CAMBO REPORT

Popup Advertising5 seconds

ស្វែងយល់បន្ថែមពីផ្នែកសំខាន់ៗនៃស្មាតហ្វូន និងតួនាទីនីមួយៗ របស់វា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាសតវត្សទី 21 នេះ ឃើញថាវិស័យស្មាតហ្វូន កំពុងបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ និងក្លាយជាឧបករណ៍វៃឆ្លាត ដែលអាចបំពេញតម្រូវការដល់អ្នកប្រើប្រាស់ បានច្រើនបែបច្រើនយ៉ាងមែនទែន។ ក្នុងនោះផងដែរ វាបានធ្វើការអភិវឌ្ឍនូវសមត្ថភាពកាន់តែពិសេស ទៅលើផ្នែកនីមួយៗ ដូចជា៖ ផ្នែកកាមេរ៉ា, គុណភាពអេក្រង់, កម្លាំងម៉ាស៊ីន, ថាមពលថ្ម និងផ្នែកផ្សេងៗ ជាច្រើនទៀត ដែលអ្នកប្រើប្រាស់ទាំងអស់គ្នាតែងប្រាថ្នាចង់បាន។  

 

 

ចុះបើប្រិយមិត្តមានបំណងប្រាថ្នា ចង់បានវាយកមកធ្វើជាឧបករណ៍វៃឆ្លាតមួយ ដែលអាចជួយសម្រួលទៅដល់ការរស់នៅ ប្រាស្រ័យទាក់ទង កំសាន្ត នានា តើអ្នកមានដឹងទេ ថា យើងគួរត្រូវស្វែងយល់បន្ថែមពីសមាសភាគសំខាន់ៗអ្វីខ្លះ នៃស្មាតហ្វូនមួយគ្រឿងនោះ? ដូច្នេះ ខណៈពេលនេះ ក្រុមការងារ ខេមបូរីផត នឹងធ្វើការពាំនាំចំណេះដឹងទូទៅ ទាក់ទងនឹងសមាសធាតុនីមួយៗ ដែលបានវេចខ្ចប់ចូលគ្នា ដើម្បីចេញជារូបរាងស្មាតហ្វូន ដ៏ល្អប្រណិតមួយ ជូនដល់ប្រិយមិត្តអ្នកអាន ឲ្យបានជ្រួតជ្រៀប កាន់តែច្បាស់ពីវា មួយកម្រិតថែមទៀត ដោយមានដូចខាងក្រោមតទៅ៖

 

ផ្នែកបន្ទះឈីប ( SoC )

 

 

បន្ទះឈីបអាចចាត់ទុកថា គឺជាផ្នែកមួយដ៏សំខាន់បំផុត របស់ស្មាតហ្វូន បើនិយាយពីចំនុចនេះ ប្រាកដជាមានប្រិយមិត្តមួយចំនួនគិតថា បន្ទះឈីបគឺសំដៅទៅលើ CPU របស់ស្មាតហ្វូនហើយ ប៉ុន្តែវាមិនដូច្នេះនោះទេ។ បន្ទះឈីបគឺសំដៅទៅលើការផ្គុំឡើងពី CPU, GPU, Display Processor, Video Processor និង Modem ដែលបង្កើតឡើងបានជាប្រព័ន្ធមួយ ដែលអាចដំណើរការបាននៅក្នុងស្មាតហ្វូន។ បើនិយាយអំពីបន្ទះឈីប ដែលបំពាក់នៅលើស្មាតហ្វូន នាពេលបច្ចុប្បន្ននេះ យើងឃើញមានដូចជា បន្ទះឈីបរបស់ក្រុមហ៊ុន Apple, Qualcomm, Samsung, Huawei និង MediaTek ហើយបន្ទះឈីបទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា ARM។

 

CPU : មកពីពាក្យពេញថា ( Central Processing Unit ) វាប្រៀបបានទៅនឹងខួរក្បាលរបស់ស្មាតហ្វូនអញ្ចឹង វាមានតួនាទីក្នុងការគ្រប់គ្រង និងគណនាលំហូរទិន្នន័យចេញចូល ( Data Flow ) របស់ស្មាតហ្វូន និងផ្នែកមួយចំនួនផ្សេងទៀត។

 

GPU : មកពីពាក្យពេញថា ( Graphic Processing Unit ) មានតួនាទី គណនារូបភាព, ចលនា និងវីដេអូ រួចបង្ហាញសកម្មភាពទាំងអស់នោះទៅកាន់ អេក្រង់បង្ហាញរបស់ស្មាតហ្វូន។

 

Display Processor : វាមានតួនាទីបំលែងកូដ ដែលទទួលបានឲ្យទៅជារូបភាព។ ត្រង់ចំនុចនេះ សុំបញ្ជាក់បន្តិចថា រាល់អ្វីដែលអ្នកបានឃើញ និងស្តាប់ឭចេញពីស្មាតហ្វូន សុទ្ធតែផ្គុំឡើងដោយភាសារបស់ស្មាតហ្វូន ឬនិយាយជាភាសាបច្ចេកទេស គឺគេហៅថា កូដ ( Code )។

 

Video Processor : មានតួនាទីបំលែងរលកសញ្ញាដែលទទួលបាន ឲ្យទៅជា គ្រាប់ភិចសែលតូចៗ រួចធ្វើការផ្គុំគ្រាប់ភិចសែលទាំងអស់នោះ ឲ្យទៅជាជាវីដេអូមួយ ( ពាក់ព័ន្ធទៅនឹងកម្រិតច្បាស់ នៃរូបភាពរបស់វីដេអូ ) ដូច្នេះមានន័យថា បើសិនជាស្មាតហ្វូនរបស់អ្នកមាន Video Processor មួយដ៏ល្អ នោះអ្នកអាចទទួលបានកម្រិតច្បាស់ នៃរូបភាពរបស់វីដេអូមួយ ដ៏ច្បាស់មួយ ចេញពីការទស្សនាវីដេអូ នៅក្នុងគេហទំព័រ YouTube ឬពីទូរទស្សន៍ Online ជាដើម។

 

Modem : មកពីពាក្យពេញថា MOdulator/DEModulator វាមានតួនាទី បំលែងរលកសញ្ញាទិន្នន័យ ប្រភេទជា Analog ដែលទទួលបាន ឲ្យទៅជារលកសញ្ញាទិន្នន័យ Digital ដែលអនុញ្ញាឲ្យទិន្នន័យទាំងនោះ អាចឆ្លងកាត់ចេញចូលស្មាតហ្វូនរបស់យើងបាន។ ហេតុដូច្នេះ ទើបស្មាតហ្វូនរបស់យើង អាចធ្វើការផ្ញើសារ ឬធ្វើការទំនាក់ទំនងគ្នាបាន តាមរយៈសេវារបស់ក្រុមហ៊ុនទូរសព្ទ។

 

អង្គចងចាំ និងអង្គផ្ទុកទិន្នន័យ ( RAM & Storage )

 

 

គ្មានស្មាតហ្វូនមួយណា ដែលអាចដំណើរការបាន ដោយគ្មាន RAM និង អង្គផ្ទុកទិន្នន័យនោះទេ។ បើនិយាយអំពី RAM សព្វថ្ងៃនេះយើងឃើញថា ស្មាតហ្វូនភាគច្រើនត្រូវបានបំពាក់មកជាមួយ RAM ប្រភេទ LPDDR3 ឬ LPDDR4។ ពាក្យថា LP តំណាងឲ្យពាក្យថា "Low-Power" មានន័យថា វាប្រើប្រាស់ថាមពលតិច ដែលជួយសន្សំសំចៃដល់ថាមពលថ្មរបស់ស្មាតហ្វូន។

 

     •  RAM : មកពីពាក្យពេញថា ( Random Access Memory ) មានតួនាទីរក្សាទុកទិន្នន័យ និងកម្មវិធីរបស់ស្មាតហ្វូន ដែលយើងកំពុងប្រើជាបណ្តោះអាសន្ន ធ្វើដូច្នេះវាជួយឲ្យ CPU អាចទាញយកមកប្រើប្រាស់បានយ៉ាងឆាប់រហ័ស នៅពេលដែល CPU ត្រូវការប្រើ។

 

       •  Storage : អង្គផ្ទុកទិន្នន័យ មានតួនាទីរក្សាទុកទិន្នន័យ និងឯកសារផ្សេងៗរបស់ស្មាតហ្វូន។

 

ផ្នែកអេក្រង់ ( Display​​ )

អេក្រង់ គឺជាផ្នែកមួយបញ្ចាំងផ្ទៃរូបភាពទាំងស្រុងលើទូរសព្ទ ដែលប្រៀបបានដូចជា ការបកប្រែភាសានៃគ្រឿងក្នុងទាំងអស់ មកឲ្យយើងមើលឃើញ និងបញ្ជាវាបានយ៉ាងងាយស្រួល។ សព្វថ្ងៃ ឃើញថាមានអេក្រង់តែ 2 ប្រភេទធំៗ ប៉ុណ្ណោះ ដែលក្រុមហ៊ុនបច្ចេកវិទ្យា បានយកវាមកបំពាក់លើស្មាតហ្វូន ដោយក្នុងនោះ រួមមានដូចជា LCD និង LED។ 

 

ប្រភេទ LCD : មកពីពាក្យថា Liquid Crystal Displays ប្រើប្រាស់បច្ចេកវិទ្យា IPS ( In-place Switching ) ក្នុងការបំលែងពី ការប៉ះពីផ្ទៃអេក្រង់ បញ្ជាទៅកាន់ Processor អោយមានសកម្មភាព។ 

 

ប្រភេទ LED : មកពីពាក្យពេញថា Light Emitting Diode ដែលក្នុងនោះ វាបែងចែកចេញជា 3 ប្រភេទផ្សេងគ្នាទៀត រួមមាន AMOLED ( Active-Matrix Organic Light-Emitting Diode ), Super AMOLED និង OLED ។ តាមការពិតទៅ វាទាំង 3 សុទ្ធតែមានគុណភាពល្អ សឹងតែដូចគ្នាទាំងស្រុង គ្រាន់តែមានឈ្មោះខុសគ្នា ព្រោះការផលិតចេញពីក្រុមហ៊ុនផ្សេងៗគ្នា។

 

ក្នុងចំណោមអេក្រង់ទាំង 2 ប្រភេទនេះ គឺមានគុណភាពខុសគ្នាច្រើនគួរសម ដោយឃើញថា នាពេលបច្ចុប្បន្ន សម្រាប់ស្មាតហ្វូនកំពូលៗ ភាគច្រើន គេតែងជ្រើសយកប្រភេទអេក្រង់ LED ព្រោះវាមានលក្ខណៈសម្បត្តិល្អជាង អេក្រង់ LCD ដែលប្រើប្រាស់ថាមពលច្រើនជាង LED នោះ។ ជាពិសេស អេក្រង់ AMOLED ឬ Super AMOLED អាចបង្ហាញកម្រិតរូបភាព ពណ៌ខ្មៅដិតច្បាស់ជាង អេក្រង់ LCD ទៀតផង។ ជារួមមក រវាងប្រភេទទាំង 2 នេះ គឺអាស្រ័យទៅលើតម្លៃ កាលណាស្មាតហ្វូនដែលបំពាក់អេក្រង់ LED ប្រាកដជាមានតម្លៃថ្លៃជាង ប្រភេទ LCD។ 

 

ផ្នែកកាមេរ៉ា ( Camera )

ចូលមកដល់កាមេរ៉ាវិញ ក៏ជាធាតុសំខាន់មួយសម្រាប់ស្មាតហ្វូន ដែលវាក៏ទទួលបានការអភិវឌ្ឍពីកម្រិតខ្សោយ ទៅកម្រិតខ្លាំង គួរអោយកត់សម្គាល់ផងដែរ។ ក្នុងនោះ បង្គុំកាមេរ៉ានីមួយៗ អាចកើតឡើងដោយធាតុសំខាន់ចំនួន 3 គឺ៖

 

Sensor: ដែលមានតួនាទីស្រូបចាប់យកពន្លឺចូលកាមេរ៉ា។ 

 

Len: មានតួនាទីអនុញ្ញាតអោយពន្លឺអាចឆ្លងកាត់ ចូលទៅកាន់សេនស័រកាមេរ៉ាបាន។

 

Image Processor: មានតួនាទីគណនាយករូបភាព ដែលចាប់បានបញ្ជូនទៅកាន់បន្ទះឈីបក្នុងទូរសព្ទ។ 

 

បន្ថែមទៀតនោះ វាត្រូវបានបែកចែកជា 2 ផ្នែកផ្សេងគ្នា គឺខាងមុខ និងខាងក្រោយ។ ជាទូទៅ កាមេរ៉ា ខាងក្រោយមានបង្គុំធំជាងផ្នែកខាងមុខ ហើយមានសមត្ថភាពល្អជាង។ អ្វីដែលសំខាន់បំផុត ក្នុងការបញ្ជាក់ពីសមត្ថភាពរបស់កាមេរ៉ា គឺទំហំសេនស័រ ដូច្នេះមានន័យថា ទំហំកាន់តែធំ កាន់តែច្បាស់ល្អ។ ជាក់ស្តែង យើងធ្លាប់បានដឹងមកហើយ ក្រុមហ៊ុន Samsung បានប្រកាសពីសេនស័រចុងក្រោយរបស់ខ្លួន ដែលមានទំហំដល់ទៅ 108 មេហ្គាភិចសែល ឯណោះ។ យ៉ាងណាមិញ សេនស័រទាំងអស់មានសមត្ថភាព ធ្វើការខុសៗគ្នា ដោយពេលខ្លះ វាធ្វើការបានល្អ ទោះបីជាស្ថិតនៅកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់ ដូចដែលឃើញមាននៅលើ Google Pixel 3 អញ្ចឹងដែរ។ ថ្វីត្បិតតែវាធ្វើការបានយ៉ាងរលូនប៉ុនណាក៏ដោយ ក៏វាត្រូវពឹងផ្អែកទៅលើ Software មួយផ្នែកធំផងដែរ ដើម្បីធ្វើការគ្រប់គ្រងលើសេនស័រកាមេរ៉ា ទាំងនោះ។ 

 

ផ្នែកសេនស័រ  (​ Sensor )

 

 

និយាយពី សេនស័រ វិញគឺយើងចង់សំដៅ ទៅដល់ប្រព័ន្ធស្វ័យប្រវតិ្ត នៅលើទូរសព្ទរបស់យើងតែម្តង ដែលវាដើរតួយ៉ាងសំខាន់ ទៅលើការចាប់ទីតាំងចលនាផ្តេក ឬបញ្ឈរ ឬក៏ជាការចាប់សម្គាល់លើចលនាហាត់ប្រាណរបស់អ្នក។ នៅក្នុងនោះ គេធ្វើការ បែងចែកសេនស័រ សំខាន់ៗ នៅលើស្មាតហ្វូនជា 5 ប្រភេទផ្សេងៗគ្នា មានដូចជា៖ 

 

សេនស័រ Accelerometer : មានតួនាទីសម្រាប់ចាប់សម្គាល់ចលនាផ្តេក ឬបញ្ឈរនៃទូរសព្ទ និង ការគ្រវាសទៅមកផងដែរ។ 

 

សេនស័រ Gyroscope: មានតួនាទីចាប់សម្គាល់ចលនាផ្អៀងចុះឡើង ដែលវាមានលក្ខណៈល្អជាង Accelerometer។ ឧទាហរណ៍ដូចជា ពេលយើងលេងហ្គេមប្រណាំងឡាន ដែលតម្រូវអោយយើងផ្អៀងទូរសព្ទចុះឡើង ដើម្បីបត់បញ្ជាទិស ជាដើម។ 

 

សេនស័រ Digital Compass: មានតួនាទីសម្រាប់ជំនួយលើប្រព័ន្ធផែនទី អោយបង្ហាញទិសខាងជើងបានត្រឹមត្រូវ មិនអោយយើងវង្វេងផ្លូវ។

 

សេនស័រ Ambient Light : មានតួនាទីសម្រាប់វាស់កម្រិតពន្លឺពីខាងក្រៅ ដើម្បីតម្រូវតាមពន្លឺអេក្រង់ទូរសព្ទ ហើយអាចទម្លាក់ ឬតម្លើងកម្រិតពន្លឺអេក្រង់ ទៅតាមនោះបានទៀតផង។ 

 

សេនស័រ Proximity : មានតួនាទីសម្រាប់ចាប់យកទីតាំងវត្ថុ នៅពីមុខវាក្នុងចម្ងាយជិត។ ឧទាហរណ៍ដូចជា ពេលនិយាយទូរសព្ទ ប្រភេទសេនស័រនេះ នឹងសម្គាល់ដឹងពេលយើងលើកយកមកដាក់នៅនឹងត្រចៀកភ្លាម វានឹងធ្វើការបិទអេក្រង់ ជៀសវាងការប៉ះបញ្ជាដោយចៃដន្យ ណាមួយ។ 

 

ផ្នែកថ្ម ( Battery )

 

 

បើយើង និយាយអំពី ថ្មនៅក្នុងទូរសព្ទវិញ គឺប្រៀបបានដូចជា បេះដូងក្នុងតួខ្លួនរបស់យើង អញ្ចឹងដែរ ព្រោះវាជាផ្នែក ទ្រទ្រង់ដ៏សំខាន់មួយ ដែលមិនអាចខ្វះបាន។ តួយ៉ាង ថ្មដែលយកមកបំពាក់លើស្មាតហ្វូន ត្រូវបានគេផលិតចេញមកយ៉ាងម៉ត់ចត់ ធ្វើយ៉ាងណា ផ្តល់នូវគុណភាពខ្ពស់ ជៀសវាងបញ្ហាកើតឡើងនានា ហើយថ្មសម្រាប់ដាក់លើទូរសព្ទ មាន 2 ប្រភេទ ផ្សេងៗគ្នា ដូចជា ប្រភេទ Lithium Ion ( Li-Ion ) និង ប្រភេទ Lithium Polymer ( Li-Poly )។  ប៉ុន្តែ នាពេលបច្ចុប្បន្ន ឃើញថាមានតែប្រភេទថ្ម ស៊េរីថ្មី Lithium Polymer ដែលគេនិយមវេចខ្ចប់ក្នុងស្មាតហ្វូន មិនថាទាំងធន់កណ្តាល ឬធន់កំពូល នោះទេ។ លើសពីនេះ លក្ខណៈពិសេសរបស់វា គឺស្តើង និងមានទម្ងន់ស្រាលមែនទែន ហើយថែមទាំងមានបរិមាណថ្មច្រើនជាង Li-Ion រហូតដល់ទៅ 40% ឯណោះ ដែលយើងតែងតែធ្លាប់ឃើញមាន បំពាក់នៅលើទូរសព្ទស៊េរីមុនៗ ដូចជា ម៉ាក Nokia ជាដើម។ ប្រភេទថ្មនេះ អាចប្រើប្រាស់បានរាប់ឆ្នាំ មានសុវតិ្ថភាព និងថាមពលអគ្គីសនីខ្លាំង ហើយមានសភាពល្អបំផុត នៅពេលដែលយើងប្រើវា មិនឲ្យអស់ពេក ហើយសាកមិនពេញពេក គឺស្ថិតក្នុងចន្លោះពី 60% ទៅ 90% ដែលវានឹងជួយឲ្យថ្មទូរសព្ទ យើងកាន់ភ្លើងបានយូរ សាកឆាប់ពេញ អាចប្រើបានជាច្រើនឆ្នាំទៀតផង។

 

ផ្នែក សម្លេង ( Audio )

 

 

សម្លេងគឺជាផ្នែកចម្បងគេផងដែរ សម្រាប់ស្មាតហ្វូននីមួយៗ ដែលវាអាចធ្វើអោយបទពិសោធន៍នៃការប្រើប្រាស់របស់យើងបានល្អ ឬមិនល្អទៅតាមនោះដែរ។ ក្នុងនោះ ផ្នែកសម្លេងមានជាចំាបាច់ដូចជា សម្រាប់ការខល លេងហ្គេម មើលភាពយន្ត និងស្តាប់តន្ត្រីជាដើម។ ក្នុងនោះ យើងធ្វើការបែងចែកផ្នែកសំខាន់ៗ​ នៃសម្លេង ចេញជា 2 ប្រភេទគឺ៖

 

ឧបករណ៍បំពងសម្លេង ( Speaker ) : ប្រើសម្រាប់បញ្ចេញសម្លេង ដែលវាមាននៅពីខាងក្រោយ ខាងក្រោម ឬខាងមុខនៃទូរសព្ទ។ ក្នុងនោះ ការដែលមាន Speaker នៅខាងមុខមានការបញ្ចេញសម្លេងបានល្អជាងនៅកន្លែងផ្សេងទៀត។  

 

ឧបករណ៍ស្រូបសម្លេង ( Mics ) : ប្រើសម្រាប់ស្រូបសម្លេងនៅលើទូរសព្ទ ដែលមានច្រើនផ្នែក ដូចជា ខាងក្រោម និងខាងក្រោយនៃទូរសព្ទ។ ក្នុងនោះ ខាងក្រោមប្រើសម្រាប់ ការខល រីឯខាងក្រោយប្រើសម្រាប់ចាប់យកសម្លេង វីដេអូ ដែលយើងកំពុងតែថត។ 

 

តើប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីបានយល់ដឹងអំពីរឿងរ៉ាវលម្អិត ទាក់ទងទៅនឹងស្មាតហ្វូន ខាងលើរួចមក ? ខ្ញុំបាទសង្ឃឹមថា នេះអាចជាចំណេះដឹងទូទៅ បន្ថែម ដែលជួយប្រិយមិត្តឲ្យបាន ជ្រៀបយល់ដឹងបន្ថែម ពីផ្នែកសំខាន់ៗរបស់ស្មាតហ្វូន មានដូចជា បន្ទះឈីប, ម៉ូឌឹម, អង្គចងចាំ, អេក្រង់, កាមេរ៉ា, ថ្ម, សេនស័រ, និងសម្លេង ជាដើម។ មិនតែប៉ុណ្ណោះ ចំណេះដឹងទាំងនេះ ក៏អាចចូលរួម ជាចំណែកដ៏សំខាន់មួយ មុនពេលដែលអ្នកធ្វើការសម្រេចចិត្ត ជ្រើសទិញស្មាតហ្វូនថ្មីមួយ យកមកប្រើប្រាស់ ឲ្យសាកសមនឹងតម្រូវការរបស់អ្នក។ បើប្រិយមិត្តមានអ្វីជាចម្ងល់បន្ថែម អាចបញ្ចេញជាមតិយោបល់ អោយពួកយើងបានដឹង នៅខាងក្រោមនេះផងណា។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ