CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S6 ប្រកាស​ចេញ​ជា​ផ្លូវ​ការ ប្រើ​ឈីប Snapdragon 855 មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ជាមួយ​ប៊ិច S Pen កាន់​តែ​ទំនើប

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានបញ្ចេញ វីដេអូបង្ហាញថ្ងៃប្រកាស ផលិតផលថ្មីកាលពីម្សិលមិញ ពេលនេះ Samsung បានដាក់បង្ហាញ Galaxy Tab S6 ជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការហើយ ដែលនេះគឺជាថេប្លេត Flagship ស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung សម្រាប់ឆ្នាំនេះ និងជាអ្នកស្នងតំណែងពី Galaxy Tab S4។ ចាប់តាំងពី Samsung បានដាក់លក់ Galaxy Tab S5e រួចរាល់ នៅដើមឆ្នាំនេះ អញ្ចឹងល្មមដល់វេនរបស់ថេប្លេត Flagship ជំនាន់ថ្មីនេះហើយ សម្រាប់វាយលុកទីផ្សារ ថេប្លេត នាពេលខាងមុខ។

 

 

Galaxy Tab S6 មានអេក្រង់ទំហំ 10.5 អ៊ីញ ជាប្រភេទអេក្រង់ Super AMOLED មានកម្រិតបង្ហាញរូបភាព 1600 x 2560 ភិចសែល ដោយបានបំពាក់នូវបន្ទះឈីប របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855 មាន GPU ជាប្រភេទ Adreno 640 ជាមួយជម្រើសរ៉េមទំហំ 6GB សម្រាប់អង្គផ្ទុកទិន្នន័យ 128GB និងរ៉េម 8GB ចំពោះអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 256GB និងអាចបន្ថែម ទំហំផ្ទុកខាងក្រៅ បានរហូតដល់ទៅ 1TB។

 

 

ងាកមកផ្នែកកាមេរ៉ាវិញ Galaxy Tab S6 គឺជាថេប្លេតដំបូងគេ ដែលក្រុមហ៊ុន Samsung បានបំពាក់កាមេរ៉ាខាងក្រោយដល់ទៅ 2 គ្រាប់ ដោយគ្រាប់ទីមួយ ជាលេនដើម មានទំហំ 13 មេហ្គាភិចសែល Aperture f/2.0 រីឯមួយគ្រាប់ទៀត ជាលេនទូលាយ កម្រិត 123 ដឺក្រេ ទំហំ 5 មេហ្គាភិចសែល មាន Aperture f/2.2 និងមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 8 មេហ្គាភិចសែល មាន Aperture f/2.0 ហើយថែមទាំងមាន ប៊ិច S Pen ដែលអាចឆក់ជាប់ ខ្នងខាងក្រោយ ក្រោមកាមេរ៉ា ជាមួយមុខងារកាន់តែទំនើប ទៀតផង។

 

 

លើសពីនេះ Galaxy Tab S6 មានវិមាត្រ 244.5 x 159.5 x 5.7 មីលីម៉ែត្រ ជាមួយទម្ងន់ 420 ក្រាម និងមានថាមពលថ្មទំហំ 7,040mAh ដែលអាចបញ្ចូលថ្មលឿន តាមរយៈដុំសាកទំហំ 18W។ ជាងនេះទៅទៀត វាបានបំពាក់ បាសបំពងសំលេងរបស់ AKG ចំនួន 4 គ្រាប់ ជាមួយការ Supports មុខងារ Dolby Atmos និងកាន់តែពិសេសទៀតនោះ វាក៏មានបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ នៅពីក្រោមអេក្រង់ ថែមទៀតផង។ ប៉ុន្ដែយ៉ាងណា Galaxy Tab S6 មិនមានរន្ធដោតកាស 3.5mm ដូចជំនាន់មុនទៀតឡើយ ព្រោះថា Samsung បានដកចេញ តាំងពីនៅលើ Galaxy Tab S5e មកម្លេះ ដូច្នេះ នេះមិនមានអ្វីគួរអោយ ភ្ញាក់ផ្អើលទេ។ 

 

 

ជាចុងក្រោយ Galaxy Tab S6 ជំនាន់ថ្មីនេះ ត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ស្រោបដោយស្បែក Interface One UI ចេញពីប្រអប់ស្រាប់តែម្ដង និងជម្រើសប្រើស៊ីម 4G LTE បាន នឹងចេញនៅចុងឆ្នាំនេះ។ វាមានជម្រើស 3 ពណ៌ សម្រាប់អោយជ្រើសរើស រួមមានពណ៌ប្រផេះ, ផ្កាឈូក និងពណ៌ខៀវ ជាដើម ដែលវាមានតម្លៃនៅ ក្រៅស្រុកប្រមាណជា ចាប់ពី 649 ដុល្លារ ឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ថេប្លេត