CAMBO REPORT

Popup Advertising5 seconds

ធ្លាប់​ឆ្ងល់​ទេ​ថា​ លេន​ Telephoto​ លើ​កាមេរ៉ា​ស្មាត​ហ្វូន​របស់​អ្នក​ អាច​ធ្វើ​ការ​អ្វីបាន​ខ្លះ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ កាមេរ៉ាគឺជាផ្នែកសំខាន់មួយ ដែលធ្វើឲ្យតម្លៃរបស់ស្មាតហ្វូន មានការកើនឡើងខ្លាំង នេះក៏ដោយសារអ្នកប្រើប្រាស់ បានឲ្យតម្លៃទៅលើវាខ្លាំងដូចគ្នា។ អញ្ចឹងហើយ ទើបក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនធំ បានបំពាក់លេនកាមេរ៉ា ជាច្រើនគ្រាប់ នៅលើស្មាតហ្វូនតែមួយ ព្រោះថាវាអាចធ្វើការបានកាន់តែច្រើនផងដែរ។ មិនខុសទេ កាមេរ៉ាស្មាតហ្វូនសព្វថ្ងៃនេះ ភាគច្រើនផលិតមក គឺតែងតែមានភ្ជាប់ជាមួយ លេនសំខាន់មួយគ្រាប់ ដែលគេហៅថា លេន Telephoto ទៀតផង អញ្ចឹងតើអ្នកដឹងទេថា លេនមួយនេះ មានសមត្ថភាពធ្វើអ្វីបានខ្លះ?

 

 

ពិតណាស់ បើនិយាយពី លេន Telephoto គឺយើងដឹងច្បាស់ថា វាប្រាកដជាទាក់ទងនឹងចម្ងាយ ព្រោះថាលេនមួយនេះ គឺជាផ្នែកសំខាន់បំផុតមួយ ដែលអាចចាប់យករូបភាពបាន ក្នុងរយៈចម្ងាយឆ្ងាយ ហើយវាមានតួនាទីមិនខុសពីកែវពង្រីក ប៉ុន្មាននោះទេ។ មិនខុសគ្នាទេ Optical zoom ក៏ជាប្រភេទលេន Telephoto ដែរ ហើយវាកាន់តែមានសមត្ថភាពខ្លាំងថែមទៀត ក្នុងការចាប់យករូបភាព បានកាន់តែឆ្ងាយ ព្រមរក្សាគុណភាពរូបភាព បានកាន់តែប្រសើរ អញ្ចឹងដែរ។ ប្រាកដណាស់ ស្មាតហ្វូនដែលមាន កម្រិតនៃការពង្រីកបានខ្លាំងៗ ភាគច្រើនគេហៅវាថា ជាការ zoom បែប Optical ឬមួយក៏ Optical zoom ផងដែរ។

 

 

ជាក់ស្ដែងដូចយើង ធ្លាប់ឃើញស្រាប់ នៅលើស្មាតហ្វូន Huawei P30 ដែលវាបានបំពាក់ជាមួយ លេន Telephoto មួយគ្រាប់ដែលមានសមត្ថភាពពង្រីកបាន 5 ដង ហើយគេហៅថា ជាប្រភេទ Optical zoom លើសពីនេះ វាក៏មានសមត្ថភាពខ្លាំងជាង iPhone XS និង Galaxy S10 ទៀតផង ដោយម៉ូឌែលទាំងពីរនេះ អាចពង្រីកបានត្រឹម 2 ដងប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា លេនមួយនេះ វាមិនមែនត្រឹមតែជួយ ក្នុងការពង្រីករូបភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយ ដែលជួយទៅលើមុខងារ ព្រាលផ្ទៃខាងក្រោយទៀតផង ដែលជាធម្មតាយើងហៅមុខងារនេះថា Portrait Mode បើទោះបីជាស្មាតហ្វូនមួយចំនួន បានបំពាក់ជាមួយសេនស័រព្រាលនេះ រួចហើយក៏ដោយ។ ពិតណាស់ បើទោះជាមាន សមត្ថភាពបែបនេះមែន ក៏វាមិនអាចធ្វើការបានល្អនោះដែរ បើសិនជាមិនមានជំនួយបន្ថែម ពីខាងផ្នែក Software នៃស្មាតហ្វូននោះ ជាក់ស្ដែងដូចយើងឃើញស្រាប់ នៅលើស្មាតហ្វូន Google Pixel អញ្ចឹង ព្រោះថាស្មាតហ្វូននេះ មានលេនតែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែគុណភាពរូប ដែលផលិតចេញមក អាចធ្វើឲ្យ ស្មាតហ្វូនកាមេរ៉ា 3 គ្រាប់មួយចំនួន សុំដកថយមុនប្រយុទ្ធផងដែរ។

 

 

អញ្ចឹងហើយ ទាំងនេះជា អ្វីដែលលេន Telephoto អាចធ្វើបាន ដោយវាមានប្រយោជន៍ច្រើន លើសពីការគិត របស់យើងទៅទៀត។ តែទោះជាយ៉ាងណា ដើម្បីទទួលបានប្រយោជន៍ ទាំងអស់នេះពីវា លុះត្រាតែស្មាតហ្វូនដែលបំពាក់លេននេះ មានសមត្ថភាពផ្នែក Software គ្រប់គ្រាន់ផងដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ប្រិយមិត្តមួយចំនួន ដែលមិនទាន់បានស្គាល់ច្បាស់ ពីប្រភេទលេនខាងលើ ប្រហែលបានស្គាល់ច្បាស់ហើយ តាមរយៈការអានអត្ថបទមួយនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: TNW Tag: កាមេរ៉ា