CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ 8K ទំហំ 120 អ៊ីញ​ធំ​ជាង​គេ​របស់ Sharp នឹង​ដាក់​បង្ហាញ​នៅ​ព្រឹត្តិ​ការណ៍ IFA 2019 នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម IFA 2019 នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ នឹងត្រូវធ្វើឡើងនៅ ពេលឆាប់ៗខាងមុខនេះហើយ ហើយក្រុមហ៊ុនបច្ចេកវិទ្យា ទូទាំងពិភពលោក បានកំពុងត្រៀមរៀងៗខ្លួន ដើម្បីដាក់បង្ហាញផលិតផល ជំនាន់ចុងក្រោយ របស់ពួកគេផងដែរ។ ចំណែកឯក្រុមហ៊ុនជប៉ុន Sharp បានប្រកាសប្រាប់ថា ខ្លួននឹងធ្វើការដាក់បង្ហាញ ទូរទស្សន៍មានកម្រិតបង្ហាញ 8K ទំហំធំជាងគេលើពិភពលោក នៅក្នុងព្រឹត្តិការណ៍ធំនេះ។

 

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសជប៉ុនមួយនេះ មិនបានបង្ហើបឈ្មោះ របស់ទូរទស្សន៍នេះឡើយ ប៉ុន្ដែបានបញ្ជាក់ប្រាប់ថា នឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី 6 ខែកញ្ញា ដល់ថ្ងៃទី 11 ខែកញ្ញា ឆាប់ៗខាងមុខនេះ។ ទូរទស្សន៍វៃឆ្លាតនោះ គឺមានអេក្រង់ទំហំ 120 អ៊ីញ ដែលមានកម្រិតបង្ហាញ 8K ហើយមិនត្រឹមតែប៉ុណ្ណេះទេ Sharp ក៏មានគម្រោងដាក់បង្ហាញ ទូរទស្សន៍វៃឆ្លាត 8K ដែលមានបំពាក់បច្ចេកវិទ្យា 5G ថែមទៀតផង។ សម្រាប់ព័ត៌មានលម្អិត នៃទូរទស្សន៍វៃឆ្លាត 8K ទំហំអេក្រង់ធំជាងគេ និងទូរទស្សន៍វៃឆ្លាត 5G 8K គឺមិនទាន់បានដាក់បង្ហាញ ឲ្យដឹងនៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ ពិព័រណ៍ពាណិជ្ជកម្ម IFA 2019 ផងដែរ។ ចំពោះគោលបំណង នៃការបង្កើត ទូរទស្សន៍ទាំងអស់នេះ គឺសម្រាប់ដាក់បង្ហាញ ក្នុងកំឡុងពេលពិព័រណ៍ ឬនៅក្នុងសារមន្ទីរ និងសាលារៀនជាដើម ដោយវាអាចបញ្ចេញវីដេអូ បានកម្រិតច្បាស់ខ្លាំង និងរូបភាពគំនូរ របស់ស្នាដៃសិល្បករ។

 

 

ក្រៅពីនេះទៅទៀត Sharp មិនបានបង្ហើបប្រាប់អំពី ទំហំអេក្រង់របស់ទូរទស្សន៍ 8K 5G នោះទេ ប៉ុន្ដែគ្រាន់តែនិយាយថា វាមានសមត្ថភាពខ្ពស់ អាចបង្ហាញវីដេអូបានកម្រិត 8K HDR ហើយអត្ថប្រយោជន៍ នៃការប្រើបច្ចេកវិទ្យា 5G គឺដើម្បីអាចទាញយក វីដេអូ ឬ រូបភាពកម្រិតខ្ពស់ ពីអ៊ីនធើណេតផងដែរ។ ការបញ្ជូនវីដេអូ ច្បាស់ល្អជាមួយកម្រិត 8K គឺត្រូវការល្បឿន យ៉ាងហោចណាស់ 512Gbps ឯណោះ ហើយមានតែបច្ចេកវិទ្យា 5G បានអាចមានសមត្ថភាព ធ្វើបែបនេះបាន។ យើងនឹងនាំយក ព័ត៌មានបន្ថែមអំពី ទូរទស្សន៍វៃឆ្លាត 8K ទំហំអេក្រង់ធំជាងគេ និងទូរទស្សន៍វៃឆ្លាត 5G 8K របស់ក្រុមហ៊ុនជប៉ុន Sharp តទៅទៀត នាពេលដែល ពិព័រណ៍ពាណិជ្ជកម្ម IFA 2019 បានចាប់ផ្ដើមពីថ្ងៃទី 6 ខែកញ្ញា ដល់ថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2019 ដូច្នេះសូមកុំភ្លេចតាមដានទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរទស្សន៍