CAMBO REPORT

Popup Advertising5 seconds

Apple ពិត​ជា​កំពុង​តែ​សម្ងំ​តេស្ត​ឧបករណ៍ VR របស់​ខ្លួន​មែន បើ​យោង​តាម​តម្រុយ​នៅ​ក្នុង iOS 13

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថា បច្ចេកវិទ្យា AR កំពុងបោះជំហ៊ានទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានក្រុមហ៊ុនល្បីៗ ជាច្រើន ងាកមកចាប់អារម្មណ៍ លើវិស័យថ្មីមួយនេះ។ ជាក់ស្តែង មួយរយៈមុននេះ Google បានប្រកាសបង្ហាញពីវ៉ែនតាវៃឆ្លាត ប្រភេទ AR ជំនាន់ថ្មី ដែលឈ្មោះហៅជាផ្លូវការថា Glass Enterprise Edition 2 រីឯ នៅប៉ែកអាស៊ីវិញ ឃើញមានក្រុមហ៊ុន Toshiba ក៏បានបញ្ចេញវ៉ែនតាប្រភេទ AR នេះដែរ។ ពាក់ព័ន្ធទៅនឹងឧបករណ៍ AR នេះ ក្រុមហ៊ុនយក្ស Apple ក៏កំពុងសម្ងំ បង្កើតវាឡើង ដោយគេរំពឹងទុកថា ជាប្រភេទវ៉ែនតា ដូចទៅនឹង ក្រុមហ៊ុនខាងលើដែរ។

 

 

កាលពីពេលថ្មីៗនេះ គេហទំព័រមួយដែលមានឈ្មោះថា MacRumors រកឃើញតម្រុយថា Apple ពិតជាកំពុងសម្ងំធ្វើការតេស្ត សាកល្បងនៅលើឧបករណ៍ AR របស់ខ្លួនពិតមែន នេះបើយោងទៅតាមអ្វី ដែលគេបានរកឃើញនៅក្នុង ប្រព័ន្ធប្រតិបត្តិការ iOS 13 ជំនាន់សាកល្បង។ ប្រភពបានបន្តទៀតថា ពួកគេរកឃើញកូដ ដែលតំណាងឲ្យកម្មវិធីមួយ ឈ្មោះថា “STARTester” ដែលប្រើសម្រាប់ទុកបិទបើក ដំណើរការនៃឧបករណ៍ AR របស់ Apple នៅពេល ដែលយើងធ្វើការពាក់ ឬក៏ដោះវាចេញ។ វាមានជម្រើសមុខងារ 2 នៅពេលយើងពាក់វា ក្នុងនោះរួមមាន “ពាក់” និង “កាន់”។

 

 

បើតាមរយៈកូដដែលមាននៅក្នុង iOS 13 ជំនាន់សាកល្បងនេះផងដែរ ពួកគេក៏បានរកឃើញឯកសារណែនាំ (README) ដែលបានពិពណ៌នាអំពី "StarBoard" ដោយប្រើសម្រាប់បើកដំណើរការ មុខងារ Stereo នៃឧបករណ៍ AR។ នេះអាចជាតម្រុយមួយ ដែលបញ្ជាក់ថា ឧបករណ៍ AR នឹងមានភ្ជាប់មក ជាមួយកាសស្តាប់ត្រជៀក បន្ថែមទៀតនោះ Garta អាចនឹងក្លាយជាឈ្មោះតំណាងឲ្យ ឧបករណ៍ថ្មីមួយនេះ។ តាមរយៈតម្រុយ ដែលគេបានរកឃើញនៅក្នុង iOS 13 បានបង្ហាញពីឃ្លាជាច្រើន ដែលមានទំនាក់ទំនងជា ឧបករណ៍ AR ក្នុងនោះមានដូចជា “various”, “view”, “scence”, “ARStarBoardViewController” និង “ARStarBoardSceneManager” ជាដើម។

 

សរុបមកវិញ ទាំងនេះមិនមែនជាលើកទីមួយនោះទេ ដែលយើងទទួលបានដំណឹង រាយការណ៍មកថា ក្រុមហ៊ុន Apple កំពុងសម្ងំផលិតឧបករណ៍ AR របស់ខ្លួន។ ជាក់ស្តែង កាលពីពេលកន្លងផុតទៅ ក៏មានកំពូលអ្នកវិភាគល្បីឈ្មោះ 2 រូប គឺ លោក Ming-Chi Kou និង លោក Mark Gurman បាននិយាយថា Apple ពិតជាកំពុងតែសម្ងំ ធ្វើការតេស្តសាកល្បង ឧបករណ៍ VR របស់ខ្លួន ពិតមែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ