង្ហាញខ្លួន ជាផ្លូវការ ស្របពេលជាមួយវត្តមាន ស្មាតហ្វូនស៊េរីថ្មី Mate 30 តែវាអាចនឹងពន្យាដល់ ព្រឹត្តិការណ៍ IFA 2019 នេះ ក៏ថាបានដែរ ព្រោះដោយសារ Huawei កំពុងប្រឈមមុខ នឹងបញ្ហាវាង Android។ ហេតុដូចនេះ សម្រាប់ព័ត៌មានលម្អិត និងកាន់តែស៊ីជម្រៅថា តើវាអាចធ្វើអ្វីបានខ្លះ យើងនឹងចាំមើល Huawei នឹងលាតត្រដាង នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: នាឡិកាវៃឆ្លាត