CAMBO REPORT

Popup Advertising5 seconds

តើ​ iPhone X​ នៅ​តែ​ខ្លាំង​ទៀត​ទេ​ បើ​គិត​នៅ​ក្នុង​ឆ្នាំ​ 2019​ នេះ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកទល់ពេលនេះ ការបង្ហាញខ្លួនរបស់ iPhone 11 កាន់តែខិតជិតមកដល់មែនទែនហើយ ដោយព្រឹត្តិការណ៍ប្រកាសផ្លូវការនៃស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅខ្ទង់ថ្ងៃទី 10 ខែកញ្ញាខាងមុខផងដែរ ប៉ុន្តែវាមិនទាន់ជាកាលបរិច្ឆេទច្បាស់លាស់នោះទេ។ ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើល iPhone X ដែលជាជំនាន់ដំបូង នៃការផ្លាស់ប្តូរមុខមាត់ថ្មី របស់យីហោផ្លែប៉ោមនេះ ឃើញថា វាបានចេញលក់អស់រយៈពេលជិត 2 ឆ្នាំមកហើយ ហេតុនេះ តើវានៅតែខ្លាំងទៀតទេ ក្នុងឆ្នាំនេះ ខណៈពេលដែល iPhone ជំនាន់ទី 11 កាន់តែជិតមកដល់ទៅហើយ?

 

 

ជាការពិតណាស់ មុននឹងដឹងថា iPhone X វាខ្លាំង ឬមួយក៏ខ្សោយយ៉ាងណានោះ ខ្ញុំសូមធ្វើការរៀបរាប់ទៅតាមចំណុចនីមួយៗរបស់វាជាមុនសិន ដែលដំបូងចាប់ផ្ដើមពី រចនាបទរូបរាង៖

 

នៅខាងមុខ និងខ្នងខាងក្រោយនៃស្មាតហ្វូននេះ វាបានបំពាក់ជាមួយកញ្ចក់ទាំងអស់តែម្ដង ហើយចំពោះរូបរាងទាំងមូលវិញ អាចនិយាយបានថា វាធ្វើឲ្យហ្វេនរបស់យីហោផ្លែប៉ោម មានអារម្មណ៍ពេញចិត្តមែនទែន ជាមួយតួរខ្លួនតូច មានទំហំអេក្រង់ 5.8 អ៊ីញ។ បើតាមរូបរាងរបស់វានៅពេលនេះ គឺនៅតែទាន់សម័យ ដោយសារ វាមិនខុសពី iPhone XS ប៉ុន្មាននោះទេ ប៉ុន្តែទំហំអេក្រង់វិញ បើប្រៀបជាមួយស្មាតហ្វូនសព្វថ្ងៃនេះ វារាងតូចបន្តិចហើយ ព្រោះថាមានស្មាតហ្វូនមួយចំនួន មានអេក្រង់ក្បែរ 7 អ៊ីញទៅហើយ។ ប៉ុន្តែមិនអីទេ សម្រាប់អ្នកស្រឡាញ់ស្មាតហ្វូនខ្លួនតូច វានៅតែសាកសម ជាពិសេសអេក្រង់ OLED នៅតែបង្ហាញរូបភាពបានល្អដដែល។ 

 

 

មកដល់កាមេរ៉ារបស់វាវិញ៖

 

សេនស័រ 12MP ចំនួន 2 គ្រាប់នៅខាងក្រោយ អាចធ្វើការបានល្អមិនចាញ់ស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះប៉ុន្មានឡើយ មិនថាការថតរូបភាព ឬមួយក៏វីដេអូកម្រិតខ្ពស់នោះទេ។ ចំពោះផ្នែកកាមេរ៉ាមុខវិញ ខ្ញុំអាចប្រាប់បានថា លេន 7MP របស់វាអាចធ្វើការបានល្អ ព្រមទាំងមានមុខងារច្រើនមិនចាញ់ iPhone XS ប៉ុន្មាននោះទេ ប៉ុន្តែវារាងខ្សោយជាងគេបន្តិច បើប្រៀបជាមួយស្មាតហ្វូនកំពូលក្នុងពេលបច្ចុប្បន្ននេះ។

 

 

 

ឥឡូវចូលមកដល់ ស្នូលរបស់វាវិញម្ដង៖

 

យើងដឹងហើយថា iPhone X បានបំពាក់ជាមួយបន្ទះឈីប A11 Bionic ទំហំ 10nm ជាមួយរ៉េម 3GB ផងដែរ។ ចំណុចនេះ អាចនិយាយបានថា វានៅតែដំណើរការបានល្អ ទាំងការប្រើទូទៅ និងការលេងហ្គេម ប៉ុន្តែខ្ញុំរាងអន់ចិត្តបន្តិច ព្រោះថានៅពេលដែលយើង លេងដាក់ក្រាហ្វិកខ្ពស់នោះ វានឹងឆាប់ឡើងកម្ដៅជាងមុន ដែលជាហេតុធ្វើឲ្យគុណភាពហ្គេមធ្លាក់ចុះអញ្ចឹងដែរ។ 

 

 

ចុងក្រោយគេ គឹថាមពលថ្មរបស់វា៖

 

មកដល់ត្រង់នេះ វានឹងមិនខ្លាំងជាងគេទៀតឡើយ ព្រោះថាថាមពលថ្ម 2,716mAh វាពិតជាតូចមែនទែន បើប្រៀបជាមួយស្មាតហ្វូនសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកប្រើប្រាស់ធម្មតា វាអាចលោតដល់មួយថ្ងៃ តែសម្រាប់អ្នកលេងហ្គេម ឬមើលវីដេអូច្រើនម៉ោងនោះ វាអាចនឹងមិនដល់មួយថ្ងៃទៀតឡើយ ហើយអ្នកដែលចង់ប្រើ គួរតែត្រៀម Power Bank ទុកតាមខ្លួនឲ្យស្រេចទៅ ដើម្បីកុំឲ្យស៊យពេលមានការសំខាន់ផងដែរ។

 

 

បើតាមការបង្ហាញខាងលើនេះ អាចនិយាយបានថា iPhone X មានចំណុចល្អប្រហែល 75 ភាគរយ រីឯចំណុចស្ទើរ 25 ភាគរយ។ ហេតុនេះ និយាយរួមទៅ iPhone ជំនាន់ទី 10 ខាងលើនៅតែល្អសម្រាប់ឆ្នាំ 2019 មិនថាជាកាមេរ៉ា កម្លាំងមាស៊ីន និងជាពិសេស វានៅតែមានរូបរាងស្រស់ស្អាតទាន់សម័យ មិនចាញ់ ស្មាតហ្វូនដែលទើបតែចេញថ្មីៗនេះឡើយ។ បើគិតមកដល់ពេលនេះ វារាងធ្លាក់ថ្លៃច្រើនដែរ ព្រោះថា វាបានចេញជិត 2 ឆ្នាំទៅហើយ ម្យ៉ាងវិញទៀត ការប្រកាសផ្លូវការនៃ iPhone 11 ក៏កាន់តែខិតជិតមកដល់ផងដែរ ដូច្នេះ អ្នកដែលមានថវិកាមិនដល់ ជំនាន់ចុងក្រោយនោះ អាចក្រឡេកមើលវាបាន បើសិនជាអ្នកស្រឡាញ់យីហោនេះ ប៉ុន្តែក៏សូមរំលឹកថា តម្លៃរបស់វាសព្វថ្ងៃ ប្រហាក់ប្រហែលជាមួយស្មាតហ្វូនកំពូលមួយចំនួន ដែលប្រកាសចេញក្នុងឆ្នាំនេះដែរ អញ្ចឹងអ្នកអាចពិចារណាមើលបាន មុននឹងសម្រេចចិត្តទិញ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo report Tag: ទូរស័ព្ទ