CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ Amazfit Stratos 3 ចេញ​ជា​ផ្លូវ​ការ មាន​លក្ខណៈ​សម្បត្តិ​ល្អ ជាមួយ​តម្លៃ​ខ្ទង់ 181 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ថ្មីមួយ នៅប្រទេសចិន ប៉ុន្មានថ្ងៃមុននេះ Huami បានប្រកាសចេញនូវ នាឡិកាឆ្លាតវៃស៊េរីថ្មីៗ រហូតដល់ទៅ 3 ម៉ូឌែលឯណោះ ដែលរួមមានដូចជា Amazfit GTS, Amazfit Smart Sports Watch 3 ឬ Stratos 3 និងគម្រោងនៃការផលិត Amazfit X ថែមទៀតផង។ ចំពោះនាឡិកាឆ្លាតវៃ Huami Amazfit Smart Sports Watch 3 គឺប្រើប្រាស់អេក្រង់ទំហំ 1.34 អ៊ីញ មានកម្រិតបង្ហាញ 320x320 ជាបន្ទះអេក្រង់ប្រភេទ Transflective MIP ដែលអាចផ្លាស់ប្ដូរបាន និងមានភាពងាយស្រួល មើលក្រោមពន្លឺព្រះអាទិត្យ ហើយផលិតឡើងដោយ ក្រុមហ៊ុនជប៉ុន JDI ផងដែរ។

 

 

តួខ្លួនរបស់នាឡិកាឆ្លាតវៃនេះ គឺជាប្រភេទដែកអ៊ីណុក 316L (Stainless Steel) និងមានខ្សែនាឡិកា ស៊ីលីកូនពណ៌ខ្មៅ ហើយចំពោះម៉ូឌែលកំពូល Elite Version មានតួខ្លួនដែកទីតានីញ (Titanium Steel) ទម្ងន់ស្រាលល្អ ប៉ុន្ដែរឹងមាំខ្លាំង និងមានខ្សែនាឡិកា កៅស៊ូប្រភេទ Fluorine រលោងហើយរឹងមាំល្អ ដែលព្រមទាំងមាន ភាពធន់ នឹងបរិស្ថានខ្លាំងថែមទៀត។ នាឡិកាឆ្លាតវៃ Amazfit Stratos 3 គឺដើរដោយបន្ទះឈីប Dual-Core 1.2GHz និងប្រព័ន្ធប្រតិបត្តិការ ចំនួនពីរថែមទៀតផង ដើម្បីបម្រើការងារប្រចាំថ្ងៃ និងនៅលើជំនាញកីឡាអាជីព ហើយវាក៏មានផ្ទុកនូវរ៉េមទំហំ 512MB និងអង្គផ្ទុកទិន្នន័យទំហំ 4GB ផងដែរ។ 

 

 

នាឡិកាឆ្លាតវៃស៊េរីថ្មីនេះ មាននូវប៊ូតុងបញ្ជាចំនួនបួន និងព្រមទាំងអាចថាច់ស្រ្គីម ដោយប៊ូតុងទាំងអស់នោះ មានអត្ថប្រយោជន៍ជាច្រើន ខណៈពេលដែលកំពុងភ្លៀង ហើយអេក្រង់ពោរពេញដោយទឹក ឬស្ថិតក្នុងបរិស្ថានណាមួយ ដែលអេក្រង់ថាច់ស្រ្គីន មិនអាចដំណើរការបាន។ អ្នកប្រើប្រាស់ទាំងអស់ ក៏ទទួលបានមុខងារ Professional Mode ដែលមានជម្រើសហាត់ប្រាណ រហូតដល់ទៅចំនួន 19 សម្រាប់ឲ្យជ្រើសរើស ដោយរួមមានដូចជា ការរត់នៅខាងក្រៅ, ការរត់ដោយប្រើម៉ាស៊ីន, ការដើរ, ការជិះកង់ នៅខាងក្រៅ, ការជិះកង់ដោយប្រើម៉ាស៊ីន, ការហែលទឹក នៅអាងហែលទឹក, ការហែលទឹក នៅកន្លែងបើកចំហ ដូចជាសមុទ្រ ឬបឹងជាដើម, ការឡើងភ្នំ និងផ្សេងៗជាច្រើនទៀត។ ចំណែកឯថាមពលថ្មរបស់វា ខណៈពេលប្រើមុខងារ Professional Mode គឺត្រូវបានគេធានាថា នឹងអាចបន្ដប្រើប្រាស់បាន រយៈពេលដល់ទៅ 7 ថ្ងៃផងដែរ។

 

 

លើសពីនេះទៅទៀត យើងក៏ទទួលបានមុខងារ Ultra Mode ដែលអនុញ្ញាតឲ្យថាមពលថ្ម បន្ដប្រើប្រាស់បាន កាន់តែយូរជាងមុន ជាមួយនឹងការបម្រើ ការងារប្រចាំថ្ងៃដូចជា ត្រួតពិនិត្យចង្វាក់បេះដូង 24 ម៉ោង, ការមើលសារជូនដំណឹង, ប្រភេទលំហាត់ប្រាណចំនួន 11 និងឧបករណ៍ NFC សម្រាប់បង់ប្រាក់ជាដើម។ ខណៈពេលដែល កំពុងតែប្រើប្រាស់មុខងារ Ultra Mode វានឹងអាចកាន់ថ្មបាន 14 ថ្ងៃឯណោះ។ នាឡិកាឆ្លាតវៃថ្មីមួយនេះ ត្រូវបានដើរដោយឈីប Sony GNSS ដែលប្រើប្រាស់ថាមពលតិច និងមានប្រព័ន្ធទំនាក់ទំនងដូចជា NFC, GPS/ Glonass/Beidou/Galileo, Bluetooth 5.0 និង Wi-Fi 802.11 b/g/n ថែមទៀតផង។

 

 

ក្រៅពីនេះទៅទៀត នាឡិកាឆ្លាតវៃ Huami Amazfit Stratos 3 ឬ Amazfit Smart Sports Watch 3 មានអាវក្រោះមិនជ្រាបទឹក 5ATM ជាមួយនឹងទម្ងន់ត្រឹមតែ 59.6 ក្រាមផងដែរ។ ចំណែកឯតារាងតម្លៃវិញនោះ នាឡិកាឆ្លាតវៃ Amazfit Stratos 3 ម៉ូឌែលធម្មតា ត្រូវបានដាក់លក់ នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃប្រហាក់ប្រហែល 181 ដុល្លារ និងម៉ូឌែលលំដាប់កំពូល Elite Version មានតម្លៃប្រហាក់ប្រហែល 237 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: នាឡិកាវៃឆ្លាត