CAMBO REPORT

Popup Advertising5 seconds

Fitbit បាន​ប្រកាស​ចេញ Versa 2 ជាមួយ​អេក្រង់ OLED និង​ដាក់​លក់​ក្នុង​តម្លៃ 199 ដុល្លារ​ឡើង​ទៅ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំមុន ក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ មកពីប្រទេសអាមេរិក Fitbit បានប្រកាសចេញលក់ Versa ជំនាន់ដំបូង និងអាចទទួលបាន ប្រជាប្រិយភាពខ្លាំង ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ Fitbit ក៏បានសម្រេចចិត្ត ប្រកាសចេញ នាឡិកាឆ្លាតវៃ Versa 2 ជំនាន់ក្រោយ ជាមួយនឹងការបន្ថែម លក្ខណៈពិសេសថ្មីៗ មួយចំនួនទៀតដូចជា មានបំពាក់បន្ទះអេក្រង់ OLED និងជំនួយការឌីជីថល Alexa មកស្រាប់តែម្ដង។

 

 

ការបំពាក់អេក្រង់ប្រភេទ OLED គឺធ្វើឲ្យនាឡិកាឆ្លាតវៃ Versa 2 មានគុណភាពល្អជាង បន្ទះអេក្រង់ប្រភេទ LCD របស់ជំនាន់ដំបូង ឆ្ងាយណាស់ និងព្រមទាំងមានជំនួយពី Alexa របស់ក្រុមហ៊ុន Amazon ហើយរួមបញ្ចូលទាំង កម្មវិធីស្ដាប់តន្ដ្រី Spotify ផងដែរ។ ក្រៅពីនេះទៅទៀត នាឡិកាឆ្លាតវៃរបស់ Fitbit ជំនាន់ក្រោយនេះ ក៏ទទួលបានឈីបថ្មី មានល្បឿនលឿន និងថ្មកាន់បានយូរជាងមុន ថែមទៀតផង។ នាឡិកាឆ្លាតវៃ Fitbit Versa 2 មានជម្រើសចំនួន 2 ម៉ូឌែលខុសៗគ្នា សម្រាប់ជ្រើសរើស ដែលម៉ូឌែលធម្មតាមាន ខ្សែប្រភេទស៊ីលីកុន ហើយចំពោះម៉ូឌែល Special Edition គឺមានប្រភេទខ្សែរុំដោយជ័រ Polyester បន្ថែមពីលើទៀត ដើម្បីឲ្យកាន់តែរឹងមាំ ហើយតួខ្លួនទាំងពីរម៉ូឌែល ជាដែកអាលុយមីញ៉ូម។

 

ហាក់បីដូចជា នាឡិកាឆ្លាតវៃ ភាគច្រើនអញ្ចឹងដែរ Fitbit Versa 2 គឺមានបំពាក់សេនស័រ តាមដានចង្វាក់បេះដូង 24 ម៉ោង និងព្រមទាំងមាន សមត្ថភាពខ្លាំង អាចចូលទឹកបានជម្រៅ 50M ដូច្នេះអ្នកប្រើប្រាស់ អាចពាក់នៅពេល កំពុងហែលទឹកបាន ដោយមិនចាំបាច់ ព្រួយបារម្ភនោះឡើយ។ លើសពីនេះទៅទៀត មុខងារពិសេស Always-On Display ដែលអនុញ្ញាតឲ្យនាឡិកា ដាក់បង្ហាញម៉ោង បានគ្រប់ពេលវេលា ក៏មាននៅលើ Fitbit Versa 2 ដែរ និងថាមពលថ្មកាន់បាន 5 ថ្ងៃឯណោះ។ 

 

 

យ៉ាងណាក៏ដោយ វាមិនមានឧបករណ៍ GPS ភ្ជាប់មកជាមួយនោះទេ ដូច្នេះដើម្បីធ្វើការតាមដាន ជំហានដើរ ឬលំហាត់ប្រាណ គឺត្រូវការស្មាតហ្វូន របស់លោកអ្នកផងដែរ។ នាឡិកាឆ្លាតវៃ Fitbit Versa 2 កំពុងតែដាក់ឲ្យកម្ម៉ង់ នៅលើទីផ្សារអាមេរិក ចាប់ពីពេលនេះ តទៅហើយ និងចេញលក់ជាផ្លូវការ នៅថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2019 ខាងមុខនេះ ជាមួយនឹងតម្លៃ 199 ដុល្លារ សម្រាប់ម៉ូឌែលធម្មតា ខណៈពេលដែលម៉ូឌែល Special Edition មានតម្លៃឡើងដល់ទៅ 229 ដុល្លារ។ នាពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់បានដឹងថា ពេលណាឲ្យប្រាកដនោះទេ ដែលដេប៉ូលក់ស្រុកយើង នឹងនាំចូលមកលក់បន្ដ ប៉ុន្ដែសង្ឃឹមថានឹងអាច ឆាប់ៗខាងមុខនេះចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: នាឡិកាវៃឆ្លាត