CAMBO REPORT

Popup Advertising5 seconds

Google Maps បាន​ជួយ​អោយ​ឪពុក​ម្នាក់ រក​ឃើញ​កូន​ស្រី​គាត់​វិញ បន្ទាប់​ពី​បាត់​ខ្លួន​អស់ 4 ខែ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នកអភិវឌ្ឍ Software បានព្យាយាមបង្កើតកម្មវិធី មានប្រយោជន៍ជាច្រើន ដែលអាចជួយសម្រួល ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ ក្នុងនោះផងដែរ Google Maps ក៏បានរាប់ចូលជា កម្មវិធីជំនួយដ៏សំខាន់មួយ ដែលមហាជនពុំដែលរំលង វាចេញពីស្មាតហ្វូន ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ជាប្រចាំឡើយ។ ជាការពិតណាស់ វាអាចជួយឲ្យយើង ស្វែងរកទីតាំងណាមួយ ដោយមិនវង្វេង និងមានភាពងាយស្រួលបំផុត ក្នុងការរកទីកន្លែងណា ដែលអ្នកចង់ទៅ បានកាន់តែរហ័ស ជាពិសេស វាក៏ទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជុំវិញពិភពលោក ផងដែរ។

 

 

ជាក់ស្តែង ថ្មីៗនេះមានករណីមួយ បានកើតឡើងនៅឯប្រទេសឥណ្ឌា ដែលបុរសម្នាក់ជាឪពុកបានរកឃើញ កូនស្រីបណ្តូលចិត្តវិញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាង 4 ខែ ហើយនោះក៏ដោយសារមាន Google Maps បានជួយដែរ ទើបអាចធ្វើឲ្យក្មេងស្រី បានជួបជុំឪពុកនាងវិញ។

 

បើយោងតាមការរាយការណ៍ ពីប្រភពបរទេសបានឲ្យដឹងថា ក្មេងស្រីអាយុ 12 ឆ្នាំម្នាក់ បានវង្វេងបាត់ខ្លួនពីឪពុក តាំងពីថ្ងៃទី 21 ខែមីនា នៅទីក្រុង Delhi មកម្លេះ ដែលទើបតែបានរកឃើញវិញ កាលពីថ្មីៗនេះប៉ុណ្ណោះ។ ដំបូងឡើយ នាងបានធ្វើដំណើរតាមរថភ្លើង ដើម្បីឆ្ពោះទៅកាន់ទីក្រុង Delhi ជាមួយពូរបស់នាង តែជាអកុសល ពូនាងមានគំនិតអាក្រក់ ចង់ធ្វើបាបនាង ដូច្នេះ នាងបានព្យាយាមរត់គេច ពីគាត់ទាំងស្លន់ស្លោ ភ័យខ្លាចជាខ្លាំង ក៏បានមកជួបនឹងអ្នករត់ម៉ូតូកង់បីម្នាក់ នៅក្នុងទីក្រុងនោះ ដោយនាងពុំដឹងគួរ ទៅណាឲ្យច្បាស់ ក៏អ្នករត់កង់បីបានសម្រេចចិត្តទម្លាក់នាង នៅនឹងទីស្នាក់ការប៉ូលីស តែម្តង។ ខណៈនោះ នាងមិនបានចាំអ្វីទាំងអស់ ក្រៅពីដឹងត្រឹមថា នាងមកពីភូមិ Khurja និងឈ្មោះឪពុក របស់នាងតែប៉ុណ្ណោះ អញ្ចឹងហើយ ទើបធ្វើឲ្យប៉ូលីស ពិបាកក្នុងការស្វែងរក ទីតាំងផ្ទះរបស់ក្មេងស្រី នោះណាស់។ បន្ទាប់ពីនោះមក លោកប៉ូលីសក៏ព្យាយាមធ្វើការ សាកសួរក្មេងស្រីទៀតថា នាងមានចាំកន្លែងណា ដែលនៅជិតផ្ទះ នាងដែរឬទេ ដោយក្មេងស្រីបានឆ្លើយតបវិញថា Sakpar, Sonbarsa និង "Kurja" ផងដែរ។ បន្ទាប់មកកងកម្លាំងប៉ូលីស ក៏បានវាយបញ្ចូលទីតាំងទាំងនោះ ទៅក្នុងកម្មវិធី Google Maps ដើម្បីជួយស្វែងរក និងអាចសម្រេចបានជោគជ័យ ដែលផ្ទះរបស់ក្មេងស្រីនោះ ស្ថិតនៅសង្កាត់ Siddharthnagar រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

 

 

បើគិតចាប់ពីថ្ងៃបាត់ខ្លួនដំបូងមក ក្មេងស្រីម្នាក់នោះ បាននៅឆ្ងាយពីផ្ទះ អស់រយៈពេលដល់ទៅ 4 ខែមកហើយ។ ដូច្នេះ នេះជាដំណឹងល្អមួយ ដែលនាងបានជួបជុំអ្នកផ្ទះវិញ ដោយសុវតិ្ថភាព ហើយត្រង់ចំណុចនេះ ក៏បានបញ្ជាក់ថា កម្មវិធីល្អៗ ដូចជា Google Maps ពិតជាបានចូលរួមចំណែក ជួយដល់អ្នកប្រើប្រាស់វាមែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: Lifestyle