CAMBO REPORT

Popup Advertising5 seconds

Samsung ប្រកាសថ្ងៃដាក់បង្ហាញ Galaxy Tab S6 និង Galaxy Watch Active 2 ជា​ផ្លូវ​ការហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈក្រោយមកនេះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាទទួលបាននូវព័ត៌មានដែលទាក់ទងជាមួយ រចនាបថ និង លក្ខណៈសម្បត្តិ ព្រមទាំងរូបភាពបែកធ្លាយ មួយចំនួនពី Galaxy Tab S6 ជំនាន់ក្រោយ និង នាឡិកាវៃឆ្លាតជំនាន់ទី 2 ក្នុងត្រកូល Galaxy ដូចគ្នានោះគឺ Galaxy Watch Active 2 ហើយ។ យ៉ាងណាក្តី រាល់ព័ត៌មានដែលយើងបាន រាយការណ៍កន្លងមក ឃើញថាសុទ្ធតែមិនទាន់បានបញ្ជាក់ កាលបរិច្ឆេទច្បាស់លាស់ ពីថ្ងៃប្រកាសចេញនូវ គ្រឿងអេឡិចត្រូនិច ទំនើបទាំងពីរនេះទេ។ ប៉ុន្តែយើងអាចរំពឹងទុកថា Samsung នឹងបង្ហាញផលិតផល ជំនាន់ក្រោយរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។

 

ជាក់ស្តែង ថ្ងៃនេះផ្ទាល់តែម្តង ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានធ្វើការបង្ហើបពីថ្ងៃប្រកាសចេញនៃ ត្រកូល Galaxy ទាំងពីរហើយ ដោយ Galaxy Tab S6 នឹងប្រកាសចេញក្នុងថ្ងៃទី 31 ខែកក្កដានេះតែម្តង ខណៈ Galaxy Watch Active 2 នឹងប្រកាសចេញក្នុងខែក្រោយនេះ នៅថ្ងៃទី 5។ 

 

 

 

 

គួររំលឹកឡើងវិញថា Galaxy Tab S6 គឺជាថេប្លេតដំបូងបង្អស់របស់សាមសុង នឹងបំពាក់កាមេរ៉ាភ្លោះ នៅខាងក្រោយ ដែលប្លែកពីគ្រួសារ ថេប្លេតមុនៗ ហើយមានប៊ិច S-Pen អាចប្រើប្រាស់ ប៊្លូធូសនិង ឆក់ជាមួយសន្ទះខាងក្រោយ នៃថេប្លេត។ លើសពីនេះ បើយោងតាមឃ្លីបវីដេអូខាងលើ ថេប្លេតជំនាន់ទី ៦ ពិតជាមានភ្ជាប់មកជាមួយ ក្តារចុចទៀតផង ដែលមើលទៅដូចជាត្រូវបាន បែងចែកជាពីរផ្នែក ដោយម្ខាងត្រូវបានភ្ជាប់ ជាមួយផ្នែកខាងក្រោយ សម្រាប់ដាក់ទ្រឲ្យទ្រេត និងម្ខាងទៀត ភ្ជាប់នៅផ្នែកខាងមុខ គឺជាក្តារចុចតែម្ដង។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ថេប្លេតជំនាន់ថ្មីនេះ អាចប្រើប្រាស់បន្ទៈឈីប លំដាប់កំពូលរបស់ Qualcomm គឺ Snapdragon 855 ដោយមានបំពាក់រ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB ដែលត្រូវបានគេរំពឹងទុកថា អាចនឹងមាន LTE និង Wi-Fi នៅក្នុងម៉ាស៊ីនតែមួយផងដែរ។

 

 

រីឯ នាឡិកាឆ្លាតវៃ Galaxy Watch Active 2 ក៏អាចជានាឡិកាដំបូង ដែលមានអេក្រង់ធំជាងមុន និង អាចប៉ះតាមគែមរបស់វាបាន ហើយវានឹងបន្ថែម មកនូវមុខងារថ្មីៗមួយចំនួន ដូចជា មុខងារ ECG តាមដានសុខភាពបេះដូង ដែលយើងធ្លាប់ឃើញមក ហើយនៅលើ Apple Watch Series 4។ ជាការពិតណាស់ មុខងារ ECG នេះ ពិតជាជួយដល់យើងបានច្រើន ក្នុងការវាស់ចង្វាក់បេះដូង ហើយបើបេះដូងយើងដើរ មិនសូវស្រួល ដើរលឿន ឫយឺត ខុសពីធម្មតា នោះមុខងារនេះ នឹងលោតដំណឹងប្រាប់យើងភ្លាមៗ តែម្តង។

 

 

សរុបមក នៅសល់ពេលមិនយូរទៀតទេ យើងប្រាកដជាបានឃើញនូវ រូបរាងពិតនៃ Galaxy Tab S6 និង Galaxy Watch Active 2 ហើយ។ ដូចច្នេះ សម្រាប់បងប្អូនណា ដែលធ្លាប់មានអារម្មណ៍ចាប់ចិត្ត ជាមួយវាទាំងពីរ តើអ្នកទាំងអស់គ្នា បានត្រៀមខ្លួន និង ត្រៀមលក្ខណៈ រួចរាល់ហើយឫនៅ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ថេប្លេត