CAMBO REPORT

Popup Advertising5 seconds

Realme​ 5​ series​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​ ដោយ​មាន​កាមេរ៉ា​ 4​ គ្រាប់​ពិត​មែន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ ពត៌មានលេចធ្លាយជាច្រើន បាននិយាយពីស្មាតហ្វូនលំដាប់ថវិការបស់យីហោ Realme ដែលវាមានចំនួនពីរម៉ូឌែលដូចជា Realme 5 និង Realme 5 Pro។ ប្រាកដណាស់ នៅក្នុងពេលនេះស្មាតហ្វូន ដែលគេបាននិយាយថា នឹងត្រូវបំពាក់មកជាមួយកាមេរ៉ាខាងក្រោយ 4 គ្រាប់ ឥឡូវនេះវាបានប្រកាសចេញជាផ្លូវការហើយ ដោយមានលក្ខណៈសម្បត្តិជាច្រើន មិនខុសពីពត៌មានលេចធ្លាយប៉ុន្មាននោះទេ។ មិនខុសទេ អម្បាញ់មិញនេះ Realme បានបង្ហាញរួចរាល់ហើយពីស្មាតហ្វូនពីរម៉ូឌែលខាងលើ ដូច្នេះពត៌មានលម្អិតខ្ញុំនឹងប្រាប់ដល់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះ។

 

 

 

មិនខុសពីរាល់ដងទេ ដំបូងយើងនឹងធ្វើការរៀបរាប់ពីរចនាបទរូបរាង និងអេក្រង់របស់វាមុនគេ៖

 

ពិតណាស់ ស្មាតហ្វូនទាំងពីរម៉ូឌែលខាងលើនេះ មានការរចនាពណ៌ផ្នែកខាងក្រោយ បានយ៉ាងស្រស់ស្អាតហើយត្រូវបានគេហៅថា ការរចនាបែប Crystal ទៀតផង។ បើយើងមើលទៅលើ Realme 5 Pro ឃើញថា វាបានបំពាក់ជាមួយអេក្រង់ទំហំ 6.3 អ៊ីញកម្រិត Full HD+ ដែលលាតនៅលើតួខ្លួនរហូតដល់ 90.6% ប៉ុន្តែវាមិនមានសេនស័រស្កេនស្នាមម្រាមដៃនៅលើអេក្រង់នោះទេ។ ដោយឡែកចំពោះ Realme 5 វិញ វាបានបំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញកម្រិត HD+ ដែលលាតនៅលើតួខ្លួនបានដល់ 89% ផងដែរ។ លើសពីនេះ មិនថា Realme 5 ឬ 5 Pro ឡើយ គឺវាមានម៉ូតអេក្រង់ឆកបែបតំណក់ទឹកដូចគ្នា ហើយវាទាំងពីរក៏មានសេនស័រស្កេនស្នាមម្រាមដៃ នៅផ្នែកខាងក្រោយនៃតួខ្លួនផងដែរ។

 

 

បន្ទាប់មកទៀត គឺយើងនិយាយពីកាមេរ៉ារបស់វាវិញម្ដង

 

មិនខុសពីពាក្យចចាមអារ៉ាមនោះទេ ទាំងពីរម៉ូឌែលនេះ បានបំពាក់កាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ដូចគ្នា ប៉ុន្តែសមត្ថភាពមិនដូចគ្នានោះទេ។ ចំពោះ Realme 5 Pro បានបំពាក់សេនស័កាមេរ៉ាដំបូង ជាលេន Ultra wide-angle ដែលមានទំហំ 8MP ជាមួយលេនគោលដែលមានទំហំ 48MP រួមទាំងសេនស័រ 2MP ចំនួន 2 គ្រាប់ទៀត ដោយមួយជាលេនព្រាលផ្ទៃខាងក្រោយ និងមួយទៀតជាលេន Ultra Macro ហើយចំពោះកាមេរ៉ាមុខវិញវាបានបំពាក់ជាមួយសេនស័រមួយគ្រាប់ទំហំ 16MP ផងដែរ។ ចំណែក Realme 5 វិញ វាបានបំពាក់ជាមួយកាមេរ៉ាគោលដែលមានទំហំ 12MP ហើយ 3 គ្រាប់ទៀត វាមានមុខងារដូចម៉ូឌែល Pro ដែរ ទៅលើកាមេរ៉ាមុខវិញ វាបានប្រើប្រាស់នូវលេនមួយគ្រាប់ដែលមានទំហំ 13MP ដូច្នេះដែរ។

 

 

ឥឡូវចូលមកដល់កម្លាំងម៉ាស៊ីនវិញម្ដង

 

Realme 5 និង 5 Pro បានបែងចែកកញ្ចប់ម៉ាស៊ីនដាច់ដោយឡែកពីគ្នា ដែល Realme 5 បានភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 665 ជាមួយជម្រើស 3 ប្រភេទរួមមាន រ៉េម 3GB / 32GB, 4GB / 64GB និងចុងក្រោយគឺ រ៉េម 4GB ជាមួយអង្គផ្ទុក 128GB។ មកដល់ Realme 5 Pro វិញ វាដំឡើងមកជាមួយឈីប Snapdragon 712 ដែលមានជម្រើស 3 ប្រភេទដូចជា រ៉េម 4GB / 64GB, 6GB / 64GB និងរ៉េម 8GB ក៏ដូចជាអង្គផ្ទុក 128GB ផងដែរ។ គួរបញ្ជាក់ដែរថា Realme 5 មានថាមពលថ្មទំហំ 5,000mAh ចំណែកឯ 5 Pro វិញមានថ្មត្រឹម 4,035mAh តែប៉ុណ្នោះ។ មួយវិញទៀត វាទាំងពីរនេះ បានបំពាក់មុខងារសាកថ្មលឿន VOOC 3.0 ព្រមទាំងមានឆ្លាំងសាកកម្លាំង 20W នៅក្នុងប្រអប់ស្រាប់ទៀតផង។

 

 

ចុងក្រោយគឺ តម្លៃ

 

ចំពោះតម្លៃរបស់វានីមួយៗ ត្រូវបានបែកចែកដាច់ដោយឡែកពីគ្នា ទៅតាមទំហំរ៉េម ក៏ដូចជាអង្គផ្ទុករបស់វាដូច្នេះដែរ។ អញ្ចឹងតម្លៃរបស់វា ខ្ញុំនឹងរៀបរាប់នៅខាងក្រោមនេះ

• ចំពោះ Realme 5 Pro : ម៉ូឌែលរ៉េម 4GB / 64GB មានតម្លៃ 195 ដុល្លារ

  ​​                                   ម៉ូឌែលរ៉េម 6GB / 64GB មានតម្លៃ  208 ដុល្លារ

                                     ម៉ូឌែលរ៉េម 8GB / 128GB មានតម្លៃ 236 ដុល្លារ

 

 

• ចំពោះ Realme 5  :     ម៉ូឌែលរ៉េម 3GB / 32GB មានតម្លៃ 139 ដុល្លារ 

                                   ម៉ូឌែលរ៉េម 4GB / 64GB មានតម្លៃ 153 ដុល្លារ

                                   ម៉ូឌែលរ៉េម 4GB / 128GB មានតម្លៃ 167 ដុល្លារ

 

 

អញ្ចឹងហើយ ទាំងនេះជាលក្ខណៈសម្បត្តិផ្លូវការនៃស្មាតហ្វូន Realme 5 series ដែល Realme 5 និងត្រូវចាប់ផ្ដើមលក់ពីថ្ងៃទី 27 សីហានេះតទៅ រីឯ Realme 5 Pro នឹងត្រូវលក់ផ្លូវការចាប់ពីថ្ងៃទី 4 កញ្ញា ដោយចាប់ផ្ដើមដំបូងនៅក្នុងទីផ្សារឥណ្ឌាមុនគេ ហើយយើងក៏មិនប្រាកដថា វាមាននៅក្នុងស្រុកយើង ឬអត់នោះដែរ។ ដូច្នេះ បើតាមលក្ខណៈសម្បត្តិប៉ុណ្ណេះ អាចនិយាយបានថា វាពិតជាសមរម្យជាមួយកញ្ចប់តម្លៃខាងលើ ហើយវាក៏សាកសម ជាមួយអ្នកដែលចង់បានស្មាតហ្វូនសម្រាប់ប្រើប្រាស់ លើមុខងារទូទៅផងដែរ តែបើចង់បានសម្រាប់ការលេងហ្គេម Realme 5 Pro សាកសមជាង ប៉ុន្តែវាក៏មិនអាចធ្វើបានល្អណាស់ណាដែរ បើតាមកម្លាំងម៉ាស៊ីនដែលបានបំពាក់នោះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ