CAMBO REPORT

Popup Advertising5 seconds

Galaxy Watch Active 2 ចេញជាផ្លូវការ កាន់​តែ​ស្អាត និង​មាន​តម្លៃ​ចាប់​ពី 279 ដុល្លារ​ឡើង​ទៅ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រោយពីរយៈពេល 6 ខែបន្ទាប់ពីនាឡិកាឆ្លាតវៃ Galaxy Watch Active ជំនាន់ដំបូងបង្អស់ ចេញជាផ្លូវការមក Samsung ក៏បានសម្រេចចិត្ត ប្រកាសចេញនូវ ជំនាន់ក្រោយថ្មីមួយទៀត ដោយថែមទាំងដំឡើង មុខងារពិសេសៗ ថែមទៀតផង។ នាឡិកាឆ្លាតវៃ Galaxy Watch Active 2 គឺមានទំហំចំនួន 2 ខុសៗគ្នា សម្រាប់ឲ្យជ្រើសរើស (40mm និង 44mm) ហើយព្រមទាំងមានម៉ូឌែល Bluetooth និងម៉ូឌែល LTE ដែលអាចដាក់ស៊ីមបាន។

 

 

Samsung មានគម្រោងដាក់លក់ នាឡិកាឆ្លាតវៃស៊េរីថ្មីនេះ នៅថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2019 និងមានតម្លៃលក់ចាប់ពី 279 ដុល្លារឡើងទៅ ដោយប្រហាក់ប្រហែល ទៅនឹងតម្លៃដាក់លក់របស់ ជំនាន់ដំបូងអញ្ចឹងដែរ។ ចំពោះមុខងារដ៏សំខាន់មួយដែល Samsung បានដកចេញពី Galaxy Watch Active គឺថាគែមជុំវិញអេក្រង់ មិនអាចបង្វិលបាន តទៅទៀតឡើយ និងបានធ្វើឲ្យហ្វេនមិនសូវ សប្បាយចិត្តប៉ុន្មាននោះទេ។ ទោះបីជាយ៉ាងណា មុខងារបញ្ជាដោយបង្វិលគែម បានត្រឡប់មកវិញហើយ សម្រាប់នាឡិកាឆ្លាតវៃ Galaxy Watch Active 2 ក៏ប៉ុន្ដែមិនដូចមាននៅលើ Galaxy Watch ដោយវាគ្មានសន្ទះបង្វិល នៅផ្ទៃខាងលើនាឡិកា ដូចមាននៅជំនាន់មុនៗឡើយ។ 

 

 

ដោយឡែកការបង្វិលបញ្ជា ត្រូវបានធ្វើឡើងដោយ ថាច់ស្គ្រីនទាំងស្រុង ហើយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្វិលនៅជុំវិញគែមអេក្រង់ និងមានជំនួយពីផ្នែក Software ដើម្បីអាចឲ្យបញ្ជាផ្ទាំងម៉ឺនុយ ឬលើកម្មវិធីផ្សេងៗទៀតបាន។ ហាក់បីដូចជាសន្ទះបង្វិល ធម្មតាអញ្ចឹងដែរ ដោយវាអាចដំណើរការ បានងាយស្រួលជាង ថាច់នៅលើអេក្រង់ផ្ទាល់ ប៉ុន្ដែអ្នកអាចប្រទះជួបនូវ ការពិបាកបញ្ជាបន្ដិច នៅពេលពាក់ស្រោមដៃ។ នាឡិកាឆ្លាតវៃ Galaxy Watch Active 2 នឹងបញ្ចូននូវរំញ័រ ខណៈពេលដែល លោកអ្នកបានធ្វើការបញ្ជា ដោយបង្វិលគែមអេក្រង់ ដើម្បីធ្វើឲ្យមានអារម្មណ៍ ដូចជាសន្ទះបង្វិលពិតៗដែរ។

 

 

ក្រៅពីបន្ថែមមុខងារថ្មីនេះ Galaxy Watch Active 2 គឺមានរូបរាងខាងក្រៅ ដូចទៅនឹងជំនាន់ដើម ស្ទើរតែទាំងស្រុង ដោយយើងមើលទៅ មានលក្ខណៈស្ដើង ហើយនិងស្រាល។ ចំពោះម៉ូឌែល Bluetooth គឺបានភ្ជាប់មកជាមួយ តួខ្លួនអាលុយមីញ៉ូម ខណៈពេលដែលម៉ូឌែល LTE បានបំពាក់ដោយ តួខ្លួនដែកអ៊ីណុកតែម្ដង។ Samsung បានបញ្ជាក់ប្រាប់ថា ឧបករណ៍វាស់ល្បឿន និងវាស់ចង្វាក់បេះដូង គឺត្រូវបានអភិវឌ្ឍន៍ធ្វើឲ្យ កាន់តែល្អប្រសើរជាង ជំនាន់ដើមទៅទៀត។ នាឡិកាឆ្លាតវៃថ្មីនេះ ក៏បានភ្ជាប់មកនូវ Bluetooth 5.0 និង NFC សម្រាប់បង់ប្រាក់ផ្សេងៗ ហើយថែមទាំងមាន GPS សម្រាប់តាមដាន លំហាត់ប្រាណ ដោយមិនត្រូវការ ស្មាតហ្វូនរបស់អ្នកឡើយ។

 

 

លើសពីនេះទៅទៀត Samsung ក៏បានបន្ថែមមុខងារ ECG សម្រាប់ដំណើរការនៅលើ Galaxy Watch Active 2 ដើម្បីវាស់សកម្មភាពអគ្គិសនី នៃបេះដូងរបស់អ្នក ដោយប្រើអេឡិចត្រូត និងមានអត្ថប្រយោជន៍ល្អ សម្រាប់អ្នកដែលមាន សម្ពាធឈាមឡើងខ្ពស់ ប៉ុន្ដែមុខងារថ្មីមួយនេះ មិនទាន់ដាក់ឲ្យប្រើប្រាស់ ក្នុងពេលចេញលក់ដំបូងនោះទេ។ ចំណែកឯលើផ្នែក Software គឺវាដំណើរការដោយ Tizen OS ដែលអភិវឌ្ឍន៍ឡើងដោយ Samsung ផ្ទាល់តែម្ដង ហើយវាអាចប្រើបានទាំង ស្មាតហ្វូនដើរដោយ iOS និង Android ថែមទៀតផង។ ចំពោះតម្លៃដាក់លក់ចំនួន 279 ដុល្លារ គឺជាតម្លៃមកពីប្រទេសក្រៅ ដូច្នេះខណៈពេលដែល នាឡិកាឆ្លាតវៃនេះ មកដល់ស្រុកយើង វាអាចនឹងផ្លាស់ប្ដូរផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត