CAMBO REPORT

Popup Advertising5 seconds

OnePlus​ TV​ នឹង​ដាក់​​បង្ហាញ​​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​ ជាមួយ​អេក្រង់​ប្រភេទ​ QLED​ ទៀត​ផង​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លើកមុន យើងបានដឹងហើយថា OnePlus កំពុងតែមានគម្រោង ក្នុងការនាំយកផលិតផលទូរទស្សន៍របស់ខ្លួន ចូលប្រឡូកក្នុងទីផ្សារជាមួយគេឯងដែរ ប៉ុន្តែកាលនោះ ក្រុមហ៊ុនមួយនេះ មិនបានបញ្ជាក់នោះទេថា ទូរទ្សន៍ឆ្លាតវៃរបស់ខ្លួន នឹងត្រូវប្រកាសបង្ហាញនៅពេលណាឡើយ។ ជាក់ស្ដែង មកទល់ពេលនេះ សូម្បីតែ Redmi ក៏មានផលិតផលទូរទស្សន៍ផ្ទាល់ខ្លួនដែរ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចនឹងត្រូវបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ដោយហេតុនេះហើយ ទើបពេលនេះ OnePlus បានចេញមុខបង្ហើបពីពេលវេលាដែល smart TV របស់ខ្លួន បង្ហាញវត្តមានអញ្ចឹងដែរ។

 

 

ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុន យើងទទួលបានដំណឹងថា OnePlus អាចនឹងបង្ហាញនូវស្មាតហ្វូនកំពូលរបស់ខ្លួនចំនួន 2 ម៉ូឌែលទៀត នៅថ្ងៃទី 26 កញ្ញា ខាងមុខនេះទៀតផង ពោលគឺ វាអាចជាវត្តមានរបស់ OnePlus 7T និង 7T Pro ផងដែរ។ មិនខុសទេ បើតាមការបញ្ជាក់របស់លោក Pete Lau ដែលជា CEO របស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា OnePlus TV នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ ពោលគឺ វាអាចជាថ្ងៃតែមួយដែលក្រុមហ៊ុនមួយនេះ ប្រកាសស្មាតហ្វូនកំពូលខាងលើដូច្នេះដែរ។ មួយវិញទៀត ជុំវិញទូរទស្សន៍ឆ្លាតវៃនេះ លោកបានបន្ថែមទៀតថា smart TV ដែលនឹងចេញក្នុងពេលឆាប់ៗនេះ គឺពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ ផ្នែកកម្រិតបង្ហាញរូបភាព និងសម្លេងរបស់វាផងដែរ។ 

 

 

គួរបញ្ជាក់ដែរថា បើតាមន័យរបស់ CEO ខាងលើ អាចនិយាយបានថា ទូរទស្សន៍ដែលផលិតចេញមកនេះ វាអាចនឹងមិនបំពាក់ជាមួយអេក្រង់ OLED នោះទេ ផ្ទុយទៅវិញ វាអាចជាបន្ទះបង្ហាញប្រភេទ QLED ទៀតផង។ ប្រាកដណាស់ វាអាចនឹងដូច្នេះពិតមែន ដោយសារ លោក Lau គាត់បានបោះសម្តីថា អេក្រង់ OLED វាមានតម្លៃថ្លៃ លើសពីនេះ តម្លៃរបស់វា មិនសាកសមជាមួយ គុណភាពដែលទទួលបាននោះទេ ដោយលោកចង់មានន័យថា ចំណាយលុយច្រើនលើវា តែសមត្ថភាពរបស់វាធ្វើមិនបានច្រើន ដូចតម្លៃឡើយ។ មួយវិញទៀត smart TV នេះ បានដំណើរការជាមួយ Android TV ហើយវាក៏អាចផ្ដល់បទពិសោធន៍ បានកាន់តែប្រសើថែមទៀត ដល់អ្នកប្រើប្រាស់ ក៏ដូចជាមានមុខងារភ្ជាប់ជាមួយស្មាតហ្វូន ដែលកាន់តែជួយបង្កើនភាពងាយស្រួលបានមួយកម្រិតទៀតផងដែរ។

 

 

ដូច្នេះហើយ OnePlus TV អាចនឹងប្រកាសផ្លូវការ នៅខែក្រោយជាមួយ OnePlus 7T និង 7T Pro ដែលកាន់តែពិសេសថែមទៀត វាក៏អាចបំពាក់មកជាមួយអេក្រង់ប្រភេទ QLED ផងដែរ។ ហេតុនេះ មិនយូរទៀតទេ យើងនឹងបានឃើញទូរទស្សន៍ឆ្លាតវៃដែលមានយីហោ OnePlus នៅក្នុងទីផ្សារ ហើយវានឹងចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាមុនគេ បន្ទាប់មកទៀត ទើបដល់វេនទីផ្សារប្រទេសផ្សេងៗវិញម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរទស្សន៍