CAMBO REPORT

Popup Advertising5 seconds

តើ​នៅ​មាន​ផលិត​ផល​អ្វី​ផ្សេង​ទៀត​ ដែល​ Samsung​ អាច​នឹង​ប្រកាស​ចេញ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ Unpacked​ របស់​ Galaxy​ Note​ 10​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតណាស់ ក្នុងរាត្រីនេះ ព្រឺត្តិការណ៍ Unpacked របស់ Galaxy Note 10 នឹងត្រូវចាប់ផ្ដើមឡើង នៅវេលាម៉ោង 3 ទៀបភ្លឺ ដែលវាជាព្រឹត្តិការណ៍ដ៏ធំមួយ ប្រចាំឆ្នាំរបស់ Samsung។ ដូច្នេះ អ្វីដែលយើងប្រាកដថា នឹងបង្ហាញខ្លួននៅក្នុងយប់នេះ គឺជាវត្តមានរបស់កំពូលស្មាតហ្វូនប៊ិចជំនាន់ទី 10 របស់ក្រុមហ៊ុនខាងលើ។ អញ្ចឹង ប្រិយមិត្តទាំងអស់គ្នាមានឆ្ងល់ទេថា តើអាចនឹងមានផលិតផលអ្វីផ្សេងទៀត ដែលនឹងត្រូវប្រកាសក្នុងពេលដំណាលគ្នានេះទេ? 

 

 

ជាក់ស្ដែង បើតាមពត៌មានបែកធ្លាយកន្លងមក ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាបានជ្រៀបខ្លះៗហើយ ពីលក្ខណៈសម្បត្តិរបស់ Galaxy Note 10 ហើយអ្វីដែលពិសេសនោះគឺ ស្មាតហ្វូនប៊ិចនេះ អាចនឹងប្រសូតមក ជាមួយបងប្អូនភ្លោះទៀតផង ដោយត្រូវបានគេហៅថា Samsung Galaxy Note 10 និង Note 10 Plus។ ដោយឡែកពេលនេះ ខ្ញុំនឹងមិននិយាយពីលក្ខណៈសម្បត្តិ ឬមួយក៏ចំណុចណាមួយ នៅលើស្មាតហ្វូននេះឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា ពីផលិតផលផ្សេងទៀត ដែលវាអាចនឹងត្រូវប្រកាស ក្នុងព្រឹត្តិការណ៍ជាមួយគ្នានារាត្រីនេះ។

 

 

និយាយឲ្យចំទៅ យប់នេះ Samsung អាចនឹងមិនមែនត្រឹមតែប្រកាស ស្មាតហ្វូនត្រកូល Note ប៉ុណ្ណោះទេ ពោលគឺ វាអាចនឹងមានផលិតផល មួយចំនួនទៀត នៅក្នុងកម្មវិធីនោះដែរ ដូចជា Galaxy Home ជាដើម។ ពិតណាស់ Galaxy Home ត្រូវបាន ក្រុមហ៊ុនយក្សមួយនេះ ប្រកាសកាលពីឆ្នាំមុន តំណាលគ្នានឹង Note 9 ដែរ ប៉ុន្តែវាមិនបានចេញលក់នោះទេ បើគិតមកទល់ពេលនេះ។ អញ្ចឹងហើយ យប់នេះអាចជាពេលដ៏ល្អមួយ ដែលផលិតផលនេះ អាចនឹងត្រូវបង្ហាញខ្លួនម្ដងទៀត ជាមួយកាលបរិច្ឆេទនៃការដាក់លក់ ច្បាស់លាស់ជាងមុនដូច្នេះដែរ។

 

 

បន្ទាប់ពី Galaxy Home ក្រុមហ៊ុនខាងលើ ក៏អាចនឹងប្រកាសពីថ្ងៃដាក់លក់ នៃស្មាតហ្វូនបត់របស់ខ្លួនផងដែរ ពោលគឺ Galaxy Fold នេះឯង។ Galaxy Fold ត្រូវបាន Samsung ប្រកាសបង្ហាញតាំងពីខែកុម្ភៈមកម្លេះ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនបានកើតឡើង ទើបធ្វើស្មាតហ្វូននេះ ត្រូវបានពន្យាពេលក្នុងការដាក់លក់។ អញ្ចឹង នេះអាចជាពេលសមរម្យមួយ ដែលកាលបរិច្ឆេទដាក់លក់ស្មាតហ្វូនបត់ គួរតែលាតត្រដាង។

 

 

លើសពីនេះទៅទៀត វាក៏អាចជាពេលមួយដែល Samsung អាចនឹងបង្ហាញពី Galaxy Book S ផងដែរ។ Galaxy Book S ជាកុំព្យូទ័រយួរដៃស៊រីថ្មីមួយ ដែលត្រូវបានគេនិយាយថា អាចមានបំពាក់ឈីប Snapdragon 885 រួមជាមួយរ៉េមទំហំ 8GB ទៀតផង ហើយគេក៏និយាយថា វាអាចនឹងបង្ហាញខ្លួនក្នុងត្រីមាសទី 3 នេះដែរ។

 

 

និយាយរួមទៅ ទាំងនេះជាផលិតផលផ្សេងក្រៅពី Galaxy Note 10 series ដែលអាចនឹងត្រូវប្រកាសក្នុងរាត្រីនេះ ប៉ុន្តែមិនទាន់អស់នោះទេ ព្រោះថា Samsung អាចនឹងធ្វើឲ្យមនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើល តាមរយៈការបង្ហាញផលិតផលផ្សេងៗទៀត ដែលយើងនឹកស្មានមិនដល់ក៏ថាបាន។ អញ្ចឹងហើយ ដើម្បីដឹងច្បាស់ គឺយើងត្រូវរង់ចាំមើលទាំងអស់គ្នាក្នុងយប់នេះ វេលាម៉ោង 3 ទៀបភ្លឺ។ វារាងពិបាកបន្តិចហើយ ក្នុងការតាមដាន តាមពេលវេលាដែល Samsung បានដាក់នេះ ប៉ុន្តែសម្រាប់ហ្វេនរបស់យីហោមួយនេះ វាប្រហែលជាមិនសូវពិបាកពេកនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ