CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ឆ្លាត​វៃ​ជា​ឧបករណ៍​ដំបូង​គេ ដែល​ដើរ​ដោយ HongMeng OS

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានធ្វើការបង្ហើប អស់រយៈពេលប្រហែល ជិតកន្លះឆ្នាំមកនេះ នៅទីបំផុត Huawei បានប្រកាសចេញឧបករណ៍ដំបូង ដែលអាចប្រើប្រាស់ ប្រព័ន្ធប្រតិបតិ្តការ HongMeng OS បានហើយ ក៏ប៉ុន្ដែមិនមែនជា ស្មាតហ្វូន ដូចមនុស្យជាច្រើន បានយល់ឃើញនោះទេ។ ហាក់បីដូចជាការសន្មត់ កាលពីមុនអញ្ចឹងដែរ ដោយវាគឺជាទូរទស្សន៍ឆ្លាតវៃ និងត្រូវបាន Huawei ដាក់បង្ហាញជាផ្លូវការ នៅឯព្រឹតិ្ដការណ៍ស្មាតហ្វូន 5G ក្នុងប្រទេសចិន កាលពីសប្ដាហ៍មុននេះ។

នាយកប្រតិបត្តិ Huawei លោក Richard Yu បាននិយាយប្រាប់អំពី ទូរទស្សន៍ឆ្លាតវៃដំបូងរបស់ខ្លួន និងត្រូវបានហៅថា “Smart Screens” ដើម្បីក្លាយជា មជ្ឈមណ្ឌលកម្សាន្ដ និងអាចក្លាយជាឧបករណ៍ សម្រាប់ធ្វើការទំនាក់ទំនង នៅក្នុងបន្ទប់ទទួលភ្ញៀវ របស់អតិថិជនទាំងឡាយ។ អ្វីដែលពិសេសបំផុតនោះ ទូរទស្សន៍ឆ្លាតវៃថ្មីនេះ គឺវាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ HongMeng OS និងមានគម្រោងចេញលក់ នៅខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះ Huawei មិនទាន់បានដាក់បង្ហាញ អំពីមុខងារពិសេសរបស់ HongMeng OS នៅឡើយនោះទេ ដូច្នេះហើយយើងត្រូវរង់ចាំ រហូតដល់ខែក្រោយ នៅពេលប្រកាសចេញលក់ ជាផ្លូវការតែម្ដង។

តាំងតែពីដំបូងមក Huawei បាននិយាយប្រាប់ថា តាមពិតទៅខ្លួនបាន ចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ HongMeng OS យូរណាស់មកហើយ ដើម្បីជំនួសប្រព័ន្ធប្រតិបត្តិការ Android និងបានស្នើរសុំពាណិជ្ជសញ្ញា នៅក្នុងប្រទេសជាច្រើនផងដែរ។ ទោះបីជាយ៉ាងណាក្ដី កាលពីដើមខែកក្កដានេះ Huawei ហាក់បីដូចជាបាន បញ្ច្រាស់ពាក្យសម្ដីវិញ ដោយមានបំណងចង់ប្រើប្រាស់ Android លើស្មាតហ្វូនរបស់ខ្លួនដដែល និងសង្ឃឹមថាការហាមឃាត់ របស់សហរដ្ឋអាមេរិក នឹងត្រូវដកចេញ ថែមទៀតផង។ 

សរុបមក ប្រព័ន្ធប្រតិបត្តិការ HongMeng OS គឺមិនមែនសម្រាប់ ប្រើប្រាស់លើស្មាតហ្វូន ពេលចេញដំបូងនោះទេ ក៏ប៉ុន្ដែបែរជា សម្រាប់ប្រើលើ ទូរទស្សន៍ឆ្លាតវៃទៅវិញ ដែលត្រៀមចេញលក់ នៅខែសីហាឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់ពេលបច្ចុប្បន្ន Huawei មិនបានបង្ហើបអ្វីឡើយ អំពីប្រព័ន្ធប្រតិបត្តិការថ្មីនេះ ដូច្នេះបើសិនជាមានពត៌មាន ដែលទាក់ទងបន្ថែមទៀត ក្រុមការងារ ខេមបូ រីផត នឹងព្យាយាមចេញផ្សាយជូន នៅពេលក្រោយទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរទស្សន៍