CAMBO REPORT

Popup Advertising5 seconds

វិធី​បក​ប្រែ​អត្ថបទ​​តាម​រយៈ​កម្មវិធី Safari នៅ​លើ iPhone

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចអ្វីដែលយើងបានដឹងហើយថា ភាសាជាផ្នែកមួយដ៏ចាំបាច់ និងមានអត្ថប្រយោជន៍ ដ៏ក្រៃលែង ក្នុងការបំពេញទំនាក់ទំនង រវាងគ្នានិងគ្នា តាមរយៈការនិយាយ, សរសេរ, ស្តាប់, និងការអាន ជាដើម។ ក្នុងនោះផងដែរ គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែមានភាសាសម្រាប់ទំនាក់ទំនង រៀងៗខ្លួន កត្តានេះហើយ ដែលជាផលវិបាកយ៉ាងខ្លាំង ក្នុងការស្វែងយល់នូវភាសា ផ្សេងខុសៗគ្នា។ 

 

 

 

តួយ៉ាង បញ្ហាចំបងដែលយើងធ្លាប់តែជួបប្រទះនោះ គឺភាគច្រើន ទៅលើសិស្សានុសិស្ស និងនិស្សិត ឬក៏អ្នកដែលចូលចិត្តធ្វើការងារស្រាវជ្រាវ ទាក់ទងជាមួយនឹងភាសាបរទេស នៅលើស្មាតហ្វូន ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ iOS ដើម្បីធ្វើការស្វែងរក ព័ត៌មាន ឬឯកសារផ្សេងៗ តាមរយៈ ប្រព័ន្ធអ៊ីនធើណេត ប៉ុន្តែ បែរជាព័ត៌មាន ឬឯកសារទាំងនោះ សរសេរមកជាអក្សរ ដែលយើងមិនចេះ ឬអានមិនដាច់ សូម្បីតែមួយឃ្លា។ ឧទាហរណ៍ដូចជា អក្សរចិន, ជប៉ុន កូរ៉េ, ថៃ និង វៀតណាម ជាដើម។

 

ដើម្បីដោះស្រាយបញ្ហានេះ អ្នកខ្លះក៏ធ្វើការចម្លងអក្សរទាំងនោះ ម្តងមួយៗ រួចយកទៅបកប្រែនៅក្នុងកម្មវិធីវចនានុក្រម អ្នកខ្លះទៀតក៏ធ្វើការថតចម្លងអក្សរទាំងនោះ យកទៅបកប្រែនៅលើកម្មវិធី Google Translate ផងដែរ។ ប៉ុន្តែ វិធីខាងលើនេះ មិនទាន់ជាដំណោះស្រាយដ៏ល្អនៅឡើយទេ ព្រោះថាវាចំណាយពេលវេលាច្រើនបន្តិច ដូច្នេះក្នុងថ្ងៃនេះ ក្រុមការងារ ខេមបូរីផត សូមណែនាំ របៀបវិធីមួយដ៏ងាយ និងឆាប់រហ័ស ដែលប្រិយមិត្តអាចធ្វើការបកប្រែ ឯកសារណាមួយបាន នៅលើកម្មវិធី Safari សំរាប់ iPhone និង iPad។

 

• ដើម្បីចាប់ផ្តើម ដំបូងអ្នកត្រូវចូលទៅទាញយក កម្មវិធីមួយដែលមានឈ្មោះថា “Microsoft Translator” នៅលើ App Store បើសិនជាក្នុងករណី iPhone ឬ iPad របស់អ្នក មិនធ្លាប់មានវាពីមុនមក។ 

 

 

• បន្ទាប់មក សូមបើក កម្មវិធី Safari នៅលើ iPhone ឬ iPad របស់អ្នក រួចចូលទៅកាន់គេហទំព័រ ណាមួយដែលអ្នកចង់ធ្វើការបកប្រែ។ រួចសូមចុចលើ ប៊ូតុង Share ដែលស្ថិតនៅចំកណ្តាល នៃផ្នែកខាងក្រោមគេបង្អស់។ 

 

 

• នៅពេលនោះ អ្នកនឹងឃើញផ្ទៃបង្ហាញថ្មីមួយលោតឡើង បន្ទាប់មក សូមធ្វើការអូស (Scroll) ទៅស្តាំឲ្យអស់ នោះអ្នកនឹងឃើញពាក្យថា “More” ដែលស្ថិតនៅចុងគេបង្អស់នៃផ្នែកខាងក្រោមរបស់ផ្ទាំងបង្ហាញ ដូចនេះសូមចុចវាទៅ។

 

 

• ខណៈនោះ អ្នកនឹងឃើញផ្ទៃបង្ហាញថ្មីមួយទៀត លោតឡើង រួចធ្វើការអូសចុះក្រោមបង្អស់ នោះអ្នកនឹងឃើញ មុខងារមួយ ដែលមានឈ្មោះថា “Translator” បន្ទាប់មក សូមធ្វើការបើកដំនើរការមុខងារនេះ។

 

 

• បន្ទាប់មកទៀត អ្នកអាចធ្វើការស្រាវជ្រាវ រកឯកសារណាដែលអ្នកអានមិនដាច់ ហើយសូមចុចលើប៊ូតុង Share ដែលស្ថិតនៅចំកណ្តាល ផ្នែកខាងក្រោមនេះ ម្តងទៀត។ បន្ទាប់មក ក៏ឃើញផ្ទាំងពណ៌ស លោតឡើងមកមិនខាន

 

 

• ចុងក្រោយ យើងឃើញប្រអប់ Icon ដែលមានឈ្មោះថា “Translator” រួចចុចលើវាទៅ វានឹងធ្វើការបកប្រែឯកសារនោះ ឲ្យយើងដោយផ្ទាល់ តែម្តង។ គួរបញ្ជាក់ផងថា កម្មវិធីនេះអាចធ្វើការបកប្រែឆ្លាស់គ្នាទៅវិញទៅមកបាន រហូតដល់ជាង 60 ភាសា ហើយបើសិនជា អ្នកចង់ធ្វើការផ្លាស់ប្តូរ ទៅកាន់ភាសា ណាមួយដែលអ្នកចេះ អ្នកអាចចូលទៅ ផ្លាស់ប្តូរ នៅក្នុងកម្មវិធី Microsoft Translator បាន។ ដោយជាដំបូងចូលទៅកាន់ Setting របស់កម្មវិធី រួចធ្វើការអូសចុះក្រោម ដើម្បីស្វែងរកពាក្យថា “Safari Translation Language” បន្ទាប់មក​សូមជ្រើសភាសាណាមួយ ដែលអ្នកចង់បាន។

 

 

សូមបញ្ជាក់ផងថា កម្មមួយនេះ មិនអាចធ្វើការបកប្រែឲ្យត្រូវអត្ថន័យដើមទាំងស្រុងនោះទេ តែវាមានអត្ថន័យប្រហាក់ប្រហែលគ្នា ដែលអាចឲ្យយើងងាយយល់ជាងមុន។ សរុបមកវិញ វាគឺជាវិធីថ្មីមួយ ដែលងាយស្រួលប្រើ និងមានភាពឆាប់រហ័សទៀតផង ដូច្នេះសម្រាប់ប្រិយមិត្តមួយចំនួន ដែលមិនធ្លាប់ដឹងពីមុនមក លោកអ្នកអាចសាកល្បងដំឡើងវាមកប្រើប្រាស់បាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ