CAMBO REPORT

Popup Advertising5 seconds

តើមានស្មាតហ្វូនណាខ្លះហើយ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បើគិតត្រឹមឆ្នាំ 2019 នេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យុគសម័យប្រព័ន្ធសេវាកម្ម 5G បានកំពុងដំណើរការជាបណ្តើរៗហើយ នៅឯប្រទេសជឿនលឿនមួយចំនួន ហើយវាក៏ហាក់បីដូចជា ជិតមកដល់លើទីផ្សារប្រទេសកម្ពុជាយើង ក្នុងពេលខាងមុខ ផងដែរ តែទោះបីជាមាន ក៏នៅតែមិនទាន់អាច ប្រើប្រាស់បានទាំងស្រុងនោះទេ ព្រោះស្មាតហ្វូន ក៏ដូចជាថេប្លេត នៅពេលនេះភាគតិចបំផុត ដែលអាចប្រើសេវា 5G បាន។
ជាក់ស្តែង មកដល់ត្រឹមពាក់កណ្តាលឆ្នាំ 2019 នេះ ឃើញថាមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួន បានពាំនាំយកបច្ចេកវិទ្យា 5G ទៅបំពាក់នៅលើស្មាតហ្វូនកំពូលៗរបស់ខ្លួន ដែលក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Samsung, Huawei, OPPO, vivo, Xiaomi, LG និង OnePlus ជាដើម។ ខាងក្រោមនេះ ជាឈ្មោះស្មាតហ្វូន ដែលអាចប្រើសេវាកម្ម 5G បានរបស់ក្រុមហ៊ុននីមួយៗ៖


Samsung Galaxy 5G


ពិតប្រាកដណាស់  Samsung បានពាំនាំយកបច្ចេកវិទ្យា 5G មកបំពាក់លើស្មាតហ្វូនកំពូលៗ ក្រោមត្រកូល Galaxy នោះគឺមានដូចជា Galaxy S10 5G និង Galaxy Note 10 5G ប៉ុន្តែ នាពេលបច្ចុប្បន្ន សម្រាប់ម៉ូឌែល Note 10 5G ពុំទាន់ទូលំទូលាយនៅឡើយទេ ដូច្នេះយើងនឹងធ្វើការបង្ហាញលក្ខណៈសម្បតិ្តត្រួសៗ ពីម៉ូឌែល S10 5G ជាមុនសិន។ ចំពោះ Galaxy S10 5G ត្រូវបានដាក់លក់ ជាសាធារណៈ ក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី 16 ខែឧសភា កន្លងទៅ ដែលវាមានទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនចំនួន 2 ជម្រើស ដោយមានទំហំ 256GB និង 512GB ហើយកាលពីមួយខែមុន  នៅក្នុងការធ្វើតេស្តរវាងល្បឿន 5G របស់ស្មាតហ្វូននេះ ដែលធ្វើឡើងនៅក្នុងទីក្រុង New York បានបង្ហាញថាល្បឿន 5G របស់ក្រុមហ៊ុន T-Mobile ឡើងទៅដល់ជិត 600Mbps ឯណោះ។ គេក៏បានបញ្ជាក់ទៀតថា វាក៏មិនប្រាកដថា មានល្បឿនលឿនបែបនេះ ថេររហូតដែរ ដោយពេលខ្លះ វាធ្លាក់ល្បឿនរហូតដល់ 326Mbps ប៉ុន្តែវានៅតែមាន សភាពលឿនជាង 4G LTE ខ្លាំងដដែល។

 



LG V ThinQ 5G


បើយើងងាកមកមើលពីក្រុមហ៊ុន LG វិញ ស្មាតហ្វូនដែលអាចប្រើប្រាស់បណ្ដាញប្រព័ន្ធ 5G ដំបូងគេបង្អស់នោះ គឺក្នុងត្រកូល V ជំនាន់ថ្មី LG V50 ThinQ 5G ដែលត្រូវបានប្រកាសចេញ ដំណាលគ្នាជាមួយម៉ូឌែល G8 ThinQ និង G8s ThinQ នៅក្នុងព្រឹតិ្តការណ៍ MWC 2019 ដែលបានធ្វើឡើង កាលពីពេលកន្លង។ សម្រាប់ V50 ThinQ 5G នេះ ប្រើប្រាស់បន្ទះឈីប Snapdragon 855 អមជាមួយម៉ូឌឹម Qualcomm X50 និងមាន CPU ចំនួន 8 គ្រាប់ អមជាមួយ GPU ប្រភេទ Adreno 640។ រីឯរ៉េមមានទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB ហើយយើងក៏អាចបន្ថែម Memory ខាងក្រៅបានថែមទៀត វាត្រូវបានបំពាក់មកជាមួយថាមពលថ្ម ដែលមានទំហំ 4,000mAh ព្រមទាំង គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿន ដែលមានកម្លាំង 18W ថែមទៀតផង។

 

 

OnePlus 5G


កំពូលស្មាតហ្វូនប្រចាំត្រកូលរបស់ OnePlus ជំនាន់ចុងក្រោយគេនោះ គឺ OnePlus 7/7 Pro ដែលបានបង្ហាញខ្លួន ជាផ្លូវការ កាលពីខែមិថុនាកន្លងទៅ។ បន្ទាប់មក ក្រុមហ៊ុននេះ ក៏បានបញ្ចេញម៉ូឌែល 5G ជាលើកដំបូង ដែលស្ថិតក្នុងត្រកូលដូចគ្នាដែរនោះ ដើម្បីតម្រូវតាមទីផ្សារ របស់ប្រទេសមួយចំនួន ដែលមានសេវាកម្ម 5G ផងដែរ។  ទោះវត្តមានស្មាតហ្វូន OnePlus 7 Pro 5G នៅមិនទាន់បង្ហាញខ្លួនក៏ដោយ គ្រាន់តែគេអាចដឹងថា វានឹងបញ្ចេញមុខ ក្នុងពេលឆាប់ៗនេះ ហើយវាក៏អាចប្រើប្រាស់ ម៉ូឌឹម 5G របស់ Qualcomm គឺ Snapdragon X50 ទៀតផង។ អញ្ចឹង យើងនឹងរង់ចាំមើលទាំងអស់គ្នា ថា វានឹងមានលក្ខណៈពិសេសៗ និងភាពខុសគ្នា រវាង ស្មាតហ្វូន 5G របស់ក្រុមហ៊ុនផ្សេងៗ បែបណាខ្លះ?

 


Huawei Mate 5G


ស្មាតហ្វូន Huawei Mate 20X 5G គឺជាស្មាតហ្វូន 5G ដំបូងបង្អស់របស់ Huawei ដែលបានបង្ហាញខ្លួន នៅក្នុងទីផ្សារប្រទេសចិន ជាផ្លូវការ កាលពីថ្ងៃទី 16 ខែ សីហា ក្នុងតម្លៃប្រហែលជា 9០០ ដុល្លារ។ សម្រាប់ម៉ូឌែលនេះ មានលក្ខណៈស្រដៀងទៅនឹង Mate 20X ធម្មតាច្រើនដែរ គ្រាន់តែវាត្រូវបំពាក់មកជាមួយ ម៉ូឌឹម 5G ដែលមានឈ្មោះថា Balong 5000 ព្រមទាំងមានទំហំអេក្រង់ធំ រហូតដល់ 7.2 អ៊ីញ និងមានកម្រិតបង្ហាញ Full HD+ ហើយគាំទ្រ HDR ថែមទៀតផង។ លើសពីនេះទៀត វាក៏មានទំហំថ្មធំ 5000mAh និងរ៉េមទំហំ 8GB អមជាមួយ អង្គផ្ទុកទិន្នន័យទំហំ 256GB។

 

 

vivo iQOO Pro 5G


ចំពោះប្រភេទស្មាតហ្វូន Gaming vivo iQOO Pro 5G ទើបតែធ្វើការប្រកាស ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ ហើយវាមានលក្ខណៈសម្បតិ្តស្រដៀងនឹងខ្សែស្រឡាយ vivo iQOO Pro ធម្មតាច្រើន ដូចជាមានទំហំអេក្រង់ 6.41 អ៊ីញ ប្រភេទ Super AMOLED មានកម្រិតបង្ហាញ Full HD+ និងឆកបែបតំណក់ទឹក ដូចគ្នាផងដែរ។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ សុទ្ធតែបានបំពាក់ដោយឈីបកំពូល Snapdragon 855+ តែ ខុសត្រង់វាត្រូវបានបំពាក់មកជាមួយ ម៉ូឌឹម 5G របស់ Qualcomm គឺ Snapdragon X50។ លើសពីនេះទៀត វាមានជម្រើស RAM ចំនួន 2 ប្រភេទ និងអង្គផ្ទុកទិន្នន័យ ចំនួន 3 ប្រភេទផ្សេងៗគ្នា ដែលរួមមាន RAM 8GB + អង្គផ្ទុកទិន្នន័យ 128GB, RAM 8GB + អង្គផ្ទុកទិន្នន័យ 256GB និង RAM 12GB + អង្គផ្ទុកទិន្នន័យ 256GB ហើយភ្ជាប់ជាមួយថាមពលថ្ម 4,500mAh ដែលគាំបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 44W ថែមទៀត។

 


Xiaomi Mi MIX 5G

 

កាលពីចុងឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Xiaomi បានប្រកាសចេញ ស្មាតហ្វូនមួយម៉ូឌែលដែលស្ថិតក្នុងត្រកូល Mi MIX នោះគឺ Mi MIX 3 ហើយ Xiaomi ក៏បានសម្រេចចិត្តពាំនាំយកបច្ចេកវិទ្យា 5G មកបំពាក់នៅលើជំនាន់ទី 3 នេះតែម្តង ដោយបានដាក់ឈ្មោះថា Mi MIX 3 5G ដែលវាមានវត្តមាន ជាផ្លូវការ នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ2019។ ចំពោះលក្ខណៈសម្បត្តិ Mi Mix 5G នេះ វាមិនមានអ្វីដែលខុសពី Mi Mix 3 ធម្មតាឡើយ ដោយវានៅតែមានអេក្រង់ទំហំ 6.4 អ៊ីញ ប្រើកញ្ចក់ OLED, ទ្រនាប់ស្កេនម្រាមដៃនៅខាងក្រោយដដែល តែចំនុចដែលបានផ្លាស់ប្តូរនោះ គឺកម្លាំងម៉ាស៊ីន ដោយវាបានបំពាក់មកជាមួយ បន្ទះឈីប Snapdragon 855 អមមកជាមួយ ម៉ូឌឹម Snapdragon X50។



សរុបមកវិញ ស្មាតហ្វូនទំនើបៗ របស់ក្រុមហ៊ុនធំៗ ទាំងប៉ុន្មានខាងលើនេះ រួមមានដូចជា Samsung, LG, OnePlus, Huawei, vivo និង Xiaomi សុទ្ធតែអាចគាំទ្រនូវប្រព័ន្ធ 5G បានហើយ។ លើសពីនេះ នៅមានក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនទៀត កំពុងតែដុតដៃដុតជើង ក្នុងការសិក្សាស្រាវជ្រាវ និងធ្វើតេស្ត បច្ចេកវិទ្យា 5G យកទៅបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ