CAMBO REPORT

Popup Advertising5 seconds

Apple គ្រោង​បញ្ចេញ​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ទី 5 ជាមួយ​ជម្រើស Ceramic និង Titanium?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលវេលាដ៏អស្ចារ្យប្រចាំឆ្នាំ នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple នឹងខិតជិតមកដល់ហើយ នោះគឺជា ព្រឹតិ្តការណ៍ធំ ក្នុងការប្រកាសបញ្ចេញនូវ ផលិតផលថ្មីៗ ជាផ្លូវការ ដោយរួមមានដូចជា iPhone ជំនាន់ទី 11, Apple Watch ស៊េរីថ្មី និងផលិតផលផ្សេងៗទៀត។ គេ សន្មត់ថា Apple អាចនឹងជ្រើសយកថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ ដើម្បីបង្ហាញមហាជនឲ្យបានឃើញ រូបរាងពិតៗ និងលក្ខណៈសម្បត្តិ នៃផលិតផលថ្មីៗទាំងនោះ។ ហើយក្នុងនោះដែរ នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ថ្មី គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលធំៗ ដែលគ្រប់គ្នា ក៏កំពុងទន្ទឹងរង់ចាំមើល ដើម្បីជ្រាបថា វានឹងមានលក្ខណៈពិសេស បែបណាខ្លះទៅ?

 

 

ជាទូទៅ គ្រប់ផលិតផលថ្មីៗ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ល្បីៗទូទាំងសកលលោក តែងតែឃើញមានការបែកធ្លាយ ពីលក្ខណៈសម្បតិ្តខ្លះៗ មុនថ្ងៃប្រកាស ជាផ្លូវការហើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ យើងក៏ទទួលបានព័ត៌មាន លេចធ្លាយមួយពីគេហទំព័រ iHelpBR បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនផ្លែប៉ោម គ្រោងនឹងបញ្ចេញស៊េរីនាឡិកា ឆ្លាតវៃជំនាន់ទី 5 ជាមួយម៉ូឌែលថ្មី ដល់ទៅ  2 ដោយមួយជាប្រភេទ Ceramic និងមួយទៀត ជាប្រភេទ Titanium នេះបើយោងទៅតាមរូបភាព 2 ដែលគេបានរកឃើញ នៅក្នុង Watch OS ជំនាន់សាកល្បង ចុងក្រោយគេបង្អស់។ 

 

 

តាមពិតទៅ កាលពីដើមឆ្នាំ 2019 នេះ បើយោងទៅតាមសម្តី របស់កំពូលអ្នកវិភាគលោក Ming-Chi Kuo បានបង្ហាញ ជាមួយនឹងការព្យាករណ៍ទុកមុនថា ក្រុមហ៊ុន Apple អាចនឹងធ្វើការប្រកាសចេញ នាឡិកាឆ្លាតវៃ ជំនាន់ថ្មីរបស់ខ្លួន ជាមួយជម្រើស Ceramic ម្តងទៀត ដោយវាបានបាត់មុខ នៅលើ Apple Watch Series 4។ គួរបញ្ជាក់ផងថា ប្រភេទ Ceramic ធ្លាប់មានវត្តមាន ចាប់តាំងពីជំនាន់ទី 2 អមមកជាមួយជម្រើសពណ៌ស យ៉ាងប្រណិត ហើយមកដល់ជំនាន់ទី 3 គេក៏បានផ្លាស់ប្តូរ ការឌីហ្សាញមក ពណ៌ប្រផេះវិញដែរ តែចំលែកអី វាបែរជារំលងនៅលើជំនាន់ទី 4 ឬមួយក៏មកពីវាមានតម្លៃថ្លៃខ្លាំងពេក? យ៉ាងណា អ្វីគ្រប់យ៉ាងនឹងត្រលប់មកសាជាថ្មី ដែលវាអាចបំពាក់លើ Apple Watch ជំនាន់ទី 5 ហើយមិនតែប៉ុណ្ណោះ ប្រភេទថ្មី Titanium ក៏អាចទំនងមកជំនួសដំណែង Stainless Steel ដែលមាននៅលើ នាឡិកាឆ្លាតវៃជំនាន់មុនៗដែរ។ បន្ថែមពីនេះ បើយោងតាមរូបភាពខាងក្រាម បានឲ្យដឹងកាន់តែច្បាស់មួយកម្រិតទៀតថា សម្រាប់ទំហំអេក្រង់នៃ Apple Watch ជំនាន់ថ្មីនេះ មើលទៅមិនមានអ្វីប្លែក ពីជំនាន់ទី 4 ឡើយ ដោយវានឹងមានអេក្រង់ 2 ទំហំខុសគ្នា គឺទំហំ 40mm និង 44mm។

 

 

សរុបមកវិញ ចំពោះយោបល់របស់ខ្ញុំ បើយោងតាមរូបភាពទាំង 2 ខាងលើ វាអាចជាតម្រុយដែលបង្ហើប ឲ្យយើងបានដឹងថា សម្រាប់ម៉ូឌែលប្រភេទថ្មីរបស់ Apple Watch ជំនាន់ទី 5 ទាំងនេះ វាអាចត្រៀមនឹងធ្វើការដាក់បង្ហាញ ជាផ្លូវការ នាពេលខាងមុខនេះមែន។ បញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី 1 នោះទេ ដែលមានព័ត៌បែកធ្លាយ ជាច្រើន បានមកពី Watch OS ជំនាន់សាកល្បង ហើយព័ត៌មានទាំងនោះ ភាគច្រើន អាចក្លាយជាការពិត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: នាឡិកាវៃឆ្លាត