CAMBO REPORT

Popup Advertising5 seconds

Uber ទទួល​បាន​អតិថិជន​ប្រចាំខែ​សរុប 100 លាន​នាក់ ប៉ុន្ដែបានខាត​បង់​ប្រាក់​ចំណូល​ក៏ច្រើនដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុនេះ Uber បានចេញសេចក្ដីប្រកាសថា ត្រីមាសចុងក្រោយនេះ ខ្លួនទទួលបានអតិថិជនសរុប 100 លាននាក់ជាប្រចាំខែ បើបូកបញ្ចូលទាំងសេវាកម្ម ដឹកជញ្ចូនម្ហូបអាហារ និងការហៅឡានជិះផងដែរ។ កាលពីចន្លោះត្រីមាស គិតចាប់ពីខែមេសា - ខែមិថុនា សេវាកម្ម Uber ទទួលបានអតិថិជនសរុប 99 លាននាក់ ប៉ុន្ដែអាចសម្រេចបានដល់ 100 លាននាក់ឯណោះ នៅខែកក្កដាឆ្នាំ 2019 កន្លងផុតទៅនេះ។ តួលេខដែលទទួលបាននេះ គឺពិតជាបង្ហាញថា មានចំនួនកើនឡើង គួរឲ្យកត់សម្គាល់ខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយមានអតិថិជនត្រឹមតែ 76 លាននាក់ប៉ុណ្ណោះ។

 

 

សេចក្ដីប្រកាសថ្មីនេះ នាយកប្រតិបត្តិការ Uber លោក Dara Khosrowshahi បានលើកឡើងថា ភាពជោគជ័យ ដែលទទួលបាននេះ គឺបង្ហាញឲ្យឃើញថា យុទ្ធសាស្រ្ដរបស់ខ្លួនកំពុងប្រើ អាចផ្តល់ជូននូវ លទ្ធផលយ៉ាងខ្លាំងមួយ ដោយការធ្វើដំណើរសរុប បានកើនឡើងចំនួន 35% ហើយចំនួនកក់សរុប ក៏បានកើនឡើងចំនួន 37% នៅលើមូលដ្ឋាន YoY (Year-over-Year) ផងដែរ។ លើសពីនេះទៅទៀត គាត់បានបន្ថែមទៀតថា ”កាលពីខែកក្កដាឆ្នាំ 2019 យើងទទួលបានចំនួន អតិថិជនប្រចាំខែសរុប 100 លាននាក់ជាលើកដំបូង ដោយសេវាកម្មរបស់យើង កាន់តែក្លាយទៅជា ផ្នែកមួយដ៏សំខាន់ សម្រាប់ជីវិតប្រចាំថ្ងៃ ស្ទើរតែរាល់ទីក្រុងទាំងអស់ ជុំវិញពិភពលោក”។ 

 

បើយោងទៅតាមរបាយការណ៍ Uber Eats បានកើនឡើងអ្នកប្រើប្រាស់ រហូតដល់ទៅចំនួន 140% ហើយចំនួនអ្នកប្រើប្រហែល 40% ចេញពីសេវាកម្ម Uber Eats គឺមិនដែលប្រើសេវាកម្ម Uber ដើម្បីហៅរថយន្ដជិះនោះឡើយ។ កាលពីត្រីមាសទី 2 នៃឆ្នាំ 2019 របាយការណ៍ ក៏បានបង្ហាញថា ភោជនីយដ្ឋានរហូតដល់ទៅ 320,000 ឯណោះ ដែលបានចាប់ដៃគូជាមួយ Uber Eats និងអាចបន្ដកើនឡើង តទៅមុខទៀត។ ទោះបីជាមានការរីកចម្រើន ខ្លាំងណាស់ណាក៏ដោយ Uber ក៏តែប្រឈមមុខនូវបញ្ហា ប្រាក់ចំណូលធ្លាក់ចុះដដែល។

 

 

សេវាកម្មដឹកអ្នកដំណើរ Uber បានដាក់បង្ហាញឲ្យឃើញថា ប្រទះជួបនូវបញ្ហា ខាតបង់ប្រាក់សរុប រហូតដល់ទៅ 5,24 ពាន់លានដុល្លារឯណោះ ខណៈពេលដែល រកបានប្រាក់ចំណូលចំនួន 3,17 ពាន់លានដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែត្រូវបានរំពឹងទុកថា ការខាតបង់នឹងកាត់បន្ថយ នៅប៉ុន្មានត្រីមាសខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: Lifestyle