CAMBO REPORT

Popup Advertising5 seconds

សាកល្បងចំណេះដឹង ទៅមើលថា​អ្នកស្គាល់ Apple បានច្រើនប៉ុណ្ណា?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្ស ផ្នែកបច្ចេកវិទ្យា ដ៏ល្បីល្បាញមួយ នៃសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងដោយ លោក Steve Jobs, លោក Steve Wozniak និងលោក Ronald Wayne ជាលើកដំបូង ដែលមានឈ្មោះថា Apple Computer Company នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 1976 ។ បន្ទាប់មក ក្រុមហ៊ុនមួយនេះ ក៏បានបង្រួបបង្រួមគ្នាជា Apple Computer Inc. ក្នុងឆ្នាំ 1977 រហូតមកដល់ថ្ងៃទី 9 ខែមករា ឆ្នាំ 2007 លោក Steve Jobs បានធ្វើការសម្រេចចិត្ត ផ្លាស់ប្តូរមកដាក់ឈ្មោះថ្មី Apple Inc. ជាផ្លូវការទល់សព្វថ្ងៃ។ Apple Inc. មានឡូហ្គូតំណាង រាងជាផ្លែប៉ោមឆែបមួយចំហៀងបន្តិច និងមានទីស្នាក់ការ ដ៏ធំឈ្មោះថា Apple Park ដែលស្ថិតក្នុងទីក្រុង Cupertino នៃរដ្ឋ California សហរដ្ឋអាមេរិក។ តាមរយៈប្រវត្តិដ៏យូរលង់នៃ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនេះ ប្រិយមិត្តប្រាកដជាមានចម្ងល់ថា តើគេបានសម្រេចវាឡើងបែបណា និងមានសមិទ្ធិផលល្បីៗ អ្វីខ្លះ? ដូច្នេះយើងនឹងធ្វើការស្វែងយល់បន្ថែម នៅខាងក្រោមនេះទាំងអស់គ្នា៖

 

ទីស្នាក់ការ Apple Park

 

 

ឧទ្យាន Apple Park នេះបានចាប់ផ្ដើម ធ្វើការសាងសង់ដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ 2013 មកម៉្លេះ ដែលក្រុមហ៊ុន Apple បានសម្រេចចិត្ត សាងសង់ទីស្នាក់ការដ៏ធំ ជាងគេរបស់ខ្លួន ដែលអាចផ្ទុកបុគ្គលិកបានជាង 12,000 នាក់ និងមានរាងជា រង្វង់អក្សរ O អមជាមួយស្នូលចន្លោះកណ្តាល ព័ទ្ធជុំវិញទៅដោយរុក្ខជាតិ ពណ៌បៃតង យ៉ាងស្រស់បំព្រង សម្រាប់បុគ្គលិក កំសាន្តអារម្មណ៍ លំហែកាយ ឬកាត់បន្ថយស្ត្រេស ជាដើម។ មិនតែប៉ុណ្ណោះ Apple Park មិនត្រឹមតែជាការិយាល័យធ្វើការ សម្រាប់បុគ្គលិកខ្លួនទេ តែវាថែមទាំង ជាមជ្ឈមណ្ឌលផ្ទុក Server, កំសាន្ត, ស្រាវជ្រាវ និងជាទីកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ ប្លែកពីគេលើពិភពលោក ទៀតផង។ ឧទ្យានយក្សរបស់ Apple ដែលមានរូបរាងស្រដៀងនឹង យានអវកាសនៅលើលំហនេះ គឺមានតម្លៃសាងសង់ដល់ទៅ 4 ពាន់លានដុល្លារ ឯណោះ និងបានក្លាយជាសំណង់ទីស្នាក់ការ ដែលឈរនៅលើលំដាប់តារាង តម្លៃថ្លៃជាងគេបំផុត ក្នុងចំណោមទីស្នាក់ការ ក្រុមហ៊ុនផ្សេងៗ។  

 

ម៉ាស៊ីន Macintosh

 

 

Macintosh ឬ Mac ដែលយើងបានលឺនៅពេលបច្ចុប្បន្ននេះ បានចាប់កំណើតតាំងពីឆ្នាំ 1984 មកម្ល៉េះ ហើយវាក៏ជាឈ្មោះដែល Apple បានហៅលើម៉ាស៊ីនកុំព្យូទ័រដំបូងរបស់ខ្លួនដែរ។ Macintosh 128K ជាផលិតផលទី 1 របស់ Apple ដែលបានដាក់លក់លើទីផ្សារ ជាផ្លូវការ នៅថ្ងៃទី 24 ខែមករា ឆ្នាំ 1984 ដោយវាមានអេក្រង់ សខ្មៅ ហើយមានតម្លៃដល់ទៅ 6,000 ដុល្លារ បើធៀបនឹងទឹកប្រាក់ នាពេលបច្ចុប្បន្ន។ Macintosh ពិតជាទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែមាន Macintosh System Software ដែលបង្កើតឡើងដោយ Apple Computer Inc. ផ្ទាល់នៅពេលនោះ។ ដូច្នេះហើយ វត្តមានរបស់ Macintosh II ក៏បានចាប់ផ្តើមលេចមុខ លើទីផ្សារ ដោយមានការអាប់ដេត ពីប្រភេទអេក្រង់សខ្មៅ ទៅអេក្រង់កូល័រវិញ។ បន្ថែមពីនោះ នៅឆ្នាំ 1991 Laptop "PowerBook" ក៏មានវត្តមាននៅលើទីផ្សារ ដែលបាននាំយកការរចនាថ្មី ពីកុំព្យូទ័រលើតុ ដែលធ្លាប់មាន មកជាកុំព្យូទ័រយួរដៃខ្នាតតូចវិញ។ វាក៏បន្តអភិវឌ្ឍឥតឈប់ឈរ ជារៀងរាល់ឆ្នាំ ដែលមានម៉ូឌែលថ្មីដូចជា៖ iBook G3 និង G4។ រហូតដល់ឆ្នាំ 2006 ម៉ូឌែល MacBook ក៏បានចូលមកជំនួសតំណែង នៅ​ក្នុងទីផ្សារវិញម្តង ដោយវាមានវត្តមាន រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងនោះមានដូចជា៖ MacBook Pro, Macbook Air, iMac, iMac Pro និង Mac Mini។ 

 

ប្រព័ន្ធប្រតិបត្តិការ MacOS 

 

 

ស្របពេលនឹងភាពល្បីល្បាញ នៃម៉ាស៊ីន Macintosh នេះ គេក៏មិនភ្លេចពីប្រព័ន្ធប្រតិបតិ្តការ Macintosh ដែលជាសោរលក់នាំមុខគេ ក្នុងការនាំយក Macintosh អោយអភិវឌ្ឍរហូតបានជា Mac OS X ដល់ពេលបច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ 2001 មក Macintosh OS 9 បានប្តូរឈ្មោះមកជា Mac OS X 10 ជាលើកដំបូងក្រោមការកែច្នៃផ្ទៃ User Interface រសជាតិ “Aqua” ថ្មីស្រឡាង ដែលជាដើមកំណើតផ្ទាំងកម្មវិធីដែលយើងបានឃើញនៅលើ MacOS បច្ចុប្បន្ន។ ក្នុងនោះមាន៖

 

• Mac OS X Jaguar 10.2

• Mac OS X Panther 10.3

• Mac OS X Tiger 10.4

• Mac OS X Leopard 10.5

• Mac OS X Snow Leopard 10.6

• Mac OS X Lion 10.7

• Mac OS X Mountain Lion 10.8

• Mac OS X Maverick 10.9

• Mac OS X Yosemite 10.10

• Mac OS X El Captain 10.11

• Mac OS X Sierra 10.12

• Mac OS X High Sierra 10.13

• Mac OS X Mojave 10.14

• Mac OS X Catalina 10.15

 

MacOS បានបន្តពង្រឹងខ្លួន ជាប្រព័ន្ធប្រតិបតិ្តការលើម៉ាស៊ីនកុំព្យូទ័រ ពេញនិយមបំផុតមួយ បន្ទាប់ពីប្រព័ន្ធប្រតិបតិ្តការ Windows ដោយក្នុងនោះ MacOS ជំនាន់ចុងក្រោយនេះ Apple បានបន្ថែមមុខងារថ្មីៗជាច្រើនដូចជា៖ ពង្រឹងផ្នែកសុវត្ថិភាពលើកម្មវិធី Safari និង ប្រព័ន្ធប្រតិបតិ្តការទាំងមូល, មាន Dark Mode ពេញលេញ, បន្ថែមលើមុខងារស្វែងរក Finder និងភាពស្និតស្នាលរវាង MacOS និង iOS ផងដែរ។ 

 

iPod

 

 

iPod គឺជាឧបករណ៍ចាក់តន្រី្ត សម្រាប់យកទៅតាមខ្លួន ព្រមទាំងមានមុខងារកំសាន្តជាច្រើនទៀត វាត្រូវបានរចនា និងបង្កើតឡើងដោយក្រុមហ៊ុន Apple។ iPod ជំនាន់ដំបូងគេបង្អស់ ត្រូវបានប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2001 ហើយបើគិតត្រឹម ថ្ងៃទី 28 ខែឧសភា 2019 iPod ដែលក្រុមហ៊ុន Apple នៅតែបន្តផលិតនោះ គឺ iPod Touch ជំនាន់ទី 7 ដែល Apple បានប្រកាសចេញជាផ្លូវការ កាលពីប៉ុន្មានខែមុននេះ។ គួរបញ្ជាក់ផងថា iPod ដែលមានការពេញនិយមច្រើនជាងគេ រួមមាន iPod Shuffle, iPod Nano និង iPod Touch។

 

iPhone

 

 

iPhone គឺជាឧបករណ៍ដែលស្ថិតនៅក្នុង ខ្សែស្រឡាយស្មាតហ្វូន វាត្រូវបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយដំណើរការដោយប្រតិបត្តិការ iOS។ iPhone ជំនាន់ដំបូងគេបង្អស់ ត្រូវបានប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2007។ បើគិតត្រឹមថ្ងៃទី 18 ខែមិនា ឆ្នាំ 2019 Apple បានធ្វើការបញ្ចេញខ្សែស្រឡាយ iPhone របស់ខ្លួន បានចំនួន 21 ម៉ូឌែលមកហើយ ដោយក្នុងនោះរួមមាន iPhone, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPhone 5C, iPhone 5S, iPhone 6, iPhone 6 Plus, iPhone 6S, iPhone 6S Plus, iPhone SE, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPhone XS, iPhone XS Max និង iPhone XR។ បច្ចុប្បន្ននេះ iPhone ម៉ូឌែលកំពូលរបស់ ក្រុមហ៊ុន Apple គឺ iPhone XS  និង iPhone XS Max ដែលពួកវាត្រូវបំពាក់មកជាមួយបន្ទះឈីបកំពូល A12 Bionic ( ទំហំ 7nm ) ជាឈីបដែលមានកម្លាំងខ្លាំងក្លា ព្រមទាំងបំពាក់មកជាមួយអេក្រង់ OLED ដែលមានគែមខាងក្រោម (Chin) ខ្លីជាងគេក្នុងចំណោមស្មាតហ្វូនដទៃទៀត ហើយពួកវាក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Face ID ដែលជាបច្ចេកវិទ្យាស្កេនផ្ទៃមុខ ដែលមានសុវត្ថិភាពជាងគេ នាពេលបច្ចុប្បន្ននេះ។ 

 

iPad

 

 

iPad គឺជាឧបករណ៍ដែលស្ថិតនៅក្នុង ខ្សែស្រឡាយថេប្លេត វាត្រូវបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយដំណើរការដោយប្រតិបត្តិការ iOS និង iPadOS។ iPad ជំនាន់ដំបូងគេបង្អស់ ត្រូវបានប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 03 ខែមេសា ឆ្នាំ 2010។ បើគិតត្រឹមថ្ងៃទី 18 ខែមិនា ឆ្នាំ 2019 Apple បានធ្វើការបញ្ចេញខ្សែស្រឡាយ iPad របស់ខ្លួន បាន ចំនួន 20 ម៉ូឌែលមកហើយ ដោយក្នុងនោះរួមមាន : iPad, iPad 2, iPad 3, iPad Mini, iPad 4, iPad Air, iPad Mini 2, iPad Air 2, iPad Mini 3, iPad Mini 4, iPad Pro ( 12.9 អ៊ីញ ជំនាន់ទី 1 ), iPad Pro ( 9.7 អ៊ីញ ជំនាន់ទី 1 ), iPad 5, iPad Pro ( 12.9 អ៊ីញ ជំនាន់ទី 2 ), iPad Pro ( 10.5 អ៊ីញ ជំនាន់ទី 2 ), iPad 6, iPad Pro ( 12.9 អ៊ីញ ជំនាន់ទី 3 ), iPad Pro ( 11 អ៊ីញ ជំនាន់ទី 3 ), iPad Air 3 និង iPad Mini 5 ហើយបើគិតមកដល់នេះ ក្រុមហ៊ុន Apple បានធ្វើការលក់ខ្សែស្រឡាយ iPad របស់ខ្លួនបានចំនួន 360 លានគ្រឿងមកហើយ។ បច្ចុប្បន្ននេះ iPad ម៉ូឌែលកំពូលរបស់ ក្រុមហ៊ុន Apple គឺ iPad Pro 11 អ៊ីញ ជំនាន់ទី 3 និង iPad Pro 12.9 ជំនាន់ទី 3 ដែលពួកវាត្រូវបំពាក់មកជាមួយបន្ទះឈីបកំពូល A12X Bionic ( ទំហំ 7nm ) ជាឈីបដែលមានកម្លាំងខ្លាំងក្លាជាង ថេប្លេតណាៗទាំងអស់ក្នុងពេលបច្ចុប្បន្ននេះ ហើយវាក៏បានបំពាក់មកជាមួយអេក្រង់ដែលមាន ល្បឿន Refresh Rate រហូតដល់ 120Hz និងបច្ចេកវិទ្យា Face ID ដែលជាបច្ចេកវិទ្យាស្កេនផ្ទៃមុខ ដែលមានសុវត្ថិភាពជាងគេ នាពេលបច្ចុប្បន្ននេះ។ 

 

Apple Watch

 

 

Apple Watch គឺឧបករណ៍ដែលស្ថិតនៅក្នុង ខ្សែស្រឡាយនាឡិកាវៃឆ្លាត វាត្រូវបង្កើតឡើងដោយក្រុមហ៊ុន Apple។ វាដំណើរការដោយប្រតិបត្តិការ watchOS ហើយវាក៏ត្រូវភ្ជាប់ទៅកាន់ iPhone ដើម្បីដំណើរការកម្មវិធីមួយចំនួនផងដែរ។ Apple Watch ជំនាន់ដំបូងគេបង្អស់ ត្រូវបានប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 24 ខែមេសា ឆ្នាំ 2015។ បើគិតត្រឹមថ្ងៃទី 18 ខែមិនា ឆ្នាំ 2019 Apple បានធ្វើការបញ្ចេញខ្សែស្រឡាយ Apple Watch របស់ខ្លួន បានចំនួន 5 ម៉ូឌែលមកហើយ ដោយក្នុងនោះរួមមាន Apple Watch ជំនាន់ដំបូង, Apple Watch ស៊េរី 1, Apple Watch ស៊េរី 2, Apple Watch ស៊េរី 3 និង Apple Watch ស៊េរី 4។ បច្ចុប្បន្ននេះ Apple Watch ម៉ូឌែលកំពូលរបស់ ក្រុមហ៊ុន Apple គឺ Apple Watch ស៊េរី 4 ដែលវាត្រូវបំពាក់មកជាមួយបន្ទះឈីប S4 ដែលផ្អែកទៅលើស្ថាបត្យកម្ម 64 bit។ គួរបញ្ជាក់ផងថា បើគិតត្រឹមពេលនេះ Apple Watch គឺជានាឡិកាឆ្លាតវៃ ដែលលក់បានចំនួនច្រើនជាងគេបំផុត បើប្រៀបធៀបទៅនឹងនាឡិកាវៃឆ្លាត របស់ក្រុមហ៊ុនដទៃទៀត។

 

ក្លាយជាក្រុមហ៊ុន ដែលមានតម្លៃទីផ្សារស្មើរនឹង 1 Trillion ដុល្លារដំបូងគេលើលោក

 

 

អ្វីដែលកាន់តែពិសេសទៅទៀត Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេបង្អស់ នៅលើពិភពលោក ដែលមានតម្លៃទីផ្សារដល់ទៅ 1 ទ្រីលាន ដុល្លារអាមេរិក កាលពីឆ្នាំ 2018 ដែលតម្លៃនេះ ត្រូវបានយកឈ្នះដោយក្រុមហ៊ុន Amazon វិញនៅពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា Apple អាចនឹងយកឈ្នះក្នុងការឈរលើដំណែងកំពូលវិញ ដោយផ្អែកលើ ម៉ូឌែលដែលត្រៀមវាយលុកទីផ្សារមាន iPhone 11 និង Apple Watch 5។ ក្នុងនោះផងដែរ រួមមានដូចជាការលក់ផលិតផលល្បីៗ របស់ខ្លួន ដូចជា iPhone, iPad, MacBook, iMac និងផ្សារលក់កម្មវិធី App Store ជាដើម។ 

 

ប្រព័ន្ធប្រតិបត្តិការ iOS 

 

 

និយាយមកដល់ ផ្នែកសំខាន់របស់ ស្មាតហ្វូនល្បីរបស់ក្រុមហ៊ុន Apple វិញនោះ អ្នកណាៗក៏បានស្គាល់ពីប្រព័ន្ធប្រតិបតិ្តការផ្តាច់មុខរបស់ iPhone, iPad និង iPod នេះដែរ។ ប្រព័ន្ធប្រតិបតិ្តការ iOS មានលក្ខណៈពិសេសលើប្រព័ន្ធសុវត្ថិភាព ផ្ទាំងបញ្ជាស្រស់ស្អាត និងមិនស្មុគស្មាញ។ iOS មានឈ្មោះដើមជា iPhone OS ដែលចេញមកជាមួយ iPhone ជំនាន់ទី 1 នៅឆ្នាំ 2007។ អ្វីដែលពិសេសនោះ iOS 13 ជំនាន់ចុងក្រោយ បានអភិវឌ្ឍសមត្ថភាព បន្ថែមជាច្រើនដូចជា៖ Privacy, Dark Mode, Siri, កាមេរ៉ា, ផែនទី និងពុម្ភអក្សរជាដើម ដែលទាំងនោះធ្វើអោយឧបករណ៍ដែលបានបំពាក់វា មាន iPhone និង iPod ទទួលបានបទពិសោធន៍ប្រើប្រាស់កាន់តែរលូនល្អ។ 

 

iCloud

 

 

iCloud គឹជាសេវាកម្មមួយ ជួយអោយ Apple ទទួលបានការកោតសរសើរ ពីការយកចិត្តទុកដាក់លើប្រព័ន្ធសុវត្ថិភាព និងរក្សាទុកទិន្នន័យ Cloud Base លើពពករបស់ខ្លួន។ វាត្រូវបានដាក់អោយប្រើប្រាស់ ជាលើកដំបូងនៅថ្ងៃទី 12 ខែ តុលា ឆ្នាំ 2011 នៅពីក្រោយឈ្មោះសេវាកម្មចាស់ MobileMe។ លើសពីនោះទៅទៀត វាមានការពេលនិយមមែនទែន ដោយទទួលបានការចុះឈ្មោះប្រើប្រាស់ដល់ទៅ 20 លានគណនី ក្នុងពេលមិនដល់ មួយសប្តាហ៍ផង បន្ទាប់ពីថ្ងៃប្រកាសចេញ។ iCloud ជាផ្នែកសំខាន់មួយដែល បន្ថែមរសជាតិដល់ប្រព័ន្ធប្រតិបត្តិការ iOS និង MacOS ក្នុងការទទួលបានបទពិសោធន៍ នៃការរក្សារទុកទិន្នន័យលើ Cloud, រូបភាព, តន្ត្រី, អ៊ីមែ៉ល និង ប្រព័ន្ធសុវត្ថិភាព Find my iPhone ទៀតផង។ 

 

Apple Music

 

 

Apple Music គឺជាសេវាកម្ម ទស្សនាវីដេអូ និងស្តាប់ចម្រៀងតាមរយៈអនឡាញ។ ក្នុងនោះវាក៏បានដាក់បញ្ចូល ស្ថានីយ៍វិទ្យុ Beats 1 ផងដែរ ហើយវាជាស្ថានីយ៍វិទ្យុ ដែលធ្វើការផ្សាយ 24/7 ( ក្នុង 1 សប្តាហ៍ 7 ថ្ងៃ និង 1 ថ្ងៃ 24 ម៉ោង ) ទៅកាន់ជាង 100 ប្រទេស នៅជុំវិញពិភពលោក។ Apple Music ត្រូវប្រកាសចេញជាផ្លូវការនៅ ថ្ងៃទី 08 ខែមិថុនា ឆ្នាំ 2015 និងដាក់ឲ្យដំណើរការ ជាផ្លូវការ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2015។ សម្រាប់អតិថិជនថ្មី នឹងទទួលបានការប្រើប្រាស់ សេវាកម្ម Apple Music ដោយឥតគិតថ្លៃក្នុងរយៈពេល 3 ខែដំបូង បន្ទាប់ពីនោះ Apple នឹងធ្វើការគិតថ្លៃសេវាកម្មប្រចាំខែពីអ្នក ដោយតម្លៃសេវាកម្មក្នុង 1 ខែ គឺ 9.99 ដុល្លារ សម្រាប់ការប្រើប្រាស់ក្នុងលក្ខណៈផ្ទាល់ខ្លួន និងតម្លៃ 14.99 ដុល្លារ សម្រាប់ការប្រើប្រាស់ក្នុងលក្ខណៈជាគ្រួសារ អ្វីដែលពិសេសថែមទៀត បើសិនអ្នកគឺជាសសិស្សានុសិស្សនោះ អ្នកចំណាយតែ 4.99 ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ។ ប្រព័ន្ធប្រតិបត្តិការ និងឧបករណ៍ ដែលអាចដំណើរសេវាកម្មនេះបាន រួមមាន macOS, iOS, tvOS, watchOS, CarPlay,  HomePod, Windows, Android, Chrome OS, Amazon, Echo និង Sonos។ គួរបញ្ជាក់ផងថា សេវាកម្ម Apple Music ទទួលបានចំនួន Subsciber រហូតដល់ទៅ 10 លាននាក់ ក្នុងរយៈពេល 6 ខែដំបូង ហើយបើគិតត្រឹម ខែកញ្ញា 2019 វាទទួលបាន ចំនួន Subsciber រហូតដល់ទៅ 60 លាននាក់ ឯណោះ។ 

 

AirPods

 

 

AirPods គឺជាកាសឥតខ្សែ ប្រភេទ Wireless របស់ Apple ដែលបានចាប់កំណើតដំបូង នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2016 ហើយវាជាផលិតផលថ្មីមួយ ដែលមានប្រជាប្រិយភាពខ្លាំង។ ដូច្នេះ នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2019 កាសឥតខ្សែ AirPods ជំនាន់ទី 2 ក៏បានបង្ហាញខ្លួន ជាផ្លូវការ លើទីផ្សារសកល ផងដែរ។ ជាការពិតណាស់ កាសស្ដាប់ត្រចៀកឥតខ្សែ AirPods ស្ថិតក្រោមស្លាកសញ្ញា របស់ក្រុមហ៊ុន Apple បានក្លាយទៅជា ឧបករណ៍វៃឆ្លាតមួយ ដែលទទួលការចាប់អារម្មណ៍ ច្រើនពីទីផ្សារ ពិសេសអ្នកប្រើប្រាស់ iOS តែម្ដង។ បើគិតត្រឹមកឆ្នាំ 2018 ក្រុមហ៊ុន Apple បានធ្វើការលក់ខ្សែស្រឡាយ AirPods របស់ខ្លួនបានចំនួន 35 លានគ្រឿងមកហើយ។

 

តើប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីបានជ្រៀបបន្ថែមពីប្រវត្តិត្រួសៗ ក៏ដូចជាសមិទ្ធិផលល្បីៗដែលក្រុមហ៊ុន Apple សម្រេចបាននាពេលកន្លងមកនោះ? យើងឃើញថា ក្រុមហ៊ុននេះ មិនត្រឹមតែបង្កើតបាននូវ សមិទ្ធិផលដែលជាប្រយោជន៍ ដល់ការរកចំណូលខ្លួនប៉ុណ្ណោះទេ តែអ្វីទាំងអស់ដែលពួកគេបានសាងឡើង បានរួមចំណែកយ៉ាងខ្លាំងទៅលើការផ្លាស់ប្តូរ នូវប្រព័ន្ធបច្ចេកវិទ្យាលើពិភពលោក អោយរីកចម្រើនឡើងយ៉ាងខ្លាំងទៅលើផ្នៃក ទូរសព្ទចល័ត កុំព្យូទ័រប្រើប្រាស់ និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត។ យ៉ាងណាមិញ ពួកយើងសង្ឃឹមថាអត្ថបទនេះ នឹងជាជំនួយបន្ថែមដល់អ្នកចង់យល់ដឹង ពីបច្ចេកវិទ្យាទាំងឡាយ អោយទទួលបានការយល់ដឹងថ្មីផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ