CAMBO REPORT

Popup Advertising5 seconds

Huawei បញ្ចេញ MediaPad M6 Turbo ជាមួយ​ជម្រើស​រ៉េម​ធំ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ MWC Shanghai ដែលប្រារព្ធឡើង នៅថ្ងៃទី 21 ខែមិថុនា ក្រុមហ៊ុនយក្ស Huawei បានបញ្ចេញ ថេប្លេតជំនាន់ចុងក្រោយ MediaPad M6 ដែលមានជម្រើសទំហំអេក្រង់ ដល់ទៅ 2 ក្នុងនោះរួមមានទំហំ 8.4 អ៊ីញ និង 10.8 អ៊ីញ ព្រមទាំងបំពាក់ដោយ ឈីបកំពូល Kirin 980 ទំហំ SoC 7nm ដូចទៅនឹង Mate 20 Pro ប៉ុន្តែមានរ៉េមត្រឹមទំហំ 4GB តែប៉ុណ្ណោះ។ ស្រាប់តែពេលថ្មីៗនេះ Huawei ក៏បានប្រកាស ថេប្លេតថ្មី មានជម្រើសរ៉េមធំជាងមុន ដែលត្រូវបានគេដឹងថា វានឹងមកជំនួសតំណែង MediaPad M6។

 

 

ថ្វីត្បិតតែ MediaPad M6 ត្រូវបានប្រើប្រាស់ ដោយឈីបកំពូល របស់ Huawei ក៏ពិតមែន ប៉ុន្តែ នៅតែមានអតិថិជនមួយចំនួនធំ បង្ហាញការមិនពេញចិត្តខ្លាំង ចំពោះជម្រើសទំហំរ៉េម 4GB តែមួយគត់ មិនដូចឈ្មោះជា High-end ដែលក្រុមហ៊ុន បានដាក់ឲ្យសោះ។ ពិតមែនហើយ Huawei បានធ្វើកំណែអាប់ដេត ទៅលើថេប្លេតជំនាន់ថ្មី ក្នុងត្រកូល MediaPad M6 ដោយលើកនេះ មានឈ្មោះថា MediaPad M6 Turbo។ ចំពោះម៉ូឌែលថ្មីនេះដែរ ឃើញថាវាបានអភិវឌ្ឍន៍ មួយកម្រិតបន្ថែមទៀត គឺកាន់តែទាន់សម័យ ជាងមុន និងមានរចនាបថពណ៌ថ្មី នៃផ្នែកខាងក្រោយ ដែលមានការឌីហ្សាញ បែបអក្សរ X ស្រដៀង ទៅនឹងស្មាតហ្វូនមួយចំនួនក្នុងត្រកូល Honor ដែរ អមជាមួយស្លាកយីហោ Huawei ចំកណ្តាល ជាមួយជម្រើស 2 ពណ៌ គឺ ពណ៌ Phantom Red និង Phantom Blue។

 

 

សម្រាប់ម៉ូឌែល MediaPad M6 Turbo មានអេក្រង់ទំហំ 8.4 អ៊ីញ ជាប្រភេទ IPS មានកម្រិតបង្ហាញរូបភាព 2560 x 1600 ភិចសែល ដោយបានបំពាក់នូវបន្ទះឈីប Kirin 980 SoC ជាមួយជម្រើសរ៉េមទំហំ 6GB ដែលមានលក្ខណៈធំជាងម៉ូឌែល MediaPad M6 ធម្មតា 2GB អមជាមួយ អង្គផ្ទុកទិន្នន័យ 128GB និងអាចបន្ថែម Memory ខាងក្រៅប្រភេទ microSD បានថែមទៀត។ វាមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល និងមានកាណុងកាមេរ៉ាក្រោយ 1 គ្រាប់ ដែលមានទំហំ 13 មេហ្គាភិចសែល។ 

 

 

ជាចុងក្រោយ ថេប្លេតជំនាន់ថ្មីនេះ មានថាមពលថ្ម 6,100mAh និងត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបតិ្តការ Android 9.0 Pie ស្រោបដោយស្បែក EMUI 9.1 ចេញពីប្រអប់ស្រាប់តែម្តង។ បច្ចុប្បន្ន វាត្រូវបានដាក់លក់ ជាផ្លូវការហើយ នៅលើទីផ្សារនៃប្រទេសចិន ជាមួយតម្លៃ $377 ដុល្លារអាមេរិក សម្រាប់ម៉ូឌែល Wi-Fi និង $419 ដុល្លារ សម្រាប់ម៉ូឌែល ដែលអាចប្រើស៊ីមបាន។ យ៉ាងណា វាអាចនឹងមានវត្តមានលើទីផ្សារសកល ក៏ដូចជាទីផ្សារ នៃព្រះរាជាណាចក្រ កម្ពុជា នាពេលខាងមុខ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ថេប្លេត