CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​បន្ថែម​ពី​ឈីប​ដែល​មាន​បំពាក់ នៅ​លើ​ស្មាត​ហ្វូន​នា​នា ក្នុង​ពេល​បច្ចុប្បន្ន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារ តាមរយៈការធ្វើឲ្យ ផលិតផលរបស់ខ្លួន មានសមត្ថភាពកាន់តែប្រសើរជាងមុន ក៏ដូចជា ល្អជាងក្រុមហ៊ុនដទៃផងដែរ។ ដោយសារតែ ស្មាតហ្វូនមានការដេញជើងគ្នា បែបនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនផលិត ខួរក្បាលស្មាតហ្វូន មានការប្រកួតប្រជែងគ្នាដែរ និយាយឲ្យចំគឺជា បន្ទះឈីបតែម្ដង។ មិនខុសទេ បច្ចុប្បន្នយើងឃើញមាន ស្មាតហ្វូនជាច្រើន បានបំពាក់ឈីប ប្រភេទផ្សេងៗគ្នា ដែលឈីបទាំងនោះ មួយចំនួនត្រូវបានផ្គត់ផ្គង់ដោយ ក្រុមហ៊ុនផលិតបន្ទះឈីប រីឯមួយចំនួនទៀត បានកើតចេញពី ក្រុមហ៊ុនផលិតស្មាតហ្វូននោះ ផ្ទាល់តែម្ដង។ ពិតណាស់ ព្រោះតែឈីបមានច្រើនប្រភេទ ហេតុនេះហើយ វានឹងធ្វើឲ្យគ្នាយើងដែលជាអ្នកប្រើប្រាស់នោះ មានការងឿងឆ្ងល់ មិនសូវជាយល់ច្រើន ថារវាងបន្ទះឈីបទាំងនោះ មានប្រភពមកពីណាឲ្យពិតប្រាកដ ហើយមួយណាខ្លាំងជាងមួយណានោះឡើយ ដូច្នេះហើយ យើងក៏បានរៀបចំឡើងនូវការពិពណ៌នាខ្លះៗ និងធ្វើជាការប្រៀបធៀបរវាង បន្ទះឈីបនីមួយៗ នៅខាងក្រោមនេះ។

 

 

ចំពោះឈីបស្មាតហ្វូន ដែលយើងយកមកប្រៀបធៀប ទាំងអស់នោះ គឺរួមមានដូចជា Apple Chipset, Qualcomm Snapdragon, Samsung Exynos, Huawei HiSilicon Kirin និងឈីប MediaTek ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មុននឹងធ្វើការប្រៀបធៀប យើងចាំបាច់ត្រូវដឹងពី លក្ខណៈសម្បត្តិពិសេសៗ និងជីវប្រវត្តិសង្ខេប នៃបន្ទះឈីបទាំងអស់នោះ ជាមុនសិន អញ្ចឹងហើយកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទាំងអស់គ្នា បន្ដអានអត្ថបទខាងក្រោមនេះ។

 

ដំបូងយើងចាប់ផ្ដើមពីបន្ទះឈីបរបស់ Apple 

 

សម្រាប់បន្ទះឈីប A Series របស់ក្រុមហ៊ុន Apple គឺជាប្រភេទឈីប System on Chip (SoC) ដែលបានក្រុមហ៊ុននេះយកទៅប្រើ ជាលើកដំបូងនៅលើ iPhone និង iPod touch របស់ខ្លួន ហើយក៏ជាបន្ទះឈីប ត្រូវបានបង្កើតឡើងដោយ ការសហការគ្នារវាង Apple និង Samsung ផងដែរ។ ចំណែកឯ ឈីបជំនាន់ដើម នៃត្រកូល A ស៊េរីមួយនេះ មានឈ្មោះថា APL0098 និងវាត្រូវបានប្រកាសចេញជាផ្លូវការ ព្រមគ្នាជាមួយ iPhone ស៊េរីដំបូង កាលពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2007 កន្លងផុតទៅ។ រហូតមកដល់ឆ្នាំ 2010 វាត្រូវបានប្ដូរឈ្មោះ ទៅជាឈីប A4 ហើយមកដល់ជំនាន់ឈីប A5 យើងក៏បានឃើញ Apple បញ្ចេញឈីបកន្ទុយ “X” មកមួយទៀត នោះគឺ A5X ដែលមានសមត្ថភាព ខ្លាំងជាងស៊េរីធម្មតា ហើយបន្ទាប់មក Apple ក៏បានប្រើឈ្មោះឈីបបែបនេះ នៅលើជំនាន់ក្រោយៗ មួយចំនួនទៀត ដូចជា A6X, A8X, A9X និង A12X Bionic ជាដើម។ នាពេលបច្ចុប្បន្ននេះ បន្ទះឈីបស្មាតហ្វូនកំពូល ជំនាន់ចុងក្រោយគេ របស់ Apple គឺជាឈីប A12 Bionic ទំហំ 7nm ដែលវាត្រូវបំពាក់នៅលើ iPhone XS Series ជាមួយសមត្ថភាពខ្លាំង អាចជួយគាំទ្រនៃដំណើរការថតវីដេអូបាន ដល់ទៅកម្រិត 4K 60fps និងវាមាន CPU ជាប្រភេទ Octa-Core ដោយអាចរត់បានល្បឿន 2.5GHz ថែមទៀតផង។ 

 

 

បន្ទះឈីប Snapdragon 

 

ប្រិយមិត្តអ្នកអានមួយចំនួន ដែលតែងតែគាំទ្រស្មាតហ្វូន Android ប្រាកដជាដឹងរួចមកហើយថា ភាគច្រើនស្មាតហ្វូនទាំងអស់នោះ គឺដំណើរការដោយបន្ទះឈីប Snapdragon មិនថាកម្រិតមធ្យម ឬលំដាប់កំពូលនោះទេ។ ចាប់ផ្ដើមតាំងពីឆ្នាំ 2007 រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអាមេរិក Qualcomm បានបង្កើតបន្ទះឈីប Snapdragon 200, 400, 700, 600 និង 800 Series ហើយក៏ជាជម្រើសដំបូង ដែលអតិថិជនចង់បាន នៅលើស្មាតហ្វូនរបស់ពួកគេ។ ចំណែកឯបន្ទះឈីប លំដាប់កំពូល ជំនាន់ក្រោយគេបង្អស់គឺជា Snapdragon 855+ Octa-Core 64Bit ដែលមានទំហំតូច 7nm ជាមួយនឹងក្រាហ្វិកប្រភេទ Adreno 640 GPU និងមានល្បឿន Clock Speed រហូតដល់ទៅ 2.96GHz ឯណោះ។ លើសពីនេះទៅទៀត វាក៏ជាឈីបជំនាន់ទីពីរ បន្ទាប់ពី Snapdragon 855 ដែលអាចប្រើបច្ចេកវិទ្យា 5G បានផងដែរ។

 

 

បន្ទះឈីប Exynos

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មកពីប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមគម្រោង ផលិតបន្ទះឈីបស្មាតហ្វូន ដោយខ្លួនឯងផ្ទាល់ តាំងពីឆ្នាំ 2010 មកម្ល៉េះ ដែលបន្ទះឈីបដំបូងបង្អស់ គឺត្រូវបានហៅថា Hummingbird S5PC110 ប៉ុន្ដែបន្ទាប់មកក៏ហៅថា Exynos 3 Single វិញផងដែរ។ រហូតមកដល់ត្រីមាសទី 3 ឆ្នាំ 2019 នាពេលថ្មីៗកន្លងផុតទៅនេះ  Samsung បានប្រកាសចេញឈីប Exynos 9825 Octa-Core 64Bit ដែលមានទំហំតូចត្រឹមតែ 7nm ជាមួយនឹងក្រាហិ្វកប្រភេទ Mali G76 MP12 GPU និងមានលឿន Clock Speed កើនឡើងដល់ 2.73 GHz ថែមទៀតផង។ ចំណុចលេចធ្លោនោះគឺជា Neural Processing Unit (NPU) ដែលជាបន្ទះឈីបប្រភេទ AI បន្ថែមមកពីក្រៅ សម្រាប់ជំនួយលើលឿន និងអាចកាត់បន្ថយ ការចំណាយលើ ថាមពលថ្មផងដែរ។

 

 

ចូលមកដល់បន្ទះឈីប Kirin វិញម្ដង

 

មិនខុសទេ Kirin ចាប់ផ្ដើមមានវត្តមាន នៅលើស្មាតហ្វូនតាំងពីឆ្នាំ 2014 មក ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Hisilicon ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ Huawei ហើយមកទល់ពេលនេះ វាបានបញ្ចេញជាច្រើន ជំនាន់រួចមកហើយ ដែលមានដូចជា Kirin 600 series, 700 series, 800 series និង 900 series ផងដែរ។ ជាក់ស្ដែង យើងឃើញថា Kirin 980 ស្ថិតនៅក្នុងជំនាន់ទី 900 series ហើយវាជាប្រភេទឈីបកំពូល ដែលក្រុមហ៊ុនខាងលើបានបំពាក់ជាមួយ Huawei Mate 20 series និង P30 series រួចហើយ ក្នុងនោះយើងបានឃើញថា ឈីបនេះមានទំហំ 7 nm ដែលវាមានរួមបញ្ចូលជាមួយ CPU ប្រភេទ ARM-A76 រត់ដោយល្បឿន 2.6GHz និងមាន GPU ប្រភេទ Mali-G76 ផងដែរ។ បន្ទះឈីបនេះ មិនត្រឹមតែមានល្បឿនលឿននោះទេ លើសពីនេះ វាអាចជួយសន្សំសំចៃថ្មបានកាន់តែខ្លាំងជាងមុន រួមទាំងមានបច្ចេកវិទ្យា Boost ល្បឿនទៅលើ ដំណើរការក្រាហ្វិកផងដែរ ដែលគេហៅវាថា GPU Turbo 3.0 ហើយវាធ្វើការបាន កាន់តែប្រសើរជាងមុន ទៀតផង។ ក្នុងនោះដែរ វាមានម៉ូដឹមអាចចាប់ Wi-Fi នៅក្នុងល្បឿនលឿនបំផុត ដល់ទៅ 1,732 មេហ្គាប៊ីត ក្នុងមួយវិនាទី ក៏ដូចជាអាចទ្រទ្រង់បាន មុខងារជាច្រើន ក្រៅពីនេះទៀត។

 

 

ចុងក្រោយគេគឺបន្ទះឈីប MediaTek 

 

សម្រាប់ឈីបនេះ វាត្រូវបានបង្កើតឡើង ដើម្បីដាក់អោយ ប្រើប្រាស់ជាលើកដំបូង នៅលើឧបករណ៍ក្នុងផ្ទះ ចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ ហើយមកដល់ឆ្នាំ 2003 វាត្រូវបានយកទៅ បំពាក់លើទូរសព្ទ និងបន្តរហូតមកដល់ បច្ចុប្បន្ននេះ។ គួរបញ្ជាក់ថាបន្ទះឈីបនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន MediaTek របស់តៃវ៉ាន់ ផ្ទាល់តែម្ដង ដែលវាមានចំនួនបួនស៊េរី សម្រាប់ប្រើប្រាស់ នៅលើស្មាតហ្វូន រួមមាន Helio P Series, G Series, A Series និង Helio X Series។ ដោយឡែក ចំពោះឈីបលំដាប់កំពូល របស់ក្រុមហ៊ុនមួយនេះ ស្ថិតក្នុងប្រកូល P នោះគឺ MediaTek Helio P90 ដែលវាអាច Support Bluetooth 5.0, Support ជាមួយនឹងសមត្ថភាពថតវីដេអូ បានកម្រិត 4K 30fps និងមាន CPU ចំនួន 8 គ្រាប់ ជាប្រភេទ Cortex-A55, Cortex-A75 ហើយរត់បានខ្ពស់បំផុតក្នុងល្បឿន 2.2GHz ទៀតផង។

 

 

ប្រៀបធៀបល្បឿនដំណើរការឈីបទាំង 5 នៅលើស្មាតហ្វូន លំដាប់កំពូលនានា (គិតក្នុងពេលបច្ចុប្បន្ន)

 

បើតាមការរៀបរាប់ខាងលើនេះ អាចនិយាយបានថា បន្ទះឈីប Snapdragon 855+ មានល្បឿនលឿន អាចរត់បានដល់ទៅ 2.96GHz ហើយវាក៏មានសមត្ថភាពខ្លាំងជាងគេ ក្នុងពេលបច្ចុប្បន្ននេះ។ បើតាមការ ប្រើប្រាស់ជាក់ស្ដែង ក៏ដូចជាពិន្ទុដែលវាទទួលបាន ពីការធ្វើតេស្ដលើ AnTuTu ដល់ទៅខ្ទង់ 497,179 ពិន្ទុឯណោះ នៅលើស្មាតហ្វូន iQOO Pro 5G ឃើញថាមិនទាន់មាន ឈីបណាមួយអាច ផ្តួលវាបាននៅឡើយទេ។ បើតាមហេតុផលខាងលើ យើងអាចប្រាប់បានថា បន្ទះឈីប Exynos របស់ Samsung មានសមត្ថភាពខ្លាំង ដែលអាចឈរ នៅចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការធ្វើតេស្ដបានប្រហាក់ប្រហែល 442,568 ពិន្ទុនៅលើស្មាតហ្វូន Galaxy Note 10 Plus ផងដែរ។

 

ចំណែកឯចំណាត់ថ្នាក់លេខ 3 គឺត្រូវធ្លាក់ទៅដល់ឈីប A12 Bionic របស់ Apple ដែលទទួលបានប្រមាណ 372,106 ពិន្ទុ នៅលើ iPhone XS Max ចំណែកឯទីបួន ប្រាកដណាស់វាច្បាស់ជាឈីប Kirin 980 របស់ Huawei ដែលទទួលបានខ្ទង់ 286,151 ពិន្ទុ នេះបើតាមការតេស្តនៅលើ P30 Pro និងចុងក្រោយគេនេះ មិនបាច់ប្រាប់ ក៏ដឹងថាវាជា Helio P90 របស់ MediaTek ដោយវាមាន 211,690 ពិន្ទុផងដែរ។ 

 

 

សរុបមកវិញ ទាំងអស់នេះគឺជា ការប្រៀបធៀបសមត្ថភាព តាមរយៈលក្ខណៈសម្បត្តិ ក៏ដូចជាការធ្វើតេស្ដលើ AnTuTu នៃប្រភេទបន្ទះឈីបដែលបំពាក់នៅលើស្មាតហ្វូន ដែលបានចរាចរណ៍នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ផងដែរថា ពិន្ទុខាងលើគឺជា ពិន្ទុទទួលបានពីការ បង្ហាញនៅលើស្មាតហ្វូនជំនាន់ចុងក្រោយ ដែលបានបំពាក់ឈីបទាំងនេះ ហើយវាក៏អាចនឹងមិនដូច ជាមួយពិន្ទុស្មាតហ្វូនដែលអ្នកបានប្រើទាំងស្រុងនោះដែរ ប៉ុន្តែវាមិនខុសច្រើនពេកនោះទេ។ អញ្ចឹងហើយ សព្វថ្ងៃនេះ snapdragon 855+ គឺជាឈីបដែលមានសមត្ថភាព ប្រសើរជាងគេ ប៉ុន្តែនៅថ្ងៃខាងមុខទៀត វាអាចនឹងមិនខ្លាំងបែបនេះ ទៀតនោះទេ ព្រោះថាមានឈីបជាច្រើនទៀត ដែលកំពុងតែត្រៀមខ្លួន ក្នុងការផ្តួលឈីបខាងលើផងដែរ។ ដូច្នេះហើយ ខ្ញុំគិតថា បើទោះបីជា Snapdragon ជំនាន់ចុងក្រោយនេះ មានល្បឿនលឿន ក៏ដូចជាពិន្ទុខ្ពស់ពិតមែន ប៉ុន្តែបើតាមការប្រើប្រាស់ជាក់ស្ដែង វាមិនខុសគ្នាច្រើននោះទេ ពីឈីប ដែលនៅចំណាត់ថ្នាក់បន្ទាប់ពីនោះឡើយ។ ដូចនេះសង្ឃឹមថា ប្រិយមិត្តរបស់ខេមបូរីផត ទាំងអស់ នឹងមិនមានការងឿងឆ្ងល់ពី ប្រភេទឈីបទាំងនេះទៀតឡើយ វាមានប្រភពផ្សេងៗគ្នា មានសមត្ថភាពខុសគ្នា ហើយក៏ត្រូវបានជ្រើសទៅបំពាក់ទៅលើ ម៉ូឌែលស្មាតហ្វូនខុសៗគ្នាផងដែរ។

សង្ឃឹមថាអ្នកនឹងពេញចិត្តអត្ថបទមួយនេះ ហើយកុំភ្លេចចែករំលែកបន្ត ឲ្យប្រិយមិត្តផ្សេងៗទៀតបាន យល់បន្ថែមពីចំណេះដឹងទូទៅ នៃស្មាតហ្វូននេះផង! សូមអរគុណ!



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ