CAMBO REPORT

Popup Advertising5 seconds

Samsung កំពុង​សម្ងំ​សិក្សា​លើ​ថ្មសម្រាប់ស្មាតហ្វូន​​ប្រភេទ Graphene ថ្មី ជាមួយ​នឹង​ល្បឿន​សាក​កាន់​តែ​លឿន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ មនុស្សយើងម្នាក់ៗ មុននឹងសម្រេចចិត្តទិញ ស្មាតហ្វូនណាមួយ យកមកប្រើប្រាស់ ពួកគេរមែងគិតដល់ ទំហំថាមពលថ្ម របស់ស្មាតហ្វូន ជានិច្ច ព្រោះវាជាផ្នែកមួយ ដ៏សំខាន់បំផុត សម្រាប់ស្មាតហ្វូន។ បើងាកទៅមើលលើ ស្មាតហ្វូន បច្ចុប្បន្ននេះ ត្រូវបានបំពាក់មកជាមួយថ្ម មួយប្រភេទ ដែលមាន ឈ្មោះថា lithium-ion ដែលវាអាច ធ្វើការសាកបញ្ចូល ពី ០ ទី 100 ភាគរយ ក្នុងកម្រិតអតិបរមា ដោយចំណាយរយៈពេល ប្រហែលជា 1 ម៉ោង និង 30 នាទី ហើយក៏មានព័ត៌មាន លេចឮថា ឆ្នាំងសាក ល្បឿនលឿន កម្លាំង 45W របស់ Galaxy Note 10 អាចធ្វើការសាកបញ្ចូល ពី ០ ទី 100 ភាគរយ ដោយចំណាយ រយៈពេល ត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។


បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានជួបប្រទះនឹងបញ្ហា ដែលទាក់ទងទៅនឹង ទំហំថាមពលថ្ម ដែលត្រូវបំពាក់លើ ស្មាតហ្វូនរបស់ខ្លួន ហើយបញ្ហានោះគឺថា ក្រុមហ៊ុន ក៏មានបំណង បំពាក់ថាមពលថ្ម ដែលមានទំហំធំ ទៅលើស្មាតហ្វូនរបស់ខ្លួនដែរ ប៉ុន្តែ អ្វីដែលជាបញ្ហាចោទនោះ គឺបើសិនជាបំពាក់ថាមពលថ្ម ទំហំធំ ទៅលើស្មាតហ្វូននោះ គឺកម្រាស់របស់ស្មាតហ្វូន នឹងកើនឡើងក្រាស់ ហើយមានទំងន់ធ្ងន់ទៀតផង ដូច្នេះវាធ្វើឲ្យអ្នកប្រើ ពិបាកក្នុងការកាន់ និងប្រើប្រាស់។


ជុំវិញបញ្ហា ដែលទាក់ទងទៅ នឹងថ្មរបស់ស្មាតហ្វូន ក៏ធ្លាប់មានសារព័ត៌មានជាច្រើន បានរាយការណ៍មកថា ក្រុមហ៊ុន Samsung កំពុងសម្ងំសិក្សាស្រាវជ្រាវ ក្នុងការបង្កើតថ្មប្រភេទថ្មី ដែលមានឈ្មោះថា Graphene ហើយវាត្រូវផ្សំឡើងពី សន្លឹកការបោនតូចល្អិតជាច្រើន រួមបញ្ចូលគ្នា ដែលមានរូបរាងដូចសំបុកឃ្ញុំ ហើយវាមាន ទំហំថាមពលថ្ម ច្រើនជាងមុន 45% និងសាកថ្មបានលឿនជាងមុន 5 ដង បើធៀបទៅនឹងថ្មបច្ចុប្បន្ន (lithium-ion)។

ស្រាប់តែកាលពីពេលថ្មីៗនេះ មានគណនីបណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា Evan Blass បាននិយាយថា ក្រុមហ៊ុន Samsung នឹងធ្វើការបំពាក់ថ្មប្រភេទថ្មីនេះ (Graphene battery ) ទៅលើស្មាតហ្វូនរបស់ខ្លួន នៅឆ្នាំក្រោយនេះ ឬក៏យ៉ាងយូរ នៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ ប្រភពបានបញ្ជាក់ទៀតថា ថ្មប្រភេទថ្មីនេះអាចធ្វើការសាកបញ្ចូលពី 0 ទៅ 100 ភាគរយ ដោយប្រើរយៈពេល ត្រឹមតែ 30 នាទីប៉ុណ្ណោះ។



សរុបមកវិញ ទាំងនេះគ្រាន់តែជាព័ត៌ក្រៅផ្លូវការតែប៉ុណ្ណោះ គ្មានប្រភពច្បាស់ការណាមួយ ចេញមុខមក អះអាងថាវាគឺជាការពិត ឬយ៉ាងនោះទេ។ ក៏ប៉ុន្តែបើសិនជា ព័ត៌មានខាងលើ ក្លាយទៅជាការពិតមែននោះ នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកប្រើប្រាស់ ព្រោះយើងនឹងលែងបារម្ភថា ស្មាតហ្វូនរបស់យើងរស់មិនផុតពី 2 ថ្ងៃ ឬត្រូវយក Power Bank តាមខ្លួនទៀតហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: ទូរស័ព្ទ