CAMBO REPORT

Popup Advertising5 seconds

Samsung​ នៅ​តែ​បន្តចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ទៅ​​លើ​ការ​ស្រាវ​ជ្រាវ និង​របក​គំហើញ​ថ្មី​ៗ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តគ្រប់គ្នា ប្រហែលជាស្គាល់ហើយ នូវយីហោរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung ហើយយើងក៏បានឃើញ យីហោនេះនៅលើឧបករណ៍ជាច្រើន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ មិនខុសទេ បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុនចិនជាច្រើន បានចេញមុខមកនោះ ឃើញថាបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់ប្រាក់ចំណូលរបស់ Samsung ពោលគឺ មានការធ្លាក់ចុះ ជារៀងរាល់ឆ្នាំទៀតផង ជាពិសេសគឺ ចំណូលមកពីការលក់ស្មាតហ្វូនតែម្ដង។ បើទោះជាយ៉ាងណាក្តី ក៏ក្រុមហ៊ុនខាងលើ នៅតែបន្តក្នុងការចំណាយលុយទៅលើ ការស្រាវជ្រាវ ក៏ដូចជាការអភិវឌ្ឍបន្ថែម ដោយមិនរាថយនោះទេ។

 

 

មិនខុសទេ ជារៀងរាល់ឆ្នាំ Samsung តែងតែជាក្រុមហ៊ុនមួយ ដែលហ៊ានចំណាយលុយច្រើនជាងគេ ក្នុងការ សិក្សាស្រាវជ្រាវ រករបកគំហើញថ្មីៗ ក៏ដូចជាការអភិវឌ្ឍបន្ថែម ទៅលើផ្នែកផ្សេងៗផងដែរ។ ដោយឡែក នៅក្នុងឆ្នាំនេះវិញ វាគ្មានអ្វីប្លែកនោះទេ ព្រោះក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នៅតែបន្តជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ថែមទៀត ទៅលើចំណុចដូចដែលបានរៀបរាប់នៅខាងដើម បើនិយាយឲ្យចំទៅ គិតត្រឹម 6 ខែដំបូង Samsung បានចំណាយលុយដល់ទៅ 8.4 ពាន់លានដុល្លារ ទៅហើយ។ គួរបញ្ជាក់ដែរថា ចំនួននេះ វាបានកើនឡើងប្រមាណជា 12.2 ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន ប៉ុន្តែបើនិយាយពី ការលក់បានវិញ វាក៏សមាមាត្រគ្នាដែរ ព្រោះថា ទិន្នន័យនៃការលក់ វាបានកើនឡើង ប្រមាណជា 9.3 ភាគរយថែមទៀតផង។

 

 

ជាក់ស្ដែងណាស់ វាមិនងាយស្រួលក្នុងការ ទទួលបានប្រាក់ចំណេញ មកវិញភ្លាមៗនោះទេ ព្រោះថាការចំណាយលុយទៅលើ ការសិក្សាស្រាវជ្រាវ រួមទាំងការអភិវឌ្ឍន៏នេះ វាទាមទារពេលវេលាជាច្រើនឆ្នាំ ទើបទទួលបានផ្លែផ្កាត្រលប់មកវិញ អញ្ចឹងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមប៉ាតង់ថ្មី ដែលក្រុមហ៊ុននេះ ទទួលបាន វាអាចចង្អុលបង្ហាញពី គោលដៅជោគជ័យមួយរបស់ Samsung បើគិតទៅ ក្នុងឆ្នាំនេះ ខ្លួនបានសម្រេចប៉ាតង់ថ្មីប្រមាណជា 1,473 ប៉ាតង់ នៅក្នុងពាក់កណ្តាលឆ្នាំដំបូង ដោយក្នុងនោះមាន 70 ភាគរយ ជាប៉ាតង់សរុបនៅក្នុងប្រទេសកំណើតរបស់ខ្លួន កាលពីឆ្នាំមុនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បើគិតត្រឹមខែមិថុនានេះ Samsung បានបញ្ចេញប៉ាតង់សរុបចំនួន 132,478 ដែលក្នុងនោះ មាន 40 ភាគរយ បានចុះបញ្ជីនៅអាមេរិក, 20 ភាគរយនៅអឺរ៉ុប និង 17.8 ភាគរយទៀត ចុះឈ្មោះនៅកូរ៉េខាងត្បូងផ្ទាល់តែម្ដង។ លើសពីនេះ កាលពីឆ្នាំ 2018 កន្លងទៅ Samsung បានឈរនៅលេខពីរ ក្នុងឋានៈជាក្រុមហ៊ុន ដែលបានបញ្ចេញប៉ាតង់ច្រើនជាងគេ នៅក្នុងអាមេរិក ដែលមានសរុបចំនួន 5,836 ប៉ាតង់ ក្នុងនោះដែរ ភាគច្រើនជាប្រភេទ ស្មាតហ្វូន អង្គផ្ទុកទិន្នន័យ ទូរទស្សន៍ និងមានគ្រឿងអេឡិចត្រូនិច ជាច្រើនទៀតផងដែរ។

 

 

សរុបមកវិញ នៅក្នុងពេលនេះ Samsung នៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៏ កាន់តែខ្លាំងជាងមុនថែមទៀត ព្រោះដើម្បីពង្រឹងអានុភាពខ្លួន នៅលើទីផ្សារបច្ចេកវិទ្យា រួមទាំងទីផ្សារគ្រឿងអេឡិចត្រូនិចជាដើម។ ដូច្នេះហើយ បើក្រុមហ៊ុនកូរ៉េមួយនេះ មិនធ្វើអញ្ចឹងទេ នោះប្រាកដណាស់ថា ក្រុមហ៊ុនចិនផ្សេងទៀត នឹងធ្វើឲ្យតំណែងរបស់ខ្លួន ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: Lifestyle