DJI បានបញ្ចេញ Osmo Mobile 3 ជាផ្លូវការ ប្រើ USB-C និងមានលក្ខណៈពិសេសច្រើនជាងមុន
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បានប្រកាសជាផ្លូវការ នូវដងទប់លំនឹង ជំនាន់ថ្មីមួយ ដែលមានឈ្មោះថា DJI Osmo Mobile 3 ដោយលើកនេះ វាត្រូវបាន Upgrade ឲ្យកាន់តែមានភាពងាយស្រួលជាងមុន ទាំងការបត់បែន ទំហំខ្លួន ក៏ដូចជាការបញ្ជាផងដែរ។ កាន់តែពិសេសទៀតនោះ វាក៏អាចកាន់ថ្ម បានយូរគួរសម ដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់ដងមួយនេះ សម្រាប់ការថតរូប ឬវីដេអូនោះ ទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រើប្រាស់ ដោយមិនចាំបាច់ខ្លាចអស់ថ្មនោះឡើយ។
មិនខុសទេ Osmo Mobile 3 ត្រូវបានផលិតឡើង ដោយមានតួខ្លួនតូច ដើម្បីងាយស្រួលក្នុងការដាក់តាមខ្លួន ព្រមទាំងបានធ្វើការច្នៃប៊ូតុងបញ្ជា ឲ្យកាន់តែសម្បូរបែប ក៏ដូចជាមានភាពប្រសើរឡើង ក្នុងការចុចបញ្ជាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានផតដែលអាចបញ្ចូលថ្មទូរសព្ទរបស់អ្នកប្រើប្រាស់ ឬមួយក៏អាចប្រើជារន្ធ Microphone បានផងដែរ។ បើនិយាយដល់ ថាមពលថ្មរបស់វាវិញ DJI បានបញ្ជាក់ថា វាអាចកាន់ថ្មបាន 15 ម៉ោង ដូចទៅនឹងជំនាន់មុនរបស់ស៊េរីនេះដែរ តែអ្វីដែលវាលើសនោះគឺ លើកនេះ វាបានប្រើប្រាស់ការសាកថ្មតាមរយៈរន្ធ USB-C ហើយនេះអាចជាលក្ខណៈពិសេសមួយ របស់ម៉ូឌែលនេះ ដូច្នេះដែរ។
គួរបញ្ជាក់ដែរថា កាលពី Osmo Mobile 2 មានអ្នកប្រើប្រាស់ភាគច្រើនបាននិយាយថា វាមានការលំបាក ក្នុងការផ្លាស់ប្តូររបៀបថត ពីបញ្ឈរ ទៅផ្តេក (Portrait to Landscape) ប៉ុន្តែផ្ទុយមកវិញ នៅលើជំនាន់ទី 3 នេះ វាត្រូវបានរចនាមក ដោយពិតជាមានភាពងាយស្រួលជាងមុនច្រើន ពោលគឺ អ្នកប្រើប្រាស់ទាំងអស់ គ្រាន់តែចុចលើប៊ូតុង Mode ចំនួន 3 ដង នោះវានឹងធ្វើការផ្លាស់ប្តូរ ដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត Osmo Mobile 3 ត្រូវបានក្រុមហ៊ុនខាងលើ ដាក់លក់ក្នុងតម្លៃ 119 ដុល្លារ ហើយបើសិនជា អ្នកចង់បានទាំងប្រអប់សម្រាប់ដាក់វាទៀតនោះ គឺត្រូវចំណាយប្រាក់សរុប 139 ដុល្លារផងដែរ។
និយាយរួមទៅ ទាំងនេះជា ចំណុចសំខាន់ៗ ក៏ដូចជាតម្លៃ ដែលមាននៅលើ ដងទប់លំនឹងកាមេរ៉ាស្មាតហ្វូន ជំនាន់ថ្មី Osmo Mobile 3 ហើយបើប្រៀបវាទៅនឹងជំនាន់ចាស់ ឃើញថាលើកនេះ DJI ហាក់ធ្វើឡើងដោយសម្របចិត្តរបស់អ្នកប្រើប្រាស់ច្រើន អញ្ចឹងហើយឧបករណ៍មួយនេះ អាចនឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកដែលនិយមប្រើប្រាស់ដងទប់លំនឹងប្រភេទនេះ ជាពិសេសនោះ គឺសាកសមបំផុតសម្រាប់ Vlogger ដែលចង់បានបទពិសោធន៍ថ្មី សម្រាប់ការថត វីដេអូរបស់ខ្លួន ក្នុងការបង្ហោះចូលទៅក្នុងបណ្តាញសង្គមផ្សេងៗ អញ្ចឹងដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
