CAMBO REPORT

Popup Advertising5 seconds

Galaxy​ Note​ 10+​ 5G​ ក្លាយ​ជា​ស្មាតហ្វូន​​មាន​កាមេរ៉ា​ខ្លាំង​ជាង​គេ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ ស្មាតហ្វូនលំដាប់កំពូលនីមួយៗ ដែលផលិតមកភាគច្រើន គឺពួកគេយកចិត្តទុក្ខដាក់ខ្លាំង ទៅលើផ្នែកកាមេរ៉ាតែម្ដង ព្រោះដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់ ក៏ដូចជាធ្វើតម្រូវដល់អ្នក ដែលចង់យកស្មាតហ្វូន ជំនួសកាមេរ៉ាអាជីបដូច្នេះដែរ។ មិនខុសទេ ពីមុន បើតាមភ្នាក់ងារដាក់ពិន្ទុផ្នែកកាមេរ៉ា DxOMark បានបង្ហាញឲ្យយើងដឹងថា Huawei P 30 Pro បានឈរនៅលើកំពូលតារាងផ្នែកកាមេរ៉ា ដោយឡែក នៅពេលដែល Galaxy Note 10+ 5G បង្ហាញខ្លួនចេញមក P 30 Pro ប្រហែលជាមិនអាចឈរនៅលើកំពូលតារាងទៀតនោះទេ។ 

 

 

ជាក់ស្ដែង បើតាមការបង្ហាញរបស់ DxOMark បានបញ្ជាក់ថា Samsung Galaxy Note 10+ 5G គឺជាស្មាតហ្វូនដែលទទួលបានពិន្ទុខ្ពស់ជាងគេ នៅក្នុងពេលបច្ចុប្បន្ននេះ។ និយាយឲ្យចំទៅ ស្មាតហ្វូនកំពូលចុងក្រោយរបស់ Samsung នេះ ទទួលបាន 113 ពិន្ទុ ទៅលើផ្នែក កាមេរ៉ាខាងក្រោយ ដែលក្នុងនោះដែរ វាទទួលបាន 118 ពិន្ទុផ្នែករូបភាព និង 101ពិន្ទុនៅក្នុងការថតវីដេអូទៀតផង។ លើសពីនេះ បើងាកមកមើលកាមេរ៉ាខាងមុខវិញ ស្មាតហ្វូននេះ ទទួលបានពិន្ទុសរុប 99 ពិន្ទុ ដែលក្នុងនោះ ផ្នែករូបភាព វាទទួលបាន 103 ពិន្ទុ រីឯវីដេអូវិញ វាទទួលបាន 93 ពិន្ទុដូច្នេះដែរ។ បើយើងមើលទៅលើ ស្មាតហ្វូនកំពូល 4 ទៀតដែលមានពិន្ទុខ្ពស់ នៅលើ DxOMark បន្ទាប់ពី Note 10+ 5G មានដូចជា Huawei P30 Pro ទទួលបាន 112 ពិន្ទុ បន្ទាប់មក Galaxy S 10 5G ទទួលបាន 112 ពិន្ទុដូចគ្នា ហើយ Honor 20 Pro ទទួលបាន 111 ពិន្ទុ និងចុងក្រោយដែលឈរនៅលេខ 5 គឺ OnePlus 7 Pro ដែលមាន 111 ពិន្ទុដូចគ្នាដែរ។  

 

 

គួរបញ្ជាក់ថា ពិន្ទុដែល Note 10+ 5G ទទួលបាននេះ វាកើតមកពី កាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ដែលគ្រាប់ទីមួយមានទំហំ 12MP ជាមួយគ្រាប់ទីពីរ 16MP និងទីបីមានទំហំ 12MP ចំណែកចុងក្រោយនោះ វាជាសេនស័រ ToF ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាមួយគ្រាប់ នៅផ្នែកខាងមុខ នៃស្មាតហ្វូននេះ ត្រូវបានបំពាក់មកជាមួយ សេនស័រទំហំ 10MP ដែលមានធ្វើការបានយ៉ាងប្រសើរមិនចាញ់ខាងក្រោយប៉ុន្មានឡើយ ជាពិសេសនោះគឺ វាអាចថតវីដេអូបានដល់ 4K កម្រិត 30fps ទៀតផង។

 

 

ដូច្នេះហើយ ទាំងនេះជាពិន្ទុដែល Galaxy Note 10+ 5G ទទួលបានពី DxOMark ទៅលើផ្នែកកាមេរ៉ារបស់វា ដោយយើងឃើញថា នេះជាពិន្ទុដ៏ល្អមួយ នៅក្នុងពេលបច្ចុប្បន្ននេះ ដែលអាចធ្វើឲ្យម្ចាស់របស់ស្មាតហ្វូននេះ ធ្វើការថតរូបបានជាទីពេញចិត្ត មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ អញ្ចឹងហើយក្នុងពេលនេះ ត្រកូល Note 10 បានឈរតំណែងជា ស្មាតហ្វូនដែលមានកាមេរ៉ា ធ្វើការបានល្អជាងគេ ប៉ុន្តែនៅពេលខាងមុខ យើងមិនអាចនិយាយបែបនេះ បានទៀតនោះទេ ព្រោះថាស្មាតហ្វូនជាច្រើនកំពុងតែត្រៀមខ្លួន ក្នុងការបង្ហាញសមត្ថភាពឲ្យសាធារណៈជនបានដឹង ដូច្នេះដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GizMo China Tag: ទូរស័ព្ទ