CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​វិធី​ដែល​គួរ​ធ្វើ​ មុន​និង​ក្រោយ​ពេល​ស្មាតហ្វូន​របស់​អ្នក​ត្រូវ​បាន​គេ​លួច​ឬ​បាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជារៀងរាល់ឆ្នាំមក ប្រិយមិត្តអ្នកអាន និងមិត្តភក្ដិ ឬគ្រួសាររបស់អ្នក គឺប្រាកដជាធ្លាប់ជួបប្រទះ ការបាត់បង់ស្មាតហ្វូន ឬត្រូវបានគេលួចជាដើម ដែលអាចធ្វើឲ្យយើង ខាតបង់ពេលវេលា និងថវិកាត្រូវចំណាយច្រើន ដើម្បីទិញទូរសព្ទថ្មី ថែមទៀតផង។ លើសពីនេះទៅទៀត ឯកសារសំខាន់ៗទាំងឡាយ ដែលបានរក្សាទុកក្នុងនោះ អាចនឹងត្រូវគេលួច យកទៅប្រើប្រាស់ លើអំពើអាក្រក់អ្វីមួយ ក៏អាចថាបានដែរ។ ហេតុដូច្នេះហើយ បើយើងចេះការពារទុកមុន គឺអាចជួយកាត់បន្ថយ ការព្រួយបារម្ភ បានមួយកម្រិតដែរ។ អញ្ចឹង កុំឲ្យខាតពេលអ្នកយូរ សូមអានអត្ថបទខាងក្រោម ដើម្បីដឹងអំពីរបៀបការពារ មុននិងក្រោយពេល ដែលស្មាតហ្វូនរបស់លោកអ្នក ត្រូវបានចោរលួច ឬក៏បាត់។

 

 

វិធីបើកមុខងារតាមដានទីតាំងស្មាតហ្វូន

 

ការតាមដានទីតាំងស្មាតហ្វូន គឺភាគច្រើនមានភ្ជាប់មក ក្នុងម៉ាស៊ីនស្រាប់តែម្ដង ដែលមានឈ្មោះថា Find My Device នៅលើស្មាតហ្វូន Android និង “Find My iPhone” នៅលើស្មាតហ្វូន iOS ហើយវាមានមុខងារពិសេសៗ អាចប្រាប់ពីទីតាំង ស្មាតហ្វូនរបស់អ្នក និងអាចបញ្ជាឲ្យលុប ទិន្នន័យចេញពីស្មាតហ្វូនបាន ថែមទៀតផង ក្រោយពេលដែល ត្រូវបានគេលួច ឬក៏បាត់បង់។

 

ប្រសិនបើលោកអ្នក ប្រើប្រាស់ស្មាតហ្វូន Android ដូច្នេះសូមចូលទៅកាន់ “Settings” ហើយចុចលើពាក្យ “Google” បន្ទាប់មកចុចលើពាក្យ “Security” និងគ្រាន់តែបើកមុខងារ “Find My Device” រួចជាការស្រេច។ អ្នកទាំងអស់គ្នា នឹងអាចតាមដានទីតាំង ស្មាតហ្វូនរបស់អ្នក ឬក៏លុបទិន្នន័យទាំងអស់បាន តាមរយៈវេបសាយ Find Your Phone ដោយចុចទីនេះ ផងដែរ។

 

ប្រសិនបើលោកអ្នក ប្រើប្រាស់ឧបករណ៍ iOS ឬ iPhone ដូច្នេះសូមចូលទៅកាន់ “Settings” ហើយចុចលើគណនី Apple ID របស់អ្នកទាំងអស់គ្នា, ចុចទៅលើ “iCloud Settings” និងបើកមុខងារ “Find My iPhone” រួចជាការស្រេច។ ចាប់ពីពេលនេះតទៅ អ្នកនឹងអាចតាមដាន ទីតាំងរបស់ស្មាតហ្វូន និងលុបទិន្នន័យទាំងអស់បាន តាមរយៈវេបសាយ iCloud ដោយចុចទីនេះ ផងដែរ។

 

សូមបញ្ជាក់ឲ្យដឹងមុនថា ស្មាតហ្វូនរបស់លោកអ្នក តម្រូវឲ្យភ្ជាប់អ៊ីនធើណេតរហូត ដើម្បីអាចឲ្យមុខងារនេះ តាមដានទីតាំងរបស់វា និងបញ្ជាឲ្យលុបទិន្នន័យបាន។

 

 

គួរតែប្រើប្រាស់លេខសម្ងាត់ខ្ទង់ច្រើន ឬលេខពិបាកនឹងឲ្យគេទាយបាន

 

ការដំឡើងលេខសម្ងាត់ ដែលមានលេខខ្ទង់ច្រើន និងពិបាកឲ្យចាំបាន គឺប្រាកដជាមិនងាយនោះទេ សម្រាប់មនុស្សមួយចំនួន ប៉ុន្ដែវាក៏ល្អម្យ៉ាងដែរ ដើម្បីកុំឲ្យពពួកចោរ ឬនរណាម្នាក់ដែលរើសបាន មិនអាចបើកចូលមើល ឯកសារសំខាន់ៗ របស់អ្នកបានឡើយ។ សូមព្យាយាមប្រើប្រាស់ លេខសម្ងាត់ចំនួន 6 ខ្ទង់ ជំនួយឲ្យលេខសម្ងាត់ 4 ខ្ទង់ ហើយនិងលេខសម្ងាត់ណា ដែលអាចរៀបចេញជា អក្សរ ឬសញ្ញាអ្វីមួយ។ល។ ប្រសិនបើលោកអ្នក មិនចង់ចុចលេខសម្ងាត់ រៀងរាល់ពេលដោះសោម្ដង អញ្ចឹង អាចប្រើប្រាស់វិធីផ្សេងមួយទៀត ដោយបើកមុខងារ Face ID, Iris Scanner និងស្កេនម្រាមដៃបានផងដែរ។

 

 

បិទការបង្ហាញសារដំណឹងនៅលើផ្ទៃ Lock Screen

 

បើសិនជាលោកអ្នក មានការព្រួយបារម្ភថា ពួកចោរអាចអាន សារដំណឹងរបស់អ្នក នៅលើផ្ទៃអេក្រង់ Lock Screen របស់ស្មាតហ្វូនបាន ដូច្នេះយល់ល្អគួរតែ បិទវាចោលម្ដងទៅ ដើម្បីការពារសុវត្តិភាព ទាំងម្ចាស់ស្មាតហ្វូនផ្ទាល់ និងអ្នកដទៃទៀត។

 

សម្រាប់ស្មាតហ្វូន Android ត្រូវចូលទៅកាន់ “Settings” ហើយចុចលើពាក្យ “Sound and Notifications” និងស្វែងរកជម្រើស “When Device Is Locked” និងកំណត់វាទៅ “Hide Sensitive Notifications Content” រួចជាការស្រេច។ ប្រសិនបើលោកអ្នក ជ្រើសរើសយកជម្រើស “Don’t Show Notifications At All” ដូច្នេះសារដំណឹងទាំងអស់ នឹងមិនដាក់បង្ហាញលើ Lock Screen តែម្ដង។

 

សម្រាប់ឧបករណ៍ iOS ឬ iPhone ត្រូវចូលទៅកាន់ “Settings” ដូចគ្នា ហើយបើកផ្ទាំងកំណត់ “Notifications” បន្ទាប់មកចុចលើជម្រើស “Show Previews” និងជ្រើសយកពាក្យ “Never” ដូច្នេះយើងនឹងឃើញមានតែ ឈ្មោះរបស់កម្មវិធីប៉ុណ្ណោះ លុះត្រាតែដោះសោ ហើយបើកកម្មវិធីនោះ បានអាចមើលឃើញសារ ទាំងនោះបានផងដែរ។

 

 

រក្សាទុកទិន្នន័យតាមរយៈពពក Cloud

 

អ្នកប្រើស្មាតហ្វូនទាំងអស់ តែងតែមានផ្ទុកនូវ ឯកសារសំខាន់រៀងៗខ្លួន និងព្រមទាំងមិនចង់ឲ្យ មានការបាត់បង់នោះទេ ដូច្នេះការរក្សាទុកទិន្នន័យ តាមរយៈប្រព័ន្ធពពក Cloud គឺជាជម្រើសដ៏ល្អបំផុត។ ការលុបចោលទិន្នន័យ ចេញពីស្មាតហ្វូនរបស់អ្នក នឹងអាចធ្វើឲ្យយើង លែងខ្លាចថាបាត់ទៀតឡើយ បន្ទាប់ពីរូបភាព ឬវីដេអូ, សៀវភៅលេខទូរសព្ទ និងឯកសារផ្សេងៗទៀត ត្រូវបានធ្វើការបញ្ចូល ទៅលើពពកអស់ហើយ។

 

ចំពោះស្មាតហ្វូន Android សូមចូលទៅកាន់ “Settings > Accounts And Backup” និងចុចលើពាក្យថា “Back Up My Data” ហើយវានឹងរក្សាទុក សៀវភៅលេខទូរសព្ទ, ទិន្នន័យ Login និងការកំណត់ក្នុង Settings ផ្សេងៗទៀតផងដែរ។ បន្ទាប់មកយើងអាច ទាញយកកម្មវិធីដូចជា Dropbox, Google Drive, Google Photos ឬក៏ Amazon Photos ដើម្បីធ្វើការរក្សាទុក ឯកសារសំខាន់ៗនានា, រូបភាព និងវីដេអូជាដើម។

 

ចំពោះឧបករណ៍ iOS ឬ iPhone សូមចូលទៅកាន់ “Settings” ហើយចុចលើគណនី Apple ID របស់អ្នកទាំងអស់គ្នា, ចុចទៅលើ “iCloud Settings” រួចចុចលើផ្ទាំងកំណត់ “iCloud Backup” និងបើកមុខងារ “iCloud Backup” រួចជាការស្រេច។ អ្នកប្រើប្រាស់ iPhone ទាំងអស់អាចទាញយក កម្មវិធីរៀបរាប់ខាងលើនេះ ដើម្បីអាចជួយការពារបន្ថែម ក៏បានដែរ។

 

 

អ្វីដែលគួរត្រូវធ្វើប្រសិនបើ ស្មាតហ្វូនរបស់អ្នកបាត់ ឬត្រូវបានគេលួច

 

បន្ទាប់ពីយើងបានដឹងអំពី របៀបការពារទិន្នន័យ ស្មាតហ្វូនទុកជាងមុនហើយ ដូច្នេះអត្ថបទខាងក្រោមនេះ គឺជាដំណាក់កាលមួយចំនួន ដើម្បីធានាបានថា ពួកចោរមិនអាចបើក ទិន្នន័យឯកជន, រូបភាព ឬវីដេអូ និងគណនីរបស់អ្នកបាន។

 

ស្វែងរកទីតាំងស្មាតហ្វូន៖ ចូលទៅកាន់វេបសាយ Find Your Phone ឬ iCloud តាមរយៈឧបករណ៍ដទៃទៀត ដើម្បីអាចឲ្យដឹងបានថា កំពុងតែស្ថិតនៅទីណា។

បើសិនជាគេលួចបាត់ហើយ អញ្ចឹងលុបទិន្នន័យចោលតែម្ដង៖ ខណៈពេលដែល យើងប្រើអស់សមត្ថភាព និងមិនអាចរកឃើញដដែល ដូច្នេះអាចលុបទិន្នន័យចោល ដោយចូលទៅកាន់វេបសាយ Find Your Phone ឬ iCloud ដូចគ្នា។

ត្រួតពិនិត្យមើលគណនីទាំងអស់៖ រួមទាំងគណនីបណ្ដាញសង្គម និងគណនីសំខាន់ៗដទៃទៀត គួរតែផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មី ដើម្បីកុំឲ្យព្រួយបារម្ភច្រើន។

តេហៅប៉ូលីសឲ្យជួយរក៖ ប្រសិនបើលោកអ្នក ប្រាកដថាស្មាតហ្វូននោះ គឺត្រូវបានគេលួចពិតមែន ដូច្នេះសូមរាយការណ៍ទៅប៉ូលីស ដើម្បីប្រហែលជាអាច ចាប់បានទាំងចោរ និងបានស្មាតហ្វូនមកវិញផងដែរ។

 

 

បើសិនជាលោកអ្នក តែងតែមានសំណាងល្អ និងមិនធ្លាប់បាត់ស្មាតហ្វូន ឬក៏ត្រូវបានគេលួច ប៉ុន្ដែនាពេលអនាគត វាអាចនឹងកើតឡើង ហើយយើងមើល មិនឃើញនោះទេ ដូច្នេះចេះការពារទុកជាមុន គឺជាជម្រើសដ៏ល្អបំផុត ហើយរក្សាទុកទិន្នន័យនៅលើពពក Cloud ក៏ងាយស្រួលសម្រាប់លោកអ្នក ផ្លាស់ប្ដូរពីស្មាតហ្វូនមួយ ទៅស្មាតហ្វូនមួយ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ