CAMBO REPORT

Popup Advertising5 seconds

Dell​ បាន​បញ្ចេញ​ប៉ា​តង់​ថេ​ប្លេត​បត់​របស់​ខ្លួន​ នៅ​លើ​ USPTO​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃពាក្យថាបត់ នៅលើស្មាតហ្វូន ហាក់ដូចជាមិនមានអ្វីប្លែកនោះទេ ដោយសារក្រុមហ៊ុនជាច្រើន បានប្រាប់ពាក្យនេះទៅកាន់មនុស្សគ្រប់គ្នា ឡើងស៊ាំទៅហើយ។ ដោយឡែក ចំពោះថេប្លេតបត់វិញ គឺនៅមានពត៌មានតិចតួចមែនទែន ដែលនិយាយពីវា ជាក់ស្ដែងកន្លងមក មានតែ Apple តែមួយគត់ដែលមានពាក្យចចាមអារ៉ាមថា អាចនឹងមាន iPad បត់នៅប៉ុន្មានឆ្នាំខាងមុខទៀត។ ពិតណាស់  គេបានប្រទះឃើញ នូវរូបគំរូថេប្លេតបត់របស់ Dell នៅលើ USPTO ដែលត្រូវបានទទួលស្គាល់ផ្លូវការកាលពីប៉ុន្មានថ្ងៃមុនទៀតផង។

 

 

មិនខុសទេ កាលពីពេលេថ្មីៗនេះ ប៉ាតង់ថេប្លេតបត់របស់ Dell ត្រូវបានគេប្រទះឃើញពិតមែន នៅលើ USPTO(US Patent and Trademark Office) ដែលតាមពិតទៅ វាត្រូវបានក្រុមហ៊ុនខាងលើ បង្កើតរូបគំរូនេះឡើង តាំងពីខែកុម្ភៈ ឆ្នាំ 2018 មកម្លេះ ប៉ុន្តែវាទើបតែត្រូវភ្នាក់ងារខាងលើ បង្ហាញជាផ្លូវការ នៅថ្ងៃទី 8 ខែសីហានេះប៉ុណ្ណោះ។ បើតាមរូបរាងដែលយើងបានមើលឃើញ អាចនិយាយបានថា វាជាប្រភេទថេប្លេត ដែលមានគែមជុំវិញតូច ជាមួយបច្ចេកវិទ្យាបត់ មានលក្ខណៈស្រដៀងទៅនឹងសៀវភៅដែរ ពោលគឺ វាទាញអ័ក្សទាំងពីរ ឲ្យកិបចូលគ្នា ដើម្បីធ្វើឲ្យមានតួខ្លូនតូចជាងមុន 2 ដង។ 

 

 

គួរបញ្ជាក់ដែរថា ឧបករណ៍អេក្រង់ពីរនេះ បានរចនាឡើងដោយមានអេក្រង់មួយបន្ទះ លាតស្ទើរពេញផ្ទៃមុខ ដែលតួខ្លួនទាំងសងខាង ត្រូវបានញែកចេញពីគ្នាដោយ អ័ក្សមួយដែលស្ថិតនៅចំកណ្ដាល ហើយវាក៏ជាអ័ក្សមួយដែលអនុញ្ញាតឲ្យតួខ្លួនទាំងសងខាង បត់ចូលគ្នាបានផងដែរ។ លើសពីនេះ Dell បានអះអាងថា ថេប្លេតមួយនេះ នឹងធ្វើឲ្យការទស្សនាផ្សេងៗ មានលក្ខណៈពេញភ្នែកតែម្តង ព្រោះតែគម្លាត ពីគែមមកអេក្រង់មានទំហំតូច ដែលធ្វើការបង្ហាញរបស់វា​ អាចលាតបានសឹងតែពេញតួខ្លួនទៀតផង ជាងនេះទៅទៀត វាក៏អាចនឹងដំណើរការជាមួយ Window 10 ផងដែរ។

 

 

និយាយរួមទៅ នេះជាប៉ាតង់ថ្មីនៃថេប្លេតបត់របស់ Dell ដែលមើលទៅការរចនានេះ ហាក់ដូចជា យកចិត្តទុកដាក់ខ្លាំងមែនទៅលើចំណុចបត់របស់វា ក៏ដូចជាគម្លាតគែមរបស់អេក្រង់ដូច្នេះដែរ។ អញ្ចឹងហើយនេះគ្រាន់តែជា រូបគំរូមួយចំនួននោះទេ ចំណែកឯពេលវេលា ដែលវាអាចនឹងលេចចេញជារូបរាងនោះ ក្រុមហ៊ុនខាងលើមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ដូច្នេះត្រូវរង់ចាំមើលទៅថ្ងៃមុខទៀត។ បើតាមអ្វីដែលយើងបានមើលឃើញនេះ អាចនិយាយបានថា វាប្រហែលជាមិនឆាប់ពេកនោះទេ ណាមួយក្រុមហ៊ុនផ្សេងៗទៀត ក៏មិនទាន់បានបង្ហាញពីបច្ចេកវិទ្យាបត់នៅលើថេប្លេតនេះ ឲ្យបានទូលំទូលាយនោះដែរ ដូច្នេះវាអាចត្រូវចំណាយពេលសិក្សាបន្ថែមទៀតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GizMo China Tag: ថេប្លេត