CAMBO REPORT

Popup Advertising5 seconds

រថយន្ដ​អគ្គិសនី​ម៉ាក Porsche Taycan នឹង​ភ្ជាប់​មក​ជា​មួយ​កម្មវិធី Apple Music ស្រាប់​តែ​ម្ដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្កប្រណិត ដ៏ល្បីល្បាញម៉ាក Porsche បានប្រកាសប្រាប់ថា Taycan មិនត្រឹមតែជារថយន្ដ ប្រើថាមពលអគ្គិសនីដំបូង របស់ខ្លួននោះទេ ប៉ុន្ដែក៏ជារថយន្ដដំបូងបង្អស់ ដែលមានភ្ជាប់មកជាមួយ កម្មវិធីស្ដាប់តន្រ្ដី Apple Music រួចជាស្រេចតែម្ដង។ ហេតុដូច្នេះហើយ គឺចង់បានន័យថា អ្នកទាំងអស់គ្នា អាចអនុញ្ញាតឲ្យធ្វើការ ស្ដាប់បទចម្រៀង តាមចំណង់ចំណូលចិត្ត, ការស្ដាប់វិទ្យុនានា និងផ្សេងៗជាច្រើនទៀត ដោយមិនចាំបាច់ តម្រូវឲ្យតភ្ជាប់ជាមួយនឹង ស្មាតហ្វូនរបស់អ្នកឡើយ។

 

 

លើសពីនេះទៅទៀត Porsche បាននិយាយបន្ដទៀតថា ខ្លួនកំពុងមានគម្រោង ផ្ដល់ជូននូវសេវាកម្ម អ៊ីនធើណេតក្នុងឡាន រយៈពេលសរុបដល់ទៅ 3 ឆ្នាំ និងព្រមទាំងសេវាកម្ម Apple Music រយៈពេលរហូតដល់ទៅ 6 ខែ ដោយឥតគិតថ្លៃ សម្រាប់ទាំងអតិថិជនចាស់ និងអតិថិជនថ្មីទាំងអស់។ បើទោះបីជា កាលពីពេលមុនៗមក Apple Music អាចបើកដំណើរការ នៅលើរថយន្ដនានា តាមរយៈកម្មវិធី CarPlay យ៉ាងណាក៏ដោយ ប៉ុន្ដែនេះគឺជាលើកដំបូងបង្អស់ ដែលសេវាកម្មស្ដាប់តន្ដ្រីនេះ ភ្ជាប់មកស្រាប់តែម្ដង នៅក្នុងកម្មវិធីរថយន្ដ និងមិនតម្រូវឲ្យភ្ជាប់ជាមួយ ឧបករណ៍ផ្សេងៗទៀតឡើយ។

 

ចំពោះយុទ្ធសាស្រ្ដ ផ្សព្វផ្សាយថ្មីមួយនេះ គឺពិតជាដំណើរការបានល្អ សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Apple ដោយបន្ទាប់ពីបានប្រកាសថា iTunes នឹងអាចប្រើប្រាស់នៅលើ ទូរទស្សន៍ឆ្លាតវៃរបស់ Samsung បាន ហើយក៏ពង្រីកវិសាលភាព របស់ខ្លួនបន្ថែមទៀត តាមរយៈការដំឡើង កម្មវិធីរបស់ខ្លួន ទៅលើឧបករណ៍ដទៃទៀត ក្រៅពីផលិតផល Apple ផងដែរ។ ក្រៅពីបញ្ជាក់ប្រាប់ថា Apple Music នឹងមាននៅលើរថយន្ដទំនើប Porsche Taycan ហើយវាព្រមទាំងមានសមត្ថភាព បញ្ជាបទចម្រៀងនីមួយៗ តាមរយៈការប្រើប្រាស់ សម្លេងរបស់យើងបាន ដោយមិនបាច់ថាច់ស្រ្គីន ថែមទៀតផង។

 

 

នេះបើយោងទៅតាម របាយការណ៍ ប្រភពចេញមកពី Tech Crunch បានលើកឡើងថា រថយន្ដអគ្គិសនីម៉ាក Taycan គឺមិនមែនតែជារថយន្ដ ដែលមានភ្ជាប់មកជាមួយ Apple Music តែមួយគត់នោះទេ ដោយឡែកក្រុមហ៊ុន Porsche ក៏មានគម្រោងបញ្ចេញ សេវាកម្មស្ដាប់តន្ដ្រីនេះ ទៅឲ្យរថយន្ដស៊េរីថ្មីៗទៀត នាពេលអនាគតខាងមុខនេះ។ ចំណែកឯ រថយន្ដអគ្គិសនីម៉ាក Porsche Taycan បានគ្រោងនឹងបង្ហាញខ្លួន ជាផ្លូវការនៅខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ ដោយតម្លៃរបស់រថយន្ដនេះ ត្រូវបានគេរំពឹងទុកថា នឹងមិនអាចក្រោម 130,000 ដុល្លារនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត