CAMBO REPORT

Popup Advertising5 seconds

vivo NEX 3 នឹងនៅតែបន្តប្រើប្រាស់ រន្ធដោតកាស 3.5mm ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ ស្មាតហ្វូនកំពូលៗភាគច្រើនដែលផលិតចេញមក គឺសឹងតែគ្មានរន្ធដោតកាស 3.5mm ទាំងអស់ទៅហើយ នេះក៏ដោយសារតែហេតុផលមួយចំនួន ដែលក្រុមហ៊ុនគិតថា វាសំខាន់ជាងរន្ធមួយនេះ ប៉ុន្តែមានអ្នកប្រើប្រាស់ជាច្រើន ហាក់ដូចជាមិនពេញចិត្ត ជាមួយការបាត់បង់វានោះទេ។ ពិតណាស់ សូម្បីតែ Samsung ក៏សម្រេចចិត្តលុបរន្ធដោតកាស ចេញពីកំពូលស្មាតហ្វូនប៊ិចរបស់ខ្លួនដែរ អញ្ចឹងហើយ វាអាចបញ្ជាក់បានថា អាយុកាលនៃរន្ធមួយនេះនៅលើស្មាតហ្វូន កាន់តែខ្លីទៅៗហើយ។ ផ្ទុយទៅវិញ ក្នុងពេលនេះ មានដំណឹងថា ស្មាតហ្វូនអេក្រង់ភ្លោះរបស់ vivo ជំនាន់ក្រោយ នឹងនៅតែបន្តប្រើប្រាស់រន្ធខាងលើ ដូចមុនដដែល។

 

 

ជាក់ស្ដែង បើតាមការឆ្លើយតបពី ប្រធានគ្រប់គ្រងផ្នែកផលិតរបស់ vivo ទៅកាន់អតិថិជនបានឲ្យដឹងថា រន្ធដោតកាស 3.5mm នឹងនៅតែបន្តប្រើប្រាស់លើស្មាតហ្វូនកំពូលត្រកូល NEX នាពេលអនាគតដដែល ហើយនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ vivo ក៏ដូចជាអ្នកដែលចូលចិត្តប្រើរន្ធដោតកាសដូច្នេះដែរ។ គួរបញ្ជាក់ដែរថា vivo NEX ជំនាន់ថ្មី ពោលគឺជំនាន់ទី 3 អាចនឹងមានប្រើប្រាស់ បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ទៀតផង ដែលយើងធ្លាប់បានដឹងហើយពីបច្ចេកវិទ្យាកាមេរ៉ាមួយនេះ ដោយវាត្រូវបានលាក់នៅក្នុងអេក្រង់ស្មាតហ្វូន មិនឲ្យឃើញឡើយ ហើយវាក៏ជាមធ្យោបាយល្អបំផុត ដើម្បីឲ្យអេក្រង់ស្មាតហ្វូនលាតពេញផ្ទៃមុខផងដែរ។

 

 

ដូច្នេះហើយ ស្មាតហ្វូនកំពូលរបស់ vivo ជំនាន់ក្រោយ នឹងនៅតែបន្តភ្ជាប់មកជាមួយ រន្ធដោតកាសដដែល និយាយឲ្យស្រួលស្ដាប់គឺ វានៅតែមានរន្ធដោតកាស សម្រាប់ឲ្យយើង ប្រើប្រាស់បានដូចមុនដែរ។ អញ្ចឹង នេះជារឿងវិជ្ជមានមួយដែល vivo បានសម្រេចចិត្តត្រូវ ហើយក៏សង្ឃឹមថា ស្មាតហ្វូនផ្សេងៗទៀត បានគិតគូរបន្ថែមទៅលើផ្នែកនេះដូច្នេះដែរ ព្រោះថាអ្នកប្រើប្រាស់ មិនចង់ចំណាយលុយបន្ថែម ទៅលើរបស់ ដែលប្រើបានដូចគ្នានោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ