CAMBO REPORT

Popup Advertising5 seconds

Apple មាន​គម្រោង​បន្ថែម​មុខ​ងារ​តាម​ដាន​ការ​គេង​នៅ​លើ Apple Watch ជំនាន់​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីមួយ បានបង្ហាញឲ្យឃើញថា Apple កំពុងតែសិក្សាទៅលើ មុខងារតាមដានការគេង Sleep Tracking សម្រាប់នាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួនផងដែរ ហើយបើយោងទៅតាម គេហទំព័រសារព័ត៌មាន 9to5Mac បានចុះផ្សាយឲ្យដឹងថា មុខងារថ្មីមួយនេះ អាចត្រូវដាក់បង្ហាញ រួមជាមួយនឹង iPhone ស៊េរីថ្មីៗ នាពេលសប្ដាហ៍ក្រោយនេះ។ អ្វីដែលចាប់អារម្មណ៍ នោះគឺថាមុខងារតាមដាន ការគេងរបស់យើងនេះ មិនតម្រូវឲ្យបានគ្រឿង Hardware បន្ថែមទៀតនោះទេ ដោយគ្រាន់តែបញ្ចូល Software ប៉ុណ្ណោះ ប៉ុន្ដែមិនទាន់ប្រាកដទេថា Apple នឹងបញ្ចេញឲ្យ Apple Watch ជំនាន់មុនៗដែរ ឬក៏ទុកសម្រាប់ស៊េរីថ្មី តែមួយគត់នោះទេ។

 

 

តាមប្រភពបានបញ្ជាក់មក មុខងារថ្មីមួយនេះ គឺមានឈ្មោះកូដថា “Burrito” ខណៈពេលដែល កំពុងធ្វើការអភិវឌ្ឍន៍ ហើយនឹងមានឈ្មោះថា “Time in Bed Tracking” នៅពេលចេញជាសាធារណៈ ផងដែរ។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ពាក់នាឡិកាវៃឆ្លាត Apple Watch នៅពេលកំពុងគេង ដើម្បីទទួលបានទិន្នន័យ ទាក់ទងទៅនឹង រយៈពេលយើងសំរាន្ដ, ប្រាប់ឲ្យបានដឹងថា ពេលកំពុងតែគេង យើងបញ្ចេញសម្លេង យ៉ាងណាដែរ, ចលនាពេលកំពុងគេង និងតាមដានចង្វាក់បេះដូង ជាដើម។ ចំណែកឯទិន្នន័យ ពីការតាមដានការគេង របស់អ្នកប្រើប្រាស់ទាំងនោះ នឹងត្រូវដាក់បង្ហាញ ក្នុងកម្មវិធី Health របស់ iPhone និងកម្មវិធីថ្មីមួយ Sleep សម្រាប់ពិនិត្យនៅលើ Apple Watch ផ្ទាល់តែម្ដង។

 

ទោះបីជាយ៉ាងណា មុខងារថ្មីនេះក៏អាចជា បញ្ហាសម្រាប់អ្នកប្រើប្រាស់ ពីព្រោះអីភាគច្រើន តែងតែសាកថ្ម Apple Watch របស់ពួកគេ នៅពេលយប់ដល់ព្រឹក ដូច្នេះហើយមិនអាច យកមកពាក់នៅក្នុងដៃ រៀងរាល់យប់បាននោះទេ។ ប្រភពរាយការណ៍ដដែល បានបន្ថែមទៀតថា Apple ក៏បានយល់ឃើញនូវ បញ្ហារឿងថ្មមួយនេះ នឹងបានសម្រេចចិត្ត បញ្ចេញជាសារដំណឹង ឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការសាកថ្មទុក មុនពេលចូលគេង ដូច្នេះហើយពួកគេអាច ពាក់រាល់យប់បានហើយ។ ប្រសិនបើអ្នកពាក់ Apple Watch នៅពេលកំពុងគេង ហើយបានភ្ញាក់ឡើង មុនម៉ោងរោទិ៍ទៀត នោះវានឹងបិទម៉ោងរោទិ៍ ដោយស្វ័យប្រវត្តិ ផងដែរ។

 

 

លើសពីនេះទៅទៀត យើងក៏អាចទទួលបាន ជម្រើសថ្មីមួយទៀត ដែលអនុញ្ញាតឲ្យម៉ោងរោទិ៍ បិទសម្លេងទាំងស្រុងតែម្ដង និងបញ្ចេញរំញ័រទៅលើ Apple Watch តែប៉ុណ្ណោះ ហើយចំពោះមុខងារ បិទការរំខាន (Do Not Disturb) នឹងបើកដោយស្វ័យប្រវត្តិ នៅពេលដែលពាក់ Apple Watch ចូលគេងជាមួយ ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ដឹងថា មុខងារតាមដានការគេងនេះ គឺត្រូវការនាឡិកាវៃឆ្លាត Apple Watch ជំនាន់ក្រោយ ឬក៏អត់នោះទេ ដូច្នេះត្រូវរង់ចាំរហូតដល់ ថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2019 នាពេលសប្ដាហ៍ក្រោយនេះ ប៉ុន្ដែប្រភពរាយការណ៍មកនេះ បានបញ្ជាក់ប្រាប់ថា វាមិនត្រូវការគ្រឿង Hardware ថ្មីនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: នាឡិកាវៃឆ្លាត