CAMBO REPORT

Popup Advertising5 seconds

Microsoft Surface Pro 7 ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ប្រើ CPU Intel ជំនាន់​ទី 10 ហើយ​អាច​ដាក់​ស៊ីម 4G បាន​គ្រប់​ម៉ូឌែល​ទាំង​អស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កុំព្យូទ័រកូនកាត់ថេប្លេត Microsoft Surface Pro 7 គឺនៅសល់មួយខែជាងទៀតប៉ុណ្ណោះ នឹងត្រូវប្រកាសចេញ ជាផ្លូវការហើយ នឹងអាចធ្វើឡើង នៅឯព្រឹត្តិការណ៍ថ្មីមួយ ដែលត្រូវជាថ្ងៃទី 2 ខែតុលាឆ្នាំ 2019 ខាងមុខនេះ។ មកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន របាយការណ៍ លេចធ្លាយថ្មីមួយ មានប្រភពចេញមកពី វេបសាយបច្ចេកវិទ្យា WindowsArea.de បានផ្ដល់ព័ត៌មានបន្ថែម អំពីថេប្លេតកូនកាត់ ជំនាន់ក្រោយនេះ ដោយបង្ហើបប្រាប់ថា នឹងមានចំណុចមួយចំនួន ត្រូវបានបន្ថែមមកថ្មី ហើយខ្លះទៀតរក្សាទុកដដែល។

 

 

ហាក់បីដូចជាថេប្លេតកូនកាត់ Surface Pro ចេញឆ្នាំមុនអញ្ចឹងដែរ ដោយជំនាន់ក្រោយនេះ ក៏អាចនឹងមានរូបរាងដូចគ្នា ប៉ុន្ដែនៅអស់គែមអេក្រង់ តិចជាងជំនាន់មុនៗ និងព្រមទាំងមាន ការឌីហ្សាញសាមញ្ញ ជាងមុនផងដែរ។ ចំណែកឯអេក្រង់របស់ Microsoft Surface Pro 7 គឺអាចមានទំហំធំ 12.3 អ៊ីញដដែល និងព្រមទាំងបំពាក់ម៉ូដឹម Intel និង Qualcomm ដើម្បីតភ្ជាប់អ៊ីនធើណេត 4G តាមរយៈស៊ីមកាត។ ប្រភពលេចធ្លាយដដែល បានបញ្ជាក់ប្រាប់ថា វានឹងមានម៉ូឌែលច្រើន ដែលម៉ូឌែលមួយចំនួន ប្រើប្រាស់ CPU Intel ជំនាន់ទី 10 ហើយម៉ូឌែលផ្សេងៗទៀត ប្រើប្រាស់ CPU Qualcomm 8cx (ARM) ថែមទៀតផង។

 

ខណៈពេលដែល ម៉ូឌែលដំណើរការនៅលើ CPU Intel គឺនឹងត្រូវបំពាក់ដោយម៉ូដឹម Intel សម្រាប់តភ្ជាប់អ៊ីនធើណេតស៊ីម ដោយឡែកសម្រាប់ ម៉ូឌែលដើរដោយ CPU Qualcomm នឹងភ្ជាប់មកជាមួយម៉ូដឹម Snapdragon X24 LTE ដែលមានលឿនដល់ទៅ 2Gbps ផងដែរ។ ហេតុដោយសារតែ វាជាកុំព្យូទ័រកូនកាត់ថេប្លេត ដូច្នេះហើយវាអាចនឹង ដំណើរការដោយ CPU Intel Comet Lake SKUs ទំហំ 14nm ជំនាន់ទី 10 ប៉ុន្ដែយើងក៏អាចឃើញមាន CPU Intel Core i7 ប្រភេទ U Series បំពាក់នៅលើ Surface ជំនាន់ក្រោយនេះដូចគ្នា។ ក្រៅពីនេះ ថាមពលថ្មទំហំធំជាងមុន ក៏នឹងត្រូវមាននៅលើ Surface ជំនាន់ក្រោយនេះដែរ ហើយបូករួមទាំង CPU ស៊េរីថ្មីថែមទៀត ដូច្នេះវាប្រាកដជាអាច កាន់ថ្មបានយូរតែម្ដង។

 

 

លើសពីនេះទៅទៀត Microsoft Surface Pro 7 ទំនងជាត្រូវដករន្ធដាត DisplayPort ចេញ ហើយបន្ថែមរន្ធប្រភេទ USB Type-C មកជំនួសវិញ ដោយឡែក ក្ដារចុចក៏ត្រូវផ្លាស់ប្ដូរ ទៅកាន់ជំនាន់ក្រោយ TypeCover Keyboard ស្តើងជាងមុន និងស្រាលជាងមុន 20% ថែមទៀតផង។ ក្រុមហ៊ុន Microsoft នឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយ នៅឯថ្ងៃទី 2 ខែតុលាឆ្នាំ 2019 ដែលប្រភពលេចធ្លាយ បានបង្ហើបប្រាប់ថា គឺត្រូវជាថ្ងៃដែល កុំព្យូទ័រកូនកាត់ថេប្លេត Surface Pro 7 ចេញជាផ្លូវការផងដែរ ដូច្នេះប្រិយមិត្តអ្នកអាន កុំភ្លេចតាមដាន ជាមួយក្រុមការងារ ខេមបូ រីផត ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 91Mobiles Tag: កុំព្យូទ័រ